សហជីពនៅកម្ពុជា អំពាវនាវឱ្យអតីតពលករមកពីថៃស្វែងរកឱកាសការងារក្នុងស្រុក ខណៈឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៦៣០ និងអាចបង្កើតការងារជាង ៤៣ម៉ឺនកន្លែង

06-01-2026 16:40

(ភ្នំពេញ)៖ ក្រុមសហជីពនៅកម្ពុជា បានអំពាវនាវឱ្យបងប្អូនអតីតពលករត្រឡប់មកពីថៃ ស្វែងរកឱកាសការងារក្នុងស្រុក ស្របពេលដែលប្រទេសកម្ពុជា ទទួលបានគម្រោងវិនិយោគជាង៦០០ និងអាចបង្កើតការងារជាង ៤៣ម៉ឺនកន្លែង កាលពីឆ្នាំ ២០២៥កន្លងទៅនេះ។

គិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ ឱកាសការងារដែលនៅសល់មានប្រមាណ ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ បន្ថែមលើនេះ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ពេញមួយឆ្នាំ២០២៥កន្លងទៅនេះ ប្រទេសកម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន៦៣០ ក្នុងទុនវិនិយោគប្រមាណ ១០ប៊ីលានដុល្លារ និងអាចបង្កើតការងារជាង ៤៣ម៉ឺនកន្លែង។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងនៅថ្ងៃទី៦ ខែមករានេះថា ការដែលប្រទេសកម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន៦៣០ និងអាចបង្កើតការងារជាង ៤៣ម៉ឺនកន្លែងនោះ គឺជាចំណុចវិជ្ជមានដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករត្រឡប់មកពីថៃ ដោយពួកគាត់មិនចាំបាច់បារម្ភថា ខ្វះការងារធ្វើក្នុងស្រុកនោះឡើយ។

លោកបានបន្តថា ការទទួលបានគម្រោងវិនិយោគថ្មីៗជាច្រើន ហើយដែលអាចបង្កើតការងាររាប់សែនកន្លែងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ហើយក៏បានបង្ហាញអំពីទំនុកចិត្តរបស់អ្នកវិនិយោគមកលើប្រទេសកម្ពុជាដែរ។ មេសហជីពរូបនេះ បានបញ្ជាក់ថា នាដើមខែមករា ឆ្នាំ២០២៦នេះ មានឱកាសការងារនៅសល់ប្រមាណ ៨ម៉ឺនកន្លែង ហើយឱកាសការងារនឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីគម្រោងវិនិយោគខាងលើនេះ ចាប់ផ្ដើមដំណើរការជាបន្តបន្ទាប់។ ដូច្នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃ គួរតែស្វែងរកឱកាសការងារក្នុងស្រុក ដែលទទួលបានប្រាក់ឈ្នួលសមរម្យ និងមានអត្ថប្រយោជន៍ជាច្រើន។

លោក សំ សឿន បានបញ្ជាក់បែបនេះថា៖ «ដូចនេះ សូមបងប្អូនអតីតពលករ សូមងាកមករកឱកាសការងារដ៏ច្រើនសន្ទឹកសន្ទាប់ប្រមាណជាជាងកន្លះលាននាក់ ដែលត្រៀមរង់ចាំបងប្អូនរួចជាស្រេច ចឹងបងប្អូនទទួលបានឱកាសការងារ ទទួលបានប្រាក់ឈ្នួល និងទទួលបាននូវលក្ខខណ្ឌការងារកាន់តែល្អប្រសើរ និងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូន កាន់តែមានភាពរីកចម្រើនទៅមុខជាលំដាប់»

ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានបន្ថែមថា ការទទួលបានគម្រោងវិនិយោគជាង ៦០០ ដែលអាចបង្កើតការងារជាង ៤៣ម៉ឺនកន្លែងនោះ គឺជាសញ្ញាណវិជ្ជមានដ៏ល្អមួយ សម្រាប់សេដ្ឋកិច្ចជាតិ និងទីផ្សារការងារនៅកម្ពុជា ព្រមទាំងបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគមកលើប្រទេសកម្ពុជា ផងដែរ។

លោកបានបន្ថែមទៀតថា «ការបង្កើតការងារជាង ៤៣ម៉ឺនកន្លែង វាគឺជាឱកាសដ៏ល្អ ហើយមានតម្លៃណាស់សម្រាប់ពលរដ្ឋ ជាពិសេសយុវជនយើង ហើយសំខាន់ទៀតនោះគឺអតីតពលករដែលបានត្រឡប់មកពីប្រទេសថៃ ឱ្យមានការងារធ្វើនៅក្នុងស្រុក មានប្រាក់ចំណូលស្ថេរភាព»

ជាមួយគ្នានេះ លោក អ៊ុន ដារ៉ា ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់អតីតពលករត្រឡប់មកពីប្រទេសថៃ ស្វែងរកឱកាសការងារនៅក្នុងស្រុកដែលបច្ចុប្បន្ននៅសល់ប្រមាណ ៨ម៉ឺនកន្លែង ហើយនឹងមានជាបន្តបន្ទាប់ទៀត ក្រោយគម្រោងវិនិយោគខាងលើនេះដំណើរការ។ លោកថា បងប្អូនអតីតពលករអាចស្វែងរកឱកាសការងារទាំងនោះតាមរយៈមណ្ឌលការងារ និងសេវាផ្គត់ផ្គង់ការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬក៏អាចទាក់ទងតំណាងសហជីព និងអ្នកពាក់ព័ន្ធក្នុងវិស័យការងារ។

ទាំងលោក សំ សឿន និងលោក អ៊ុន ដារ៉ា បានលើកឡើងថា បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលទទួលបានការងារធ្វើក្នុងស្រុក បានបង្ហាញអារម្មណ៍រីករាយ និងអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ ដែលបានយកចិត្តទុកដាក់ក្នុងការស្វែងរកឱកាសការងារជូនពួកគាត់ ដោយទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ជាច្រើន៕