Fresh Exclusive: ៧ មករា ការចងចាំប្រវត្តិសាស្ត្រ ដើម្បីការពារបច្ចុប្បន្ន និងអនាគតជាតិខ្មែរ
07-01-2026 07:53
(ភ្នំពេញ)៖ ៤៧ឆ្នាំមុននេះ ជាតិខ្មែរ មិនបានឈរលេចត្រដែតនៅលើឆាកនយោបាយអន្តរជាតិទេ ប៉ុន្តែបានឈរនៅលើមាត់ជ្រោះមរណៈ។ ជីវិតខ្មែររាប់លាននាក់ ស្ថិតនៅក្រោមទ្វារមច្ចុរាជ ដែលបើកចំហរ គ្រប់ពេលវេលា រៀងរាល់ម៉ោង និងរៀងរាល់ថ្ងៃ ក្រោមរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានបំផ្លាញមនុស្ស សាសនា វប្បធម៌ និងព្រលឹងជាតិ ដោយមិនទុកអ្វីឱ្យនៅសេសសល់ឡើយ។ ដោយសារតែការធ្លាប់រស់នៅក្នុងសភាពងងឹតដ៏សូន្យសុងនោះ ហើយ ទិវា ៧មករា ឆ្នាំ១៩៧៩ មិនមែនគ្រាន់តែជាថ្ងៃឈ្នះលើនយោបាយតែមួយមុខនោះទេ ប៉ុន្តែជាថ្ងៃដែលជាតិខ្មែរ បានរស់ឡើងវិញ ផុតពីសេចក្តីស្លាប់។
ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ របបកម្ពុជាប្រជាធិបតេយ្យ បានបម្លែងកម្ពុជា ទៅជាគុកឥតជញ្ជាំងដ៏ធំមួយ។ ទីក្រុងដែលធ្លាប់តែឮសម្លេងអ៊ូរអរ បានក្លាយជាទីស្ងាត់ជ្រងំ វត្តអារាម និងសាលារៀន ត្រូវបានក្លាយជាកន្លែងឃុំឃាំង មនុស្សដែលមានចំណេះដឹងបានក្លាយជាសត្រូវរបស់រដ្ឋមួយ ដែលបង្កើតឡើងដោយក្រុមទាហានស្លៀកខោអាវខ្មៅ។ សាសនា ត្រូវបានហាមឃាត់ វប្បធម៌ ត្រូវបានបំផ្លាញនិងគ្រួសារខ្មែរត្រូវបានគេបំបែកមិនឱ្យរស់នៅជួបជុំគ្នាឡើយ។
គ្មានគ្រួសារខ្មែរណាមួយ ដែលមិនមានសាច់ញាតិរងគ្រោះ ឬបាត់បង់ជីវិតឡើយ។ នេះមិនមែនជាសង្គ្រាមធម្មតាដែលរំដោះជាតិទេ ប៉ុន្តែជាការបំផ្លាញប្រទេសខ្លួនឯង ដោយអំណាចផ្តាច់ការ និងការលាងជម្រះខួរក្បាលនៃរបបដ៏កាចសាហាវមួយក្នុងសតវត្សទី២០នៅតំបន់អាស៊ីអាគ្នេយ៍។
* ៧ មករា ១៩៧៩៖ ការសង្គ្រោះជាតិ មិនមែនការឈ្លានពាន
ការរំដោះថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាលទ្ធផលនៃការតស៊ូរបស់កូនខ្មែរ ដែលមិនព្រមស្លាប់ដោយភាពស៊ូទ្រាំស្ងៀមស្ងាត់ឡើយ។ កម្លាំងតស៊ូជាតិ បានរួមគ្នាជារណសិរ្សសាមគ្គីសង្គ្រោះជាតិ និងសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយបណ្តេញនិងផ្តួលរំលំ របបកាប់សម្លាប់មនុស្ស។ ៧ មករា មិនមែនជាការឈ្លានពានពីក្រៅទេ ប៉ុន្តែជាការជួយសង្គ្រោះជាតិមួយ ដែលស្ថិតនៅលើមាត់ជ្រោះមហន្តរាយ។ បើការរំដោះនេះ មិនកើតឡើងទាន់ពេលវេលាទេ នោះការបាត់បង់មនុស្ស និងអត្តសញ្ញាណជាតិ អាចនឹងបន្តរហូតដល់មិនអាចស្តារឡើងវិញបានឡើយ។
*៧ មករា និងការស្តារឡើងវិញនៃព្រលឹងជាតិ
ពីថ្ងៃរំដោះ ៧ មករា ១៩៧៩នោះហើយ, កម្ពុជា បានចាប់ផ្តើមដំណើរដ៏វែងមួយដំណើរពីភាពវិនាស ទៅរកភាពនៃប្រជាជាតិថ្មី។ ជាតិខ្មែរ បានទទួលមកវិញនូវជីវិត, សាសនានានា ត្រូវបានរស់ឡើងវិញ វប្បធម៌ និងប្រពៃណី ត្រូវបានស្តារឡើងវិញ។ អ្វីដែលសំខាន់ជាងគេ គឺការបើកផ្លូវទៅរកសន្តិភាពយូរអង្វែង ដែលបន្តរហូតដល់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការស្តាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញវិលត្រឡប់មកវិញ។ បើគ្មានទិវា៧ មករា នោះក៏មិនមានកម្ពុជា ដែលអាចឈរជាប្រទេសឯករាជ្យ មានរដ្ឋធម្មនុញ្ញ និងមានអត្តសញ្ញាណដូចសព្វថ្ងៃឡើយ។
* ៧ មករា ក្នុងបរិបទប្រឈមសង្គ្រាមពីប្រទេសជិតខាង
នៅពេលដែលកម្ពុជា កំពុងប្រឈមមុខនឹងការគំរាមកំហែងនិងសង្គ្រាម មកពីព្រំដែនខាងក្រៅទិវា ៧ មករា កាន់តែមានអត្ថន័យជាងពេលណាៗទាំងអស់។ ទិវានោះ មិនរំលឹកឱ្យយើងស្រឡាញ់សង្គ្រាមទេ ប៉ុន្តែបានរំលឹកឱ្យយើងដឹងនូវតម្លៃសន្តិភាព និងដឹងថាការបាត់បង់ការចងចាំប្រវត្តិសាស្ត្រ គឺជាផ្លូវខ្លីបំផុតនាំទៅរកសង្គ្រាម។
សង្គ្រាមសព្វថ្ងៃ មិនចាប់ផ្តើមត្រឹមគ្រាប់កាំភ្លើងទេ ប៉ុន្តែចាប់ផ្តើមលើអេក្រង់ទូរស័ព្ទ តាមរយៈការបំភ្លៃព័ត៌មាន ការបង្កើតការស្អប់ និងការបំភ្លេចអតីតកាល។ ជាតិដែលភ្លេចអតីតកាល គឺជាជាតិ ដែលអាចត្រូវគេរុញឱ្យឈាមខ្មែរហូរសាជាថ្មីឡើងវិញ។ ដូច្នេះទិវា ៧មករា គឺជាខ្សែចំណងការពារផ្លូវចិត្ត និងប្រវត្តិសាស្ត្រ ដែលជួយរារាំងកម្ពុជា មិនឱ្យធ្លាក់ចូលក្នុងវដ្តមហន្តរាយម្ដងទៀតឡើយ។
* ៧មករា សារដល់យុវជនខ្មែរ
សម្រាប់យុវជន ទិវា៧ មករា មិនមែនជាពិធីរំលឹកដ៏ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនធំមួយ សម្រាប់យុវជនជំនាន់ក្រោយត្រូវចងចាំមិនត្រូវភ្លេចឡើយ៖
១. សង្គ្រាម ចាប់ផ្តើមមកពីការបំភ្លៃការពិត។ មានន័យថាបើមានការបំភ្លៃការពិតខុសពីប្រវត្តិសាស្ត្រហើយហានិភ័យសង្គ្រាមក៏អាចនឹងប្រឈមសាជាថ្មីវិញដែរ។
២. ប្រវត្តិសាស្ត្រ មិនមែនសម្រាប់ស្អប់គ្នា ប៉ុន្តែសម្រាប់ការពារអនាគត។ មានន័យថា យើងរៀនប្រវត្តិសាស្ត្រ មិនមែនដើម្បីស្អប់អ្នកណាទេ ប៉ុន្តែដើម្បីរារាំងកុំឱ្យអំពើអាក្រក់ពីអតីតកាលនោះ កើតឡើងមកវិញសាជាថ្មី។
៣. សន្តិភាព ដែលរកបានដោយលំបាក ត្រូវការការយល់ដឹងនិងការទទួលខុសត្រូវក្នុងការថែរក្សា។ មានន័យថា សន្តិភាពដែលកម្ពុជាបានទទួលបច្ចុប្បន្ន គឺជាលទ្ធផល នៃញើសនិងឈាមបង្ហូរដោយបុព្វបុរសរបស់យើង និងវាមិនមែនជាអំណោយដោយឥតគិតថ្លៃនោះទេ។ បើគ្មានការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងការទទួលខុសត្រូវទេ សន្តិភាពនឹងអាចបាត់បង់ក្នុងពេលដ៏ខ្លី។ សន្តិភាពដែលយើងបានមក គឺដោយសារការលះបង់ និងកាន់តែមិនអាចរក្សាវា ដោយភាពល្ងង់ខ្លៅ ឬការមិនខ្វល់ខ្វាយបាននោះទេ។ វាត្រូវការចំណេះដឹង ការយល់ដឹង និងការទទួលខុសត្រូវរបស់មនុស្សគ្រប់រូបដើម្បីរក្សាសន្តិភាព។
យុវជនខ្មែរ ត្រូវចេះសិក្សាត្រូវចេះសួរខ្លួនឯងនិងត្រូវចេះការពារការពិតប្រវត្តិសាស្ត្រ ដើម្បីកុំឱ្យជាតិខ្មែរ ត្រូវគេប្រើជាឧបករណ៍នយោបាយ ឬជាឈ្នាន់ទៅរកសង្គ្រាមម្ដងទៀត។
សន្និដ្ឋាន៖
ទិវា ៧មករា មិនមែនជារឿងអតីតកាល ដែលត្រូវដាក់ចោលទេ ប៉ុន្តែជាស្មារតីរស់ ដែលបន្តការពារបច្ចុប្បន្ន និងអនាគតរបស់ជាតិខ្មែរ។ ការចងចាំទិវា៧មករានេះហើយ គឺជាការគោរពចំពោះការធ្វើពលិកម្មជីវិតរបស់បុព្វបុរសដែលស្ម័គ្រស្លាប់ដើម្បីការពារអធិបតេយ្យភាពជាតិ និងក៏ជាការប្តេជ្ញាថា កម្ពុជា មិនអនុញ្ញាតឱ្យប្រវត្តិសាស្ត្របង្ហូរឈាមខ្មែរគ្នាឯង ត្រូវកើតឡើងជាលើកទី២ទៀតឡើយ។
សូមឱ្យថ្ងៃទី៧ ខែមករា ស្ថិតនៅក្នុងដួងចិត្តខ្មែរជាប់ជានិច្ចដើម្បីការចងចាំជារៀងរហូតក្នុងការការពារជាតិនិងការពារទឹកដីមរតករបស់ដូនតាខ្មែរ៕





























