បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា របស់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនដល់គ្រួសារវីរៈកងទ័ព សឿន សាលី ដែលបានពលីជីវិត នៅសមរភូមិមុខ

07-01-2026 11:55

(កំពង់ចាម)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អតីតប្រធានជនបង្គោលយុវជនថ្នាក់កណ្តាល ចុះជួយស្រុកព្រៃឈរ ខេត្តកំពង់ចាម និងក្រុមការងារ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមជាមួយក្រុមការងារ ឧបត្ថមជូនដល់គ្រួសារវីរ:កងទ័ពសឿន សាលី ដែលបានពលីជីវិតនៅសមរភូមិមុខ។

អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមអតីតជនបង្គោលយុវជនស្រុកព្រៃឈរ បានឧបត្ថម្ភដល់គ្រួសារសពវីរ:កងទ័ព សឿន សាលី មានលំនៅដ្ឋានភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ថវិកាចំនួន ៩,៤០០,០០០រៀល ។

ថ្លែងសំណេះសំណាលក្នុងឱកាសនេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត លើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែ ឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ។

ជាមួយនឹងការរៀបចំចាត់ចែងធ្វើបុណ្យសពតាមប្រពៃណីនៅស្រុកកំណើត សាច់ញាតិនៃគ្រួសារសព ក៏បានសម្ដែងនូវការអរគុណចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត, ថ្នាក់ដឹកនាំខេត្ត, ថ្នាក់ដឹកនាំស្រុក ដែលបានរៀបចំពិធីបុណ្យសពបានយ៉ាងល្អ ជាពិសេសលោកជំទាវបណ្ឌិត បានផ្តល់នូវផ្ទះមួយខ្នង, ម៉ូតូ១ គ្រឿង និងឧបត្ថម្ភជាច្រើនទៀត ព្រមទាំងបានជួយចាត់ចែងការរៀនសូត្ររបស់កូនៗនៃគ្រួសារសពផងដែរ។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដោយបានចាត់ទុកពលីកម្មនេះ គឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន ,បាត់បង់នូវស្វាមី និងបាត់បង់នូវឪពុកជាទីស្រលាញ់។

បន្ថែមពីនេះ លោកបណ្ឌិត ក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារសពនៃយុទ្ធជនពលី ជាមួយនឹងការគិតគូររបស់រាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយផ្សេងៗ ដើម្បីជាការសម្រាលនូវបន្ទុកគ្រួសារយុទ្ធជនពលីផងដែរ។

ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ ទោះក្នុងតម្លៃណាក៏ដោយ ពីការរំលោភបំពាន និងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។

លោកបណ្ឌិតសូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធយុទ្ធជនពលី បានចាប់កំណើតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕