មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព ការងារស្ថាបនាផ្លូវ លូ ផ្លាកឈ្មោះផ្លូវ ២គម្រោង នៅក្នុងខេត្តតាកែវ និងខេត្តកំពង់ចាម

06-01-2026 16:55

(កំពង់ចាម)៖ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មាការអន្តរក្រសួងរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះផ្លូវចំនួន ២គម្រោង ស្ថិតនៅខេត្តតាកែវ និងខេត្តកំពង់ចាម។

ចំពោះគម្រោងផ្លូវទាំង ២គម្រោងនេះ រួមមាន៖ ទី១, ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៤ ៤០០ម៉ែត្រ ទទឹង ៨ម៉ែត្រ, និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិស្តេចពាន់ ទៅភូមិវាល ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្ត តាកែវ។ ចំណែកគម្រោងទី២, ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៣ ៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗដូចគ្នា ស្ថិតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម គម្រោងទាំងពីរនេះ អនុវត្តដោយនាយកដ្ឋាន វិស្វកម្ម ក្រសួងការពារជាតិ។

នាឱកាសនោះលោក ផូ ផារិទ្ធ បានបញ្ជាក់ឱ្យដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតាមជនបទ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការផ្តល់សេវាសង្គមនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពប្រជាជននៅជនបទឱ្យកាន់តែប្រសើរ តាមរយៈការ ស្តារ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជញ្ជូននៅជនបទ សំដៅធានាដល់ការប្រើប្រាស់យូរអង្វែង។

លោករដ្ឋលេខាធិការ ផូ ផារិទ្ធ ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងលើការងារស្ថាបនាផ្លូវ របស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើគម្រោងនៃការថែទាំសុពលភាព ប្រកបដោយគុណភាពខ្ពស់ និងបានឯកភាពទទួលយក ១០០% លើគម្រោងផ្លូវនៅក្នុងខេត្តទាំងពីរខាងលើនេះ។

លោក ផូ ផារិទ្ធ ក៏បានចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅជនបទ ពិតជាមានសារៈសំខាន់បំផុត សម្រាប់ការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនកសិផល ជាក់ស្តែងនៅខេត្តកំពង់ចាម គឺជាខេត្តមួយដែលមានការដាំដុះដំណាំកសិកម្មជាច្រើន ដូច្នេះតាមរយៈនៃការអភិវឌ្ឍបណ្តាញផ្លូវនៅមូលតាមមូលដ្ឋានខាងលើនេះ គឺជាការចាំបាច់បំផុតសម្រាប់ការដឹកជញ្ជូនសម្ភារៈ កសិកម្មទៅកាន់ចម្ការ និងដឹកជញ្ជូនកសិផលនៅក្នុងរដូវប្រមូលផលជាដើម៕