វិភាគអន្តរជាតិ៖ ការវាយប្រហាររបស់អាមេរិកលើវ៉េណេស៊ុយអេឡា និងការចាប់កំណើតនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយ

06-01-2026 20:41

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបាននិយាយថាសកម្មភាពរបស់ខ្លួននៅវ៉េណេស៊ុយអេឡា គឺមានគោលដៅស្តារឡើងវិញនូវសណ្ដាប់ធ្នាប់នៅក្បែររបងផ្ទះរបស់ខ្លួន។ សម្រាប់ទីក្រុងប៉េកាំង សកម្មភាពទាំងនោះហាក់ដូចជា ការបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោនកំពុងឆ្ពោះទៅរកការពុះចែកពិភពលោកទៅជាដែនឥទ្ធិពលដើម្បីគ្រប់គ្រង ហើយដែលនេះជាសណ្ដាប់ធ្នាប់ពិភពលោកមួយដែលចិនចង់បាន។ ប្រធានាធិបតីប៉ើងចេញអំណាច លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយារបស់លោកបានបង្ហាញខ្លួនក្នុងសវនាការនៃតុលាការក្រុងញូវយ៉ក កាលពីថ្ងៃចន្ទ ទី៥ ខែមករា និងបានការពារខ្លួនដោយនិយាយថារូបលោកមិនបានប្រព្រឹត្តិអ្វីខុសទេជុំវិញការចោទប្រកាន់ពី គ្រឿងញៀន និងអាវុធ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយកងកម្លាំងអាមេរិកកាលពីថ្ងៃសៅរ៍ដល់ទីក្រុងការ៉ាកាស បញ្ជូនទៅកាន់សហរដ្ឋអាមេរិក។

លោក ដូណាល់ ត្រាំ អាចអះអាងពីជោគជ័យយ៉ាងសម្បើមដែលលោកបានទម្លាក់មេដឹកនាំម្នាក់ដែលសហរដ្ឋអាមេរិកចោទថាជាមេដឹកនាំផ្ដាច់ការ មេដឹកនាំខុសច្បាប់ដែលលួចបន្លំសន្លឹកឆ្នោត និងជាមេឧក្រិដ្ឋជនគ្រឿងញៀន។ ការបណ្ដេញលោក ម៉ាឌូរ៉ូចេញពីអំណាចក៏មើលទៅដូចជាបរាជ័យមួយសម្រាប់ចិនផងដែរ។ ដ្បិតយ៉ាងហោចណាស់ធ្វើឱ្យទីក្រុងប៉េកាំងបាត់បង់មិត្តម្នាក់ ខណៈចិនជាម៉ូយទិញប្រេង និងជាម្ចាស់បំណុលដ៏ធំរបស់វ៉េណេស៊ុយអេឡា។ តែឥលូវពាណិជ្ជកម្មប្រេងដែលអនុញ្ញាតឱ្យចិនទិញប្រេងពីវ៉េណេស៊ុយអេឡាក្នុងតម្លៃថោក កាត់កងជាមួយបំណុលដែលជំពាក់ចិនកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។

លោក ត្រាំ បាននិយាយថាទីក្រុងវ៉ាស៊ីនតោននឹងគ្រប់គ្រងលើឧស្សាហកម្មប្រេងវ៉េណេស៊ុយអេឡា ហើយលក់ប្រេងទៅឱ្យអ្នកទិញនៅជុំវិញពិភពលោក តែលោកមិនបានបញ្ជាក់ឱ្យថាតើចិនស្ថិតក្នុងបញ្ជីអ្នកទិញដែរ ឬក៏យ៉ាងណានោះទេ? ការណ៍នេះអាចនឹងបង្កភាពស្មុគស្មាញដល់យុទ្ធសាស្ត្ររបស់ចិនក្នុងតំបន់អាមេរិកឡាទីនជាទីដែលប៉េកាំងមានគម្រោងបង្កើនការវិនិយោគ។ ម្យ៉ាងវិញទៀត ពេលវេលានៃការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ហាក់បង្ហាញពីបរាជ័យខាងស៊ើបការណ៍សម្ងាត់សម្រាប់ប៉េកាំង។ ពោលគឺការវាយប្រហាររបស់អាមេរិក និងការចាប់ខ្លួនកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក ម៉ាឌូរ៉ូបានជួបគណៈប្រតិភូចិនក្នុងទីក្រុងការ៉ាកាស។ នេះអាចបង្ហាញពីចន្លោះប្រហោងយ៉ាងធំនៅក្នុងសមត្ថភាពរបស់ចិនក្នុងការវាយតម្លៃពីការគំរាមកំហែងខាងយុទ្ធសាស្ត្រ។

តែទោះជាបែបនេះក្ដី ប្រយោជន៍ភូមិសាស្ត្រនយោបាយរយៈពេលវែងអាចនឹងផ្អៀងទៅខាងចិន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនត្រូវជាប់ផុង ឬពិបាករើខ្លួនចេញពីវ៉េណេស៊ុយអេឡា។ រឿងបែបនេះ បើកើតឡើងពិតមែន​វានឹងផ្ដល់ឱ្យទីក្រុងប៉េកាំងនូវពេលវេលា និងសេរីភាពដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសនៅជុំវិញកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ គំនិតនៃការពុះចែកពិភពលោកទៅជាដែនឥទ្ធិពលគ្រប់គ្រងដោយពួកមហាអំណាចបានទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប៉េកាំង ពីព្រោះវាបង្ហាញពីការដួលរលំនៃសណ្ដាប់ធ្នាប់ក្រោយសង្រ្គាមលោកលើកទី២ ដែលសហរដ្ឋអាមេរិកបានជួយកសាង និងពង្រឹង រាប់ទសវត្សរ៍មកនេះ ហើយស៊ីគ្នាទៅនឹងចក្ខុវិស័យយូរអង្វែងរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីងដែលមើលឃើញថាពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្ដូរដ៏ធំមួយមិនធ្លាប់មានក្នុងពេល១០០ឆ្នាំមកនេះ។

ក្រុមមន្ត្រីអាមេរិកក៏ហាក់ទទួលស្គាល់ពីការផ្លាស់ប្ដូរនេះដែរ។ ជាក់ស្ដែងនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet the Press របស់សារព័ត៌មាន NBC រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានអះអាងថាសហរដ្ឋអាមេរិកត្រូវតែបង្កើនឥទ្ធិពលរបស់ខ្លួនឡើងវិញនៅក្នុងតំបន់ជាប់របងផ្ទះ ហើយប្រឆាំងនឹងវត្តមានមហាអំណាចខាងក្រៅណាមួយក្នុងដែនឥទ្ធិពលរបស់ខ្លួន។ «យើងមិនអាចបណ្ដោយឱ្យមានប្រទេសណាមួយក្នុងដែនឥទ្ធិពលរបស់យើងក្លាយទៅជាផ្លូវបំបែកមួយឱ្យសត្រូវរបស់យើងធ្វើសកម្មភាពនោះទេ»។ នេះជាការគូសបញ្ជាក់របស់លោក Rubio។

រដ្ឋបាលលោក ត្រាំកាលពីពេលថ្មីៗនេះបានបញ្ចេញរបាយការណ៍យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីមួយដែលឆ្លុះបញ្ចាំងពីការលើកឡើងរបស់លោក Rubio។ នៅក្រោមយុទ្ធសាស្ត្រថ្មីនេះ រដ្ឋបាលលោក ត្រាំ បានប្ដេជ្ញាស្ដារអំណាច និងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅលើទ្វីបអាមេរិកឡើងវិញ ដែលគេហៅថា «គោលលទ្ធិត្រាំ» ស្រដៀងគ្នានឹងគោលលទ្ធិ «Monroe Doctrine» ឆ្នាំ១៨២៣។ Monroe Doctrine ជាគោលលទិ្ធមួយ ដែលក្នុងនោះសហរដ្ឋអាមេរិកបានព្រមានមិនឱ្យបណ្ដាប្រទេសនៅអឺរ៉ុបពង្រីកឥទ្ធិពលក្នុងតំបន់អាមេរិកឡើយ និងបញ្ជាក់ពីភាពត្រឹមត្រូវរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើអន្តរាគមន៍នៅក្នុងតំបន់។ ប៉េកាំងបានទាញប្រយោជន៍ពីស្ថានការណ៍រួចទៅហើយ ជាមួយការថ្កោលទោសសកម្មភាពរបស់សហរដ្ឋអាមេរិកនៅវ៉េណេស៊ុយអេឡាជាទង្វើបំពានច្បាប់អន្តរជាតិ និងអំពាវនាវឱ្យដោះលែងលោក ម៉ាឌូរ៉ូ និងភរិយា។ តាមក្រុមអ្នកវិភាគចិនកំពុងចាប់យកឱកាសដើម្បីទាក់ទាញការគាំទ្រពីបណ្ដាប្រទេស Global South ដោយបង្ហាញពួកគេថាសហរដ្ឋអាមេរិកជាប្រទេសចូលចិត្តប្រើយោធាសម្លុតគំរាមគេឯង រីឯចិនផ្ដល់កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍ។

«ទីក្រុងវ៉ាស៊ីនតោនតែងតែអះអាងយ៉ាងជាប់លាប់ និងជាយូរណាស់មកហើយថាសកម្មភាពជាច្រើនរបស់ចិន បាន និងកំពុងបំពានច្បាប់អន្តរជាតិ ប៉ុន្តែការអះអាងបែបនេះប្រហែលជាលែងមានន័យអ្វីទៀតហើយ»។ នេះបើតាមលោក William Yang ជាអ្នកវិភាគម្នាក់មកពីស្ថាប័ន International Crisis Group។ អ្នកវិភាគរូបនេះបន្តថាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើវ៉េណេស៊ុយអេឡា និងការចាប់ខ្លួនលោក ម៉ាឌូរ៉ូ បានបង្កើតឱកាសយ៉ាងច្រើន សម្រាប់ចិនទុកវាយបកទៅនឹងការរិះគន់ណាមួយពីសហរដ្ឋអាមេរិកនៅពេលអនាគត។

សណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយដែលកំពុងលេចរូបរាងឡើងនៅក្រោមរជ្ជកាលរបស់លោក ដូណាល់ ត្រាំ មើលទៅកាន់តែមានលក្ខណៈស្រដៀងនឹង «ច្បាប់ព្រៃមួយ» ក្នុងយុគសម័យទំនើបជាទីដែលការឈ្នះចាញ់ ត្រូវបានកំណត់ដោយអ្នកមានអំណាច ឬអ្នកខ្លាំង ហើយនេះជាហ្គេមមួយដែលចិនដឹងពីរបៀបលេងយ៉ាងច្បាស់៕