អភិបាលស្រុកស្ទោង លើកទឹកចិត្តគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ ដល់វីរៈកងទ័ពជួរមុខដែលបានមកដល់មូលដ្ឋានខ្លួន
06-01-2026 17:21
(កំពង់ធំ)៖ អភិបាលស្រុកស្ទោង បានលើកទឹកចិត្តគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដល់វីរៈកងទ័ពជួរមុខដែលបានមកដល់មូលដ្ឋានខ្លួន។
លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាស ដែលលោកអញ្ជើញនាំយកអំណោយរបស់លោក ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ ជួបសំណេះសំណាលសួរសុខទុក្ខ លើកទឹកចិត្តវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺ និងរបួសនៅក្នុងគេហដ្ឋាន និងនៅក្នុងមន្ទីរពេទ្យបង្អែកស្ទោង កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៦។
លោកបានណែនាំគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង និងអាជ្ញាធរភូមិឃុំ ត្រូវរាយការណ៍នឹងធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពវីរៈកងទ័ព ឬជនភៀសសឹកដែលបានមកដល់មូលដ្ឋានរបស់ខ្លួនឱ្យបានទៀងទាត់ និងជាប់ជាប្រចាំថ្ងៃ ដើម្បីជាមូលដ្ឋានក្នុងការជួយសង្គ្រោះផ្សេងៗ ក្នុងនាមសមរភូមិក្រោយដែលកៀកកើយជាមួយសមរភូមិមុខគ្រប់កាលៈទេសៈ ដែលជាការតបស្នងសងគុណយ៉ាងក្រៃលែងបំផុត ដល់ការលះបង់ និងពលីសព្វបែបយ៉ាងរបស់វីរៈកងទ័ពជួរមុខក្នុងបុព្វហេតុជាតិមាតុភូមិ និងបូរណៈភាពទឹកដីព្រមទាំងសុខសន្តិភាព។
ជាមួយគ្នានេះ លោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក ថោ ជេដ្ឋា ដែលបាននិងកំពុងដឹកនាំអភិវឌ្ឍន៍ស្រុកស្ទោងនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងប្រព័ន្ធធានាសាស្ត្រស្អេកស្កះ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការ សំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភលើកទឹកចិត្តវីរៈកងទ័ពជួរមុខនិងជនភៀសសឹកដែលបានមកដល់មូលដ្ឋានស្រុកស្ទោងកន្លងមកនិងដូចក្នុងឱកាសនេះ។
ទន្ទឹមនឹងនេះ វីរៈកងទ័ពយើងទាំង៣នាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកសាយ គឹមឡម និងលោក ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលបាននិងតែងតែគិតគូរដល់សុខទុក្ខ សុខុមាលភាពនិងលើកទឹកចិត្តវីរៈកងទ័ពនិងជនភៀសសឹកគ្រប់ពេលវេលាក្នុងនាមសមរភូមិក្រោយ។
សូមបញ្ជាក់ថា អំណោយ និងថវិកាដែល ប្រគល់ជូននៅក្នុងឱកាសនេះម្នាក់ៗទទួលបាននូវ ថវិកា២០ម៉ឺនរៀល អង្ករ១បេ មី១កេស ទឹកត្រី១យួរ និងទឹកសុទ្ធ១កេសផងដែរ៕
















