លោក ហែម សុវត្ថិ បានដឹកនាំគណៈប្រតិភូចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងបងប្អូនសហគមន៍ខ្មែរប្រចាំទីក្រុង Troyes ប្រទេសបារាំង

06-01-2026 16:53

(Troyes, បារាំង)៖ នារសៀលថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦ លោក ហែម សុវត្ថិ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកតំបន់ Troyes និង Centre-val de Loire ប្រទេសបារាំង បានដឹកនាំគណៈប្រតិភូ ចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយប្រធាន អនុប្រធាន និងសមាជិក-សមាជិកាសាខាគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនសហគមន៍ខ្មែរ ប្រចាំទីក្រុង Troyes ប្រទេសបារាំង ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក លុយ ដេវីត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណៈបារាំង និងជា ឯកអគ្គរាជទូតខ្មែរប្រចាំសាធារណៈរដ្ឋបារាំង និងមានការចូលរួមពីបងប្អូនប្រជាជនខ្មែរសរុបជាង២០០នាក់។

នាឱកាសនោះ លោក ហែម សុវត្ថិ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងការនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅកាន់សមាជិក-សមាជិកា នៃសាខាគណបក្សប្រចាំទីក្រុង Troyes រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបទូទាំងទ្វីបអឺរ៉ុប។

លោក ហែម សុវត្ថិ បានបង្ហាញការដឹងគុណដល់ វីរៈកងទ័ព វីរៈនគរបាលជាតិដែលបានពលីចំពោះបុព្វហេតុកិច្ចការពារបូរណភាពទឹកដី ពីយោធាថៃដែលបានឈ្លានពាន និងបំផ្លិចបំផ្លាញ មកលើដែនអធិបតេយ្យភាពកម្ពុជា យ៉ាងកំរោល។

លោកក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែរមកពីគ្រប់និន្នាការនយោបាយត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ បន្តពហិការឈប់ប្រើប្រាស់ផលិតផលសៀម និងចូលរួមទាំងអស់គ្នាក្នុងការកសាងធនធានមនុស្សរបស់កម្ពុជា ដើម្បីបង្កើនឱកាសអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ព្រមទាំងបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការថ្នាក់ជាតិ និងអន្តរជាតិ។

ជាចុងក្រោយ លោក ហែម សុវត្ថិ បានថ្លែងអំណរគុណបងប្អូនខ្មែរសរុបប្រមាណ ២,៥០០នាក់ ដែលបានចូលរួមសម្តែងមតិក្នុងនាមជាពលរដ្ឋខ្មែរ កាលទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបង្ហាញពិភពលោកបានដឹងពីសកម្មភាពឈ្លានពានរបស់យោធាសៀម និងអរគុណដល់បងប្អូនសប្បុរសជនដែលបានជួយជា ថ្នាំសង្កូវ និងសម្ភារៈ តាមរយៈក្រុមការងារ ជូនដល់កងកម្លាំងជួរមុខនាពេលកន្លងមក៕