អ្នកតំណាងរាស្រ្តមណ្ឌលតាកែវអំពាវនាវពលរដ្ឋបន្តរួបរួមសាគ្គីគ្នា និងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
07-01-2026 13:24
(តាកែវ)៖ លោកបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបូរីជលសារ បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តសា្មរតីស្នេហាជាតិ រួបរួមសាគ្គីគ្នាជាធ្លុងមួយ និងត្រូវមានជំនឿជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។
លោកថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញរំលឹកខួបលើកទី៤៧ ថ្ងៃ៧មករា និងធ្វើពិធីបួងសួងសុំសេចក្ដីសុខសន្តិភាព ព្រមទាំងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីនៅសមរភូមិមុខ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នៅវត្តគោកពោធិ៍ ស្ថិតក្នុងឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ។
លោកបណ្ឌិត ស៊ូ ភិរិន្ទ បានថ្លែងថា ប្រទេសកម្ពុជាបន្ទាប់ពីមានការឈ្លានពានពីក្រុមទាហានថៃ មួយលើកជាពីលើក វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងបានប្រយុទ្ធពលីជីវិតការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិយ៉ាងរឹងមាំ ពីក្រុមចោរឈ្លានពានសៀម។ ក្នុងនោះរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយ ដោយស្វែងរកកិច្ចសហការសម្របសម្រួលពីបណ្ដាប្រទេសមហាអំណាចធំៗ ដើម្បីឈានទៅដោះស្រាយបញ្ចប់ជម្លោះព្រំដែនជាមួយថៃដោយសន្ដិវិធី ស្របតាមច្បាប់ នាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជាវិញ។
អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ បានថ្លែងបន្តថា ប្រជាពលរដ្ឋខ្មែរក្នុងខេត្តតាកែវ និងទូទាំងប្រទេសបានរួបរួមគ្នា សាមគ្គីគ្នាយ៉ាងខ្លាំងក្លា ចូលរួមបរិច្ចាគជាស្បៀងអាហារ និងថវិការ ជួយដល់ជនភៀសសឹក និងកងទ័ពជួរមុខដែលកំពុងប្រយុទ្ធការពារទឹកដី ពីក្រុមចោរសៀមឈ្លានពាន។ សកម្មភាពនេះបានក្លាយជាចលនាស្មេហាជាតិដ៏ខ្លាំងក្លាក្នុងនាមសមរភូមិក្រោយ ដើម្បីជំរុញលើកទឹកចិត្តកងទ័ពប្រយុទ្ធដេញសត្រូវឈ្លានពានចេញពីទឹកដីខ្មែរ ប្រជាពលរដ្ឋត្រូវបន្តរួមសាមគ្គីគ្នាជានិច្ចនិរន្ត៍ ខ្មែរជួយខ្មែរ គឺខ្មែរខ្លាំង៕












