សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង យាងប្រគេនទេយ្យទានដ៏ថ្លៃថ្លាផ្ទាល់ដល់ព្រះសង្ឃភៀសសឹក ១៤០០អង្គ នៅខេត្តបន្ទាយមានជ័យ
06-01-2026 15:31
(បន្ទាយមានជ័យ)៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរដោយសម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ប្រតិភូសង្ឃជាន់ខ្ពស់ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានយាងមកសំណេះសំណាល សួរសុខទុក្ខ និងប្រគេនទេយ្យទានដ៏ថ្លៃថ្លាផ្ទាល់ដល់ព្រះសង្ឃភៀសសឹកចំនួន ១៤០០អង្គ នៅខេត្តបន្ទាយមានជ័យ។
ពិធីនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំ និងជាព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម(តាសុត), លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉េវ ម៉ាល័យ កែ គឹមយ៉ាន, លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ កែ សួនសុភី ស សុខា, អ្នកឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ សុខ អ៉ីម, អ្នកឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា, លោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, លោក នាក់ សំបូរ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា, លោក សុខ សំអាង រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, លោក ណុប ចន្ថារិទ្ធ អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, លោក ទន់ ផាន់លី ប្រធានផ្នែករដ្ឋបាលនិងគណនេយ្យ នៃអគ្គាធិការដ្ឋានពុទ្ធិក សិក្សាជាតិ, លោក ចៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ, លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ។
ជាកិច្ចចាប់ផ្ដើម លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងពីស្ថានភាពក្នុងខេត្តអំឡុងសង្គ្រាម ២១ថ្ងៃ ដែលធ្វើឱ្យខេត្តបន្ទាយមានជ័យមានជនភៀសសឹកច្រើនជាងគេ រហូតដល់ទៅរង្វង់ ២០ម៉ឺននាក់។
លោក បានបន្តថា ក្រោយបទឈប់បាញ់ថ្ងៃ២៧ធ្នូ ប្រជាពលរដ្ឋភៀសសឹកមួយចំនួន បានត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ក៏ប៉ុន្តែប្រជាពលរដ្ឋ៦ភូមិ ដូចជា ភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ពុំទាន់អាចវិលទៅបាននោះទេ។
ហេតុនេះហើយទើបក្រុមការងារ រដ្ឋបាលខេត្ត បានរៀបចំសម្របសម្រួលទីតាំងជនភៀសសឹកសម្រាប់ភូមិទាំង៦នេះ ជាបណ្ដោះអាសន្នទំរាំមានសុវត្ថិភាពឡើងវិញ។
លោក ក៏បានអរព្រះរាជគុណ សម្ដេចព្រះសង្ឃនាយក ដែលបានយាងមកដោយផ្ទាល់ប្រគេនទេយ្យទានដល់ព្រះសង្ឃភៀសសឹក ១៤០០អង្គ នាពេលនេះ។
ជាមួយគ្នានេះដែរ សម្ដេច បានមានព្រះរាជបន្ទូល ស្នើឱ្យរដ្ឋបាលខេត្ត រៀបចំវត្តពោធិ៍វាល ដើម្បីជាកន្លែងសិក្សាសម្រាប់ព្រះសង្ឃភៀសសឹក ដែលពុំទាន់អាចនិមន្តទៅវត្តអារាមទីសំណាក់វិញបាន។
សម្ដេច មានព្រះបន្ទូលផ្ដាំផ្ញើដោយទទូចដល់មន្ត្រីសង្ឃទាំងអស់ រៀបចំបន្តការសិក្សាសំខាន់ មិនអាចឱ្យបោះបង់ចោលនោះទេ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ឆ្ពោះទៅរកអនាគតភ្លឺស្វាង។
បន្ថែមពីនេះ សម្ដេច ក៏មានព្រះបន្ទូលបន្តថា គណៈសង្ឃនាយក គណៈសង្ឃនិកាយ បានបង្កើតមូលនិធិចូលរួមជាមួយរាជរដ្ឋាភិបាល ឧបត្ថម្ភដល់ជនភៀសសឹក និងវីរកងទ័ពរបស់យើង។
មុននឹងបញ្ចប់ សម្ដេច រួមជាមួយគណៈសង្ឃ និងព្រះសង្ឃទាំង ១៤០០អង្គ បានធ្វើពិធីបង្សុកូល ឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាក្ខន្ដរបស់វីរកងទ័ព យុទ្ធជនពលីក្នុងសមរភូមិសង្គ្រាម ២១ថ្ងៃ រវាងកម្ពុជាថៃ ដែលបង្កដោយយោធាថៃ៕





































































