ថ្នាក់ដឹកនាំខេត្តកែប ចុះសួរសុខទុក្ខវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប និងវីរកងទ័ពជួរមុខ ក្រោយទទួលការអនុញ្ញាតឱ្យមកមើលថែប្រពន្ធឈឺ នៅគេហដ្ឋាន
06-01-2026 20:26
(កែប)៖ លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រី កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះសួរសុខទុក្ខវីរកងទ័ព លោក ជុំ ថាន់ បម្រើការងារនៅកងយោធពលខេមរភូមិន្ទ កងឯកភាពនៃកងពលធំអន្តរាគមន៍លេខ៣ ជ.គ មុខងារ មេបញ្ជាការរង អង្គភាពវីរសេនាតូចអន្តរាគមន៍លេខ៣៨១ ដែលបានកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកែប និងវីរកងទ័ពជួរមុខ លោកព្រិន្ទបាលទោ ជាង ធារ៉ា មន្ត្រីកងរាជអាវុធហត្ថ កងអន្តរាគមន៍លើផ្ទៃប្រទេស ឈរជើងការពារជាតិ នៅខេត្តព្រះវិហារ បានអនុញ្ញាតឱ្យមកមើលថែគ្រួសារដែលកំពុងមានជំងឺនៅគេហដ្ឋាន ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងឱកាសនេះ លោកអភិបាលខេត្តកែប បានសម្តែងនូវការរគោរពសរសើរដ៏ខ្ពង់ខ្ពស់ចំពោះវីរភាព ការលះបង់ និងស្មារតីមុះមុត របស់វីរកងទ័ពទាំងពីរ ដែលបានខិតខំបំពេញភារកិច្ចការពារអធិបតេយ្យភាព និងសន្តិសុខជាតិជានិច្ច។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្ត និងជូនពរឱ្យវីរកងទ័ព និងក្រុមគ្រួសារ មានកាយពលមាំមួន រួមគ្នាឆ្លងកាត់ស្ថានភាពលំបាក និងសូមឱ្យបានស្រាកស្រាន្តពីជំងឺកុំបីខាន។
ទឹកចិត្តដ៏ប្រពៃថ្លៃថ្លា របស់ជួរថ្នាក់ដឹកនាំ និងមន្ត្រីរាជការទូទាំងខេត្តកែប នាពេលនេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែក យកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ជាពិសេសបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តកែបផ្ទាល់ ចំពោះសុខទុក្ខ និងស្ថានភាពជីវភាពរបស់វីរកងទ័ព និងក្រុមគ្រួសារ ការលើកទឹកចិត្តដ៏ប្រពៃនេះ ជាកម្លាំងចិត្តសម្រាប់បងប្អូនកងកម្លាំងជួរមុខ ក្នុងការបំពេញបេសកកម្មដើម្បីជាតិ និងដើម្បីប្រជាជនកម្ពុជា៕


















