«មូលនិធិសប្បុរសធម៌កម្លាំងមហាសាមគ្គីនគរបាលជាតិ» ទទួលបានអំណោយពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន
06-01-2026 16:50
(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបានការឯកភាពពីលោកស្រីឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកស្រីឧត្តមសេនីយ៍ទោ សុនច័ន្ទ ភួងម៉ាឡា អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានអញ្ជើញទទួលអំណោយពីតំណាងលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។
អំណោយរួមមាន ថវិកាចំនួន២៦,៥០០,០០០រៀល, អង្ករ១,២០០គីឡូក្រាម, មីកញ្ចប់៥៥កេស, ទឹកបរិសុទ្ធ២០កេស និង១០០យួរ, ទឹកស៉ីអ៉ីវ២០យួរ, ឆៃប៉ូវ១០គីឡូក្រាម, នំខ្ចី១០គីឡូក្រាម និងចេកឆាប១០គីឡូក្រាម។
លោកស្រីឧត្តមសេនីយ៍ទោ សុនច័ន្ទ ភួងម៉ាឡា បានថ្លែងថា អំណោយដែលអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានពីនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នាពេលនេះ ក៏ដូចជាពីសប្បុរសជននាពេលកន្លងមក គឺដើម្បីគាំទ្រដល់ «មូលនិធិសប្បុរសធម៌កម្លាំងមហាសាមគ្គីនគរបាលជាតិ» ជាការរួមចំណែកក្នុងការគាំទ្រដល់វីរកងទ័ព និងវីរនគរបាលជាតិជួរមុខ រួមនិងប្រជាពលរដ្ឋភៀសសឹកផងដែរ។
លោកស្រីឧត្តមសេនីយ៍ទោ សុនច័ន្ទ ភួងម៉ាឡា ក្នុងនាមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏ដូចជាលោកស្រីអគ្គស្នងការរងនគរបាជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧត្តមសេនីយ៍ទោ ប៉ុក ច័ន្ទណារិទ្ធ តំណាងលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីទាំងអស់។
សូមបញ្ជាក់ថា ទីកន្លែងទទួលជំនួយមានទីតាំងនៅអគារអង្គភាពការពារ និងហែអម នាយកដ្ឋានអង្គរក្ស ខាងត្បូងជាប់របងសាលាបឋមសិក្សាចតុមុខ៕







