មន្ទីរព័ត៌មានខេត្តបាត់ដំបង បើកយុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយក្នុងសង្គម

06-01-2026 16:45

(បាត់ដំបង)៖ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានដឹកនាំមន្ដ្រីរាជការបើកយុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយក្នុងសង្គម។ សម្រាប់ខេត្តបាត់ដំបងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ ធ្វើឡើងរយៈពេលពេញមួយខែមករា ឆ្នាំ២០២៦នេះ ក្នុងគោលបំណងពង្រឹងស្មារតី និងធានាថា ប្រជាពលរដ្ឋទទួលបានព័ត៌មានដែលត្រឹមត្រូវ មានប្រភពច្បាស់លាស់។

លោកប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានបន្តថា គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែជះឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សា ដែលបណ្តាលឲ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឲ្យមានការបែក បាក់សាមគ្គីភាពក្នុងសង្គម ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវស្វែងយល់ព័ត៌មានឲ្យបានច្បាស់លាស់មុននឹងធ្វើការផុស ឬShare ចែកចាយបន្តទៀត ដើម្បីកុំឲ្យមានការបំផ្លាញដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

យុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តបាត់ដំបង ទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងពីមន្រ្តីរាជការ ប្រជាពលរដ្ឋ អាជីវករ និងសិស្សានុសិស្ស។ សិស្សានុសិស្ស នៃវិទ្យាព្រះមុនីវង្ស លើកឡើងថា ព័ត៌មានក្លែងក្លាយ គឺបានមកពីប្រភពព័ត៌មានមិនច្បាស់លាស់ ដែលប្រភពនោះបានមកពីការផ្សព្វផ្សាយពីក្រុម MMO មួយចំនួន ដែលពួកគេចង់ បាន Like Comment Share ឬ Views ក្នុងការរកប្រាក់ចំណូលពីការបង្កើតមាតិការរបស់ខ្លួនតែប៉ុណ្ណោះ។

ជាមួយគ្នានោះ អាជីវករនៅផ្សារថ្មី ក្រុងបាត់ដំបង លើកឡើងថា មុននឹងជឿជាក់លើព័ត៌មានអ្វីមួយត្រូវពិចារណាឲ្យបានច្បាស់លាស់ និងសូមពិនិត្យផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់មុនចែកចាយបន្ត។

សូមរំលឹកថា យុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ បានចាប់ផ្តើមចេញពីចំណុចកណ្តាលនៅក្រសួងព័ត៌មាន បន្តមកគឺចាប់ផ្តើមចេញពីមន្ទីរព័ត៌មានរាជធានីភ្នំពេញ និងបន្តបន្ទាប់តាមបណ្តាខេត្ត ហើយខេត្តបាត់ដំបង គឺជាគោលដៅទី១០។ គោលដៅនៃយុទ្ធនាការនេះ គឺផ្ដោតលើការផ្លាស់ប្ដូរឥរិយាបទរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា៕