ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើអារ៉ាប៊ីសាអូឌីតបង្កើនចំនួនកូតា សម្រាប់អ្នកធ្វើបុណ្យធម្មយាត្រាហាជ្ជី (Hajj) និងអាហារូបករណ៍ដល់និស្សិតកម្ពុជាបន្ថែមទៀត

07-01-2026 12:54

(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលា ជាមួយលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាន នៅទីក្រុងហាណូយ ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ខ្លួន នៅកម្ពុជា។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ ស្ថានទូតអារ៉ាប៊ីសាអូឌីត និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលកន្លងមកតែងតែយកចិត្តទុកដាក់ និងបានបង្កើតនូវសមិទ្ធផលជាច្រើន ដល់សហគមន៍ឥស្លាមកម្ពុជា ដូចជាការផ្ដល់ជូននូវអាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនកន្លែង ការសាងសង់វិហារ សាលារៀន ផ្តល់អំណោយគម្ពីរអាល់គួរអាន ដំណាប់ល្មើ និងអំណោយមនុស្សធម៌ផ្សេងៗជាច្រើនទៀត។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សង្ឃឹមថា តាមរយៈទំនាក់ទំនងដែលភាគីទាំងពីរមានសព្វថ្ងៃនេះ ជាស្ពានមួយ ដើម្បីឈានដល់ការធ្វើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យទាំងអស់ នៅពេលអនាគត ហើយរំពឹងថា អារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតនៅកម្ពុជា នាពេលខាងមុខឆាប់ៗនេះ។

ទន្ទឹមគ្នានេះ លោកបានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរអរគុណរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលបានបើកទូលាយ សម្រាប់សាសនិកឥស្លាមកម្ពុជា ទៅប្រតិបត្តិបុណ្យហាជ្ជី និងអ៊ុំរោះ ជាពិសេសទៀតនោះ តែងតែផ្តល់អំណោយទៅធ្វើបុណ្យហាជ្ជី និងអ៊ុំរោះ ជារៀងរាល់ឆ្នាំ ចាប់តាំងពីសម័យកាល ស្តេច Fahd bin Abdulaziz រហូតដល់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត និងបានស្នើសុំបង្កើនចំនួនកូតាសាសនិកឥស្លាមកម្ពុជាពីចំនួន ១២០០នាក់ ទៅ២០០០នាក់ ដើម្បទៅប្រតិបត្តិធម្មយាត្រាហាជ្ជី នៅពេលខាងមុខ។

លោកបានស្នើសុំអារ៉ាប៊ីសាអូឌីត បន្តផ្តល់ជំនួយមនុស្សធម៌ផ្សេងៗដល់កម្ពុជា ក៏ដូចជាសហគមន៍ឥស្លាមកម្ពុជា ជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដោយផ្តោតលើជំនាញវិជ្ជាជីវៈ ឬបច្ចេកទេស រួមមាន វិស្វកម្ម គណនេយ្យ វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ, បច្ចេកវិទ្យា ច្បាប់ជាដើម ដែលកំពុងមានតម្រូវការនាពេលបច្ចុប្បន្ន។

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យអារ៉ាប៊ីសាអូឌីត ជំរុញឲ្យអ្នកវិនិយោគអារ៉ាប៊ីសាអូឌីត វិនិយោគលើវិស័យហាឡាលនៅកម្ពុជា ព្រោះកម្ពុជាសម្បូរវត្ថុធាតុដើម និងមានតម្លៃពលកម្មទាប ដើម្បីរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសហគមន៍ឥស្លាមកម្ពុជា។

ជាការឆ្លើយតប លោក Mohammed Ismaeil A. Dahlwy បានជម្រាបជូនអំពីការមកដល់របស់ឯកអគ្គរាជទូតថ្មី ដែលនឹងមកដល់កម្ពុជាឆាប់ៗនេះ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ជុំវិញជំនួយមនុស្សធម៌ លោកនបញ្ជាក់ថា មជ្ឈមណ្ឌលជំនួយមនុស្សធម៌ស្តេចសាល់ម៉ាន នឹងចាប់ផ្តើមកម្មវិធីសំខាន់ៗនៅកម្ពុជា ក្នុងរយៈពេល២ ទៅ៣ខែខាងមុខ ជាពិសេសក្នុងអំឡុងខែរ៉ាម៉ាឌន ដើម្បីគាំទ្រដល់សហគមន៍ឥស្លាមកម្ពុជា។ ចំពោះការស្នើសុំបង្កើនចំនួនកូតាសម្រាប់អ្នកទៅធ្វើធម្មយាត្រាហាជ្ជី លោកបានបញ្ជាក់ថា នឹងជួយសម្របសម្រួលធ្វើការជាមួយក្រសួងហាជ្ជី និងអ៊ុំរ៉ោះ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ដោយឡែក ចំពោះការស្នើសុំអាហារូបករណ៍ សិក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត លោកបានឲ្យដឹងថា មានកម្មវិធីមួយឈ្មោះថា «Study in Saudi» គឺនិស្សិតកម្ពុជាទាំងអស់អាចដាក់ពាក្យបាន ដោយមានមុខវិជ្ជាជាច្រើន មានដូចជា វេជ្ជសាស្ត្រ, វិស្វកម្ម, ឱសថសាស្ត្រ, វិទ្យាសាស្ត្រ, បច្ចេកវិទ្យា។ ស្ថានទូត នឹងជួយសម្របសម្រួលក្នុងការដាក់ពាក្យ ដើម្បីទទួលបានអាហារូបករណ៍។ លោកបានបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប់ប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកនូវឱកាសវិនិយោគផ្សេងៗ តាមរយៈសភាពាណិជ្ជកម្មនានា។

លោក Mohammed Ismaeil A. Dahlwy បានថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងអំឡុងបេសកម្មនៅកម្ពុជា ដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអារ៉ាប៊ីសាអូឌីត មានភាពរីកចម្រើនជាខ្លាំងគួរឲ្យគត់សម្គាល់៕