អគ្គិសនីកម្ពុជា និងក្រុមហ៊ុន Marvel Garment Co., Ltd នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចែកជូនគ្រួសារវីរកងទ័ព ដែលកំពុងត្រៀមប្រចាំការនៅកងពលតូចអន្តរាគមន៍លេខ១៤ ចំនួន ២៥០ គ្រួសារ ក្នុងខេត្តពោធិ៍សាត់

07-01-2026 11:02

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា និងក្រុមហ៊ុន Marvel Garment Co., Ltd នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ (ត្រីប្រម៉ា ត្រីហើម សាច់ក្រក និងអង្ករ) រួមជាមួយនឹងថវិកាមួយចំនួន ដើម្បីចែកជូនគ្រួសារវីរកងទ័ព ដែលកំពុងត្រៀមប្រចាំការ នៅកងពលតូចអន្តរាគមន៍លេខ១៤ ចំនួន ២៥០ គ្រួសារ ដែលស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

កម្មវិធីនេះដែរ បានរៀបចំដោយក្រុមយុវជនអគ្គិសនីកម្ពុជា ដែលបានគៀងគរជំនួយពី ថ្នាក់ដឹកនាំ និយោជិត កម្មករ អគ្គិសនីកម្ពុជា ព្រមទាំងសប្បុរសជន ក្រុមហ៊ុន គឺជាសក្ខីកម្មយ៉ាងជាក់ច្បាស់នៃការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ជាប់ជាប្រចាំ ក្នុងការលើកកម្ពស់ជីវភាព ដល់វីរកងទ័ពកម្ពុជា។

គួរបញ្ជាក់ដែរថា កាលពីចុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ក្រុមគ្រួសារវីរកងទ័ពមកពីស្រុកក្រគរ និងស្រុកកណ្ដៀង និងដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្ដោយសមរភូមិមុខ សរុបចំនួន ៥៤១ គ្រួសារ ក៏បានទទួលនូវជំនួយឧបត្ថម្ភរបស់អគ្គិសនីកម្ពុជាផងដែរ។

ជាមួយគ្នានេះ ការឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគ បរិភោគ រួមមាន៖ ទឹកដោះគោខាប់ ទឹកដោះគោទឹក Ensure និងអង្ករ ក៏ត្រូវបានរៀបចំជូនវីរកងទ័ពដែលកំពុងសម្រាកព្យាបាលរបួស ២០៣នាក់ នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដើម្បីជួយផ្តល់កម្លាំងចិត្តផងដែរ។

ដោយឡែក កាលពីខែមុនដូចគ្នានេះ ក្រុមយុវជនអគ្គិសនីកម្ពុជាក៏បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន៥១០ គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំនួន ១១៣គ្រួសារ នៅស្រុកក្រគរ និងចំនួន ៣៥៦គ្រួសារ នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

សូមជម្រាបដែរថា សកម្មភាពទាំងនេះ គឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អគ្គិសនីកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយជាពិសេសគឺផ្តល់ឱកាសឱ្យយុវជន ដែលជាអ្នកបន្តវេនចូលរួមចំណែកក្នុងការគាំទ្រយកចិត្តទុកដាក់លើកទឹកចិត្ត និងលើកស្ទួយជីវភាពដល់វីរកងទ័ព ដែលជាខ្នងស្នូលនៃការការពារឯករាជ្យ និងសន្តិភាពរបស់ប្រទេសកម្ពុជា៕