រដ្ឋមន្រ្តី ឈាង រ៉ា ជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តការកែលម្អគុណភាពសេវា និងកាត់បន្ថយបញ្ហាអសកម្ម ក្នុងការបម្រើសេវាសុខាភិបាល ក្នុងឆ្នាំ២០២៦
06-01-2026 20:50
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តការកែលម្អគុណភាពសេវា និងកាត់បន្ថយបញ្ហាអសកម្ម ក្នុងការបម្រើសេវាសុខាភិបាល ក្នុងឆ្នាំ២០២៦។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាស បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣២១២រូប នារសៀលថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែ មករា ឆ្នាំ២០២៦។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការខិតខំកន្លងមករបស់មន្រ្តី និងបុគ្គលិកសុខាភិបាល និងបានជំរុញឱ្យទាំងអស់គ្នា បន្តបំពេញការងារដោយផ្តោតលើការកាត់បន្ថយភាពមិនប្រក្រតី នៅក្នុងការបម្រើសេវា ឱ្យនៅសល់តិចតួចបំផុត។
ជាងនេះទៅទៀតលោកសាស្រ្តារ្យរដ្ឋមន្រ្តី បានណែនាំពីយន្តការ នៃការបម្រើសេវាថែទាំ ដែលមានលក្ខណៈទំនាក់ទំនងគ្នា (រួមទាំងការបញ្ជូនអ្នកជំងឺ) ចាប់តាំងពីមណ្ឌលសុខភាព ទៅមន្ទីរពេទ្យបង្អែកកំរិត១ និងកំរិត២ រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យជាតិ តាមរយៈការតាមដានជំងឺឱ្យបានជាប់លាប់រហូតដល់អ្នកជំងឺបានទទួលការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។
ក្នុងឳកាសនោះលោកសាស្ត្រាចារ្យ បានធ្វើបទបឋកថា លើប្រធានបទ ការរៀបចំរបាយការណ៍បង្ហាញពីសមិទ្ធិផលរបស់អង្គភាពមួយ ដែលរបាយការណ៍នោះត្រូវរំលេចចំនុចមួយចំនួន រួមមាន៖
១)ទិដ្ឋភាពទូទៅនៃការផ្លាស់ប្តូរ ដោយបង្ហាញពីតថភាព នៃសមិទ្ធិផល និង បង្ហាញនូវភស្តុតាងនៃសមិទ្ធិផល ជាទិន្នន័យ នៃការប្រើប្រាស់សេវា តម្លៃសេវា សូចនាករគុណភាព និងការប្រៀបធៀបជាមួយនឹងអង្គភាព និងស្ថាប័នផ្សេងៗ
២)លក្ខណៈអំណោយផល ដែលធ្វើឱ្យទទួលសមិទ្ធិផល
៣)បញ្ហាប្រឈមដែលរារាំង និងជួបប្រទះ
៤)ការងារសំខាន់ៗ ដែលធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមាន។ល៕

































