ស្នងការនគរបាលរាជធានីភ្នំពេញ ឆ្លើយតបការបង្ហោះរបស់ម្ចាស់ផ្ទះម្នាក់ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដែលចោរចូលលួចទ្រព្យសម្បត្ដិ (Video inside)
06-01-2026 17:56
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឆ្លើយតបការបង្ហោះរបស់ម្ចាស់ផ្ទះម្នាក់ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានសរសេរថា មានចោរចូលលួចទ្រព្យសម្បត្ដិរបស់ខ្លួន នៅក្នុងផ្ទះ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា «ខ្ញុំបានដាក់បទបញ្ជាទៅលោកអធិការនគរបាលខណ្ឌច្បារអំពៅ ចុះពិនិត្យជាបន្ទាន់ទើបដឹងថា មានផ្ទះម្ចាស់អត់ដែលរស់នៅ និងមិនមានអ្នកយាមផងដែរ។ ទោះបីយ៉ាងណាសមត្ថកិច្ចត្រូវស្រាវជ្រាវ ដោយមានមុខសញ្ញា ផ្លោះរបងចូលលួច»។
ក្នុងនាមជាស្នងការនគរបាលរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏សូមអធ្យាស្រ័យម្ចាស់ផ្ទះផង ដែលមានករណីនេះកើតឡើង។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាទៅលោកអធិការ ស្រាវជ្រាវ ដើម្បីឃាត់មុខសញ្ញាខិលខូចយកមកអនុវត្តន៍ច្បាប់ ទោះបីមិនមានបាត់បងទ្រព្យសម្បត្តិ មានតម្លៃយ៉ាងណាក៏ដោយ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏សូមសំណូមពរបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការណ៍ និងអនុវត្តន៍ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាមួយអាជ្ញាធរមានសមត្ថកិច្ច ទាំងអស់គ្នាណាផងដែរ៕




