Fresh Exclusive: ចិន គឺជាគន្លឹះតែមួយគត់ ក្នុងការរារាំង «ភ្លើងសង្គ្រាម» មិនឱ្យរាលដាលអាស៊ីអាគ្នេយ៍
06-01-2026 17:44
(ភ្នំពេញ)៖ អណ្តាតភ្លើងសង្គ្រាម អាចឆាបឆេះឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រសិនបើ «ដុំកម្ទេចភ្លើង» នៃជម្លោះរវាងកម្ពុជានិងថៃ មិនត្រូវបានគ្រប់គ្រងឱ្យបានទាន់ពេលវេលា។ ក្នុងករណីនោះ អាស៊ីអាគ្នេយ៍ អាចក្លាយជាសមរភូមិថ្មីមួយរបស់ពិភពលោក បន្ទាប់ពីភាពហេវហត់ និងការបរាជ័យក្នុងការដោះស្រាយសង្គ្រាមនៅទ្វីបអឺរ៉ុប និងមជ្ឈិមបូព៌ា ដែលកំពុងបន្តឆេះមិនទាន់ឃើញចំណុចបញ្ចប់នៅពេលនេះ។
សូមទស្សនាអត្ថបទវិភាគស៊ីជម្រៅរបស់ Fresh Exclusive៖
នៅពេលដែលទ្វីបអឺរ៉ុបកំពុងតែអស់កម្លាំងពីសង្គ្រាមអ៊ុយក្រែន ហើយមជ្ឈិមបូព៌ាកំពុងរអិលធ្លាក់ចូលទៅក្នុងវិបត្តិជាបន្តបន្ទាប់ សំណួរមួយកំពុងលេចឡើងយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែមានគ្រោះថ្នាក់ខ្លាំង៖ តើអាស៊ីអាគ្នេយ៍នឹងក្លាយជាវេទិកាសង្គ្រាមបន្ទាប់ ឬជាតំបន់ ដែលមហាអំណាចអាស៊ីជ្រើសរើសយកស្ថិរភាព?
ក្នុងបរិបទដែលសង្គ្រាមបានបំបាក់ឥទ្ធិពលរបស់អឺរ៉ុប និងធ្វើឱ្យតំបន់មហាសេដ្ឋីប្រេងនៅមជ្ឈិមបូព៌ាកាន់តែទន់ខ្សោយ ការកើតឡើងនៃជម្លោះកម្ពុជា-ថៃ មិនមែនជាបញ្ហាព្រំដែនធម្មតាទៀតឡើយ។ វាបានក្លាយជាចំណុចសាកល្បងយុទ្ធសាស្ត្ររបស់ចិន ក្នុងការរក្សាសន្តិភាព និងឥទ្ធិពលរបស់ខ្លួននៅអាស៊ី។
* អឺរ៉ុបថមថយ មជ្ឈិមបូព៌ាខ្សោយ អាស៊ីអាគ្នេយ៍ក្លាយជាគន្លឹះ
សង្គ្រាមអ៊ុយក្រែន បានបង្ហាញយ៉ាងច្បាស់ថា ទ្វីបអឺរ៉ុប មិនមែនជាគ្រឹះស្ថិរភាពសន្តិសុខរបស់ពិភពលោកដូចមុនទៀតឡើយ។ ភាពពឹងផ្អែកលើថាមពល ការបែកបាក់នយោបាយផ្ទៃក្នុង និងភាពហេវហត់អស់កម្លាំងយោធា បានធ្វើឱ្យឥទ្ធិពលអឺរ៉ុប ថមថយជាលក្ខណៈប្រព័ន្ធ។ ជាមួយគ្នានេះ មជ្ឈិមបូព៌ា ជាតំបន់ដែលធ្លាប់ជាគន្លឹះសេដ្ឋកិច្ចពិភពលោកក៏កំពុងរអិលចូលទៅក្នុងសង្គ្រាម និងវិបត្តិបន្តបន្ទាប់ ដែលធ្វើឱ្យតំបន់មហាសេដ្ឋីប្រេង កាន់តែទន់ខ្សោយនិងមិនអាចធានាស្ថិរភាពបានឡើយ។ ក្នុងស្ថានភាពនេះ អាស៊ីអាគ្នេយ៍ ក្លាយជាតំបន់តែមួយដែលនៅសល់សម្រាប់ស្ថិរភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយហើយក៏ជាតំបន់ដែលចិនមិនអាចបរាជ័យបានឡើយ។
* កម្ពុជា-ថៃ ភ្លើងតូចដែលអាចរាលដាល
ជម្លោះរវាងកម្ពុជា-ថៃ មិនមែនជាជម្លោះអារម្មណ៍ជាតិនិយមធម្មតាទេ។ វាជាជម្លោះដែលបង្កើតឡើងពី
- មហិច្ឆតាផែនទីឯកតោភាគីខុសច្បាប់របស់ថៃ ដែលចង់គ្រប់គ្រងលើទឹកដីខ្មែរ
- ការយល់ខុសអំពីច្បាប់អន្តរជាតិ
- ការដែលគិតថា ពិភពលោកកំពុងរវល់និងគ្មានអ្នកណាមករារាំង។
ការចូលរួមការទូតរបស់សហរដ្ឋអាមេរិក រួមទាំងការអន្តរាគមន៍របស់ ដូណាល់ ត្រាំ មុននេះមិនមានទម្ងន់គ្រប់គ្រាន់ដើម្បីរារាំងថៃ ពីការគិតនូវអំពើឈ្លានពានលើកម្ពុជាបានឡើយ។ សម្តីព្រមានរបស់សហរដ្ឋអាមេរិក ដែលគ្មានការចាត់វិធានការជាក់ស្តែង មិនអាចមានទម្ងន់បញ្ឈប់ថៃ ដែលងប់ងុលការចង់ធ្វើសង្គ្រាមដណ្តើមទឹកដីខ្មែរបានឡើយ។ ថៃមិនអាចខ្លាច នូវសម្តីការទូត ដែលគ្មានចំណាត់ការជាក់លាក់បានឡើយ។ ដូច្នេះហើយ ការស្វែងរកកិច្ចឈប់បាញ់ដ៏មានប្រសិទ្ធភាពពីសំណាក់មេដឹកនាំសហរដ្ឋអាមេរិក មិនអាចបញ្ឈប់ថៃបានឡើយ បើគ្មានការធ្វើអន្តរាគមន៍ពីប្រទេសចិន នៃមហាអំណាចសំខាន់បំផុតក្នុងតំបន់នោះទេ។
* ចិន មិនត្រឹមដៃគូអភិវឌ្ឍន៍ ប៉ុន្តែជាអ្នករក្សាស្ថិរភាព
ការជួយផ្សះផ្សា និងជំរុញឱ្យមានភាពស្ងប់ស្ងាត់តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានបង្ហាញថាចិន មិនមែនត្រឹមជាអ្នកវិនិយោគ ឬដៃគូសេដ្ឋកិច្ចទេ ប៉ុន្តែជាតួអង្គសំខាន់ក្នុងការរក្សាសន្តិភាពអាស៊ីអាគ្នេយ៍។ យុទ្ធសាស្ត្ររបស់ចិន គឺ៖
- ការទូតដែលផ្អែកលើមូលដ្ឋាននៃការជឿជាក់ (trust-based diplomacy)
- ការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុង
- ការប្រើទំនាក់ទំនងយូរអង្វែងជំនួសការដាក់សម្ពាធរយៈពេលខ្លី។
ប៉ុន្តែបើចិន ឈប់ត្រឹមតែការបង្កើតភាពស្ងប់ស្ងាត់បណ្តោះអាសន្ន ដោយមិនបម្លែងវាទៅជាការរកស្ថិរភាពពិតប្រាកដ និងមានរចនាសម្ព័ន្ធជាក់លាក់នោះទេ, កម្ទេច «ភ្លើងតូច» នៃសង្គ្រាមកម្ពុជានិងថៃនេះ នឹងអាចផ្ទុះឡើងវិញ ហើយអាចជាភ្លើងធំដែលគំរាមកំហែងសន្តិភាពរបស់អាស៊ីអាគ្នេយ៍ទាំងមូល។
* បើចិនធ្វេសប្រហែសអ្នកខាតបង់គឺចិន
នៅក្នុងពិភពលោក ដែលកំពុងរងវិបត្តិជាបន្តបន្ទាប់ចាប់ពីភាពតានតឹងកាន់តែខ្លាំងនៅកោះតៃវ៉ាន់, ព្រឹត្តិ ការណ៍នៅក្នុងប្រទេស Venezuela ទៅដល់សង្គ្រាមអ៊ុយក្រែន និងវិបត្តិមជ្ឈិមបូព៌ា ដែលមិនទាន់មានដំណោះស្រាយ, ខណៈដែលអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ កំពុងអសកម្មការផ្ទុះឡើងវិញនៃសង្គ្រាមកម្ពុជា-ថៃ នឹងមិនមែនជាបញ្ហារវាងប្រទេសពីរប៉ុណ្ណោះឡើយ។ ផ្ទុយទៅវិញ បើសង្គ្រាម រវាងកម្ពុជានិងថៃ នឹងអាចផ្ទុះសាឡើងវិញ វានឹងបង្កឱ្យទិដ្ឋភាពអាក្រក់ជាប្រព័ន្ធនឹងកើតឡើងដូចជា៖
- វាបំបាក់ស្ថិរភាព និងសាមគ្គីភាពអាស៊ាន
- វារំខានយ៉ាងធ្ងន់ដល់ខ្សែសង្វាក់សេដ្ឋកិច្ច និងការជួញដូរនៅក្នុងតំបន់
- ធ្វើឱ្យឥទ្ធិពល និងភាពជាអ្នកដឹកនាំរបស់ចិននៅអាស៊ី ថមថយជាប្រព័ន្ធ។
មានន័យថា បើចិនធ្វេសប្រហែស «ភ្លើងតូច» មួយនៅតាមព្រំដែនកម្ពុជា-ថៃ វាអាចរាលដាលក្លាយជា «ភ្លើងធំ» ដែលមិនត្រឹមតែគំរាមកំហែងសន្តិភាពអាស៊ីអាគ្នេយ៍ទេ ប៉ុន្តែអាចដុតឥទ្ធិពលមហាអំណាចរបស់ចិននៅអាស៊ីទាំងមូលផងដែរ។
* បើចិនធ្លាក់ខ្សោយ តើពិភពលោក នឹងឈានទៅរកទិសដៅណា?
បើចិនធ្លាក់ចូលក្នុងភាពទន់ខ្សោយក្នុងមាត្រដ្ឋានយុទ្ធសាស្ត្រ អ្នកទទួលផលចំណេញភ្លាមៗនឹងមិនមែនជាសន្តិភាព ស្ថិរភាព ឬច្បាប់អន្តរជាតិឡើយ។ ផ្ទុយទៅវិញ ពិភពលោកនឹងឆ្លងចូលទៅក្នុងសម័យមួយ ដែលអាងអំណាចយោធា និងការជ្រើសរើសភាគី ក្លាយជាឧបករណ៍ដោះស្រាយវិវាទជំនួសច្បាប់ និងក្របខណ្ឌអន្តរជាតិ។ សម្រាប់អាស៊ីអាគ្នេយ៍ នោះមានន័យថា តំបន់នេះនឹងត្រូវរុញចូលទៅក្នុងការជ្រើសរើសភាគីដោយបង្ខំ ការធ្វើអាវុធកម្ម និងប្លុកនយោបាយ ដែលអាចបម្លែងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចមួយឱ្យក្លាយជាខ្សែបែកបាក់ភូមិសាស្ត្រនយោបាយ និងសមរភូមិប្រកួតប្រជែងអំណាច។
ក្នុងបរិយាកាសបែបនេះ អំណាចនឹងក្លាយជាច្បាប់ ហើយច្បាប់ពិតប្រាកដនឹងបាត់បង់អត្ថន័យរបស់វា។ ប្រទេសតូចៗនឹងក្លាយជាជនរងគ្រោះកាន់តែច្រើន ខណៈគំរូអាក្រក់នឹងផ្តល់រង្វាន់ដល់ការឈ្លានពាន ជំនួសការអត់ធ្មត់ និងការគោរពច្បាប់។ ផលវិបាកធំជាងនេះគឺការខ្វះសមតុល្យក្នុងប្រព័ន្ធពិភពលោក។ បច្ចុប្បន្ន ចិនដើរតួនាទីជាបង្គោលសំខាន់មួយក្នុងតុល្យភាពអំណាចពហុប៉ូល។ បើបង្គោលនេះរលាយ ប្រព័ន្ធគ្រប់គ្រងពិភពលោក ដែលកំពុងតានតឹងរួចទៅហើយ នឹងខ្សោយបន្ថែមទៀត។ អង្គការអន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ នឹងជួបការលំបាកកាន់តែខ្លាំង ក្នុងការអនុវត្តបទដ្ឋាន ការការពារយុត្តិធម៌ និងការទប់ស្កាត់ការប្រើកម្លាំងជាឯកតោភាគី។
ជាពិសេសសម្រាប់អាស៊ីអាគ្នេយ៍ ផលវិបាកនឹងកាន់តែច្បាស់។ បើគ្មានអំណាចស្ថិរភាពដែលអាចទុកចិត្តបាន និងមានការប្តេជ្ញាចិត្តលើការរក្សាតុល្យភាពក្នុងតំបន់, អាស៊ាន អាចប្រឈមនឹងការបែកបាក់ជាប្រព័ន្ធ។ ជម្លោះព្រំដែន អាចផ្ទុះឡើងជាបន្តបន្ទាប់ខ្សែសង្វាក់ផ្គត់ផ្គង់នឹងបាក់បែក ហើយអាទិភាពអភិវឌ្ឍន៍ នឹងត្រូវជំនួសដោយអាទិភាពសន្តិសុខ។ ដូច្នេះ ការរក្សាទុកតួនាទីស្ថិរភាពរបស់ចិន មិនមែនជាបញ្ហាផលប្រយោជន៍ជាតិរបស់ចិនតែប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការយុទ្ធសាស្ត្រសម្រាប់អាស៊ី និងសម្រាប់របៀបរៀបចំពិភពលោកមួយ ដែលនៅតែប្រាថ្នា ទោះបីមិនល្អឥតខ្ចោះក៏ដោយក្នុងការរក្សាតុល្យភាពអំណាចជាមួយការអត់ធ្មត់ និងការគោរពច្បាប់អន្តរជាតិ។
សង្គ្រាមកម្ពុជា-ថៃ គឺជាសញ្ញាព្រមានដ៏ច្បាស់លាស់មួយ សម្រាប់បណ្តាប្រទេសក្នុងតំបន់ ជាពិសេស សាធារណរដ្ឋប្រជាមានិតចិន។ បើមហាអំណាចនៅអាស៊ី បន្តធ្វេសប្រហែស និងមិនអនុវត្តតួនាទីរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះនេះដោយសន្តិវិធីទេ ភាពប៉ះទង្គិចនឹងមិនត្រឹមតែបន្តរវាងប្រទេសពីរកម្ពុជា-ថៃ នេះប៉ុណ្ណោះឡើយ ប៉ុន្តែអាចរាលដាលក្លាយជាវិបត្តិធំ ដែលគំរាមកំហែងស្ថិរភាពទាំងមូលនៃអាស៊ីអាគ្នេយ៍។
ការជួយទប់ស្កាត់ និងបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃ មិនមែនជាជម្រើសនយោបាយទេ ប៉ុន្តែជាកាតព្វកិច្ចយុទ្ធសាស្ត្រ ដើម្បីការពារស្ថិរភាពក្នុងតំបន់។ វាក៏ជាចំណុចសាកល្បងសំខាន់មួយផងដែរ សម្រាប់ចិន ក្នុងការបញ្ជាក់ថា ខ្លួនអាចដើរតួនាទីជាអ្នករក្សាសន្តិភាព និងស្ថិរភាពនៅអាស៊ី ព្រមទាំងការពារឥទ្ធិពល និងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងពិភពលោកដែលកំពុងតែច្របូកច្របល់កាន់តែខ្លាំង៕
















