ភរិយាឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយជូនគ្រួសារវីរៈកងទ័ពជួរមុខ ចំនួន២៥០គ្រួសារ នៅស្រុកឯកភ្នំ

07-01-2026 15:25

(បាត់ដំបង)៖ លោកស្រី កែ សួនសុភី សសុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ អមដំណើរដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថម្ភជូនដល់គ្រួសារវីរកងទ័ពជួរមុខ​ នៅស្រុកឯកភ្នំ ចំនួន២៥០គ្រួសារ។

ថ្លែងក្នុងឱកាសនោះ លោកស្រី កែ សួនសុភី សសុខា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុក្ខដាក់គ្រប់ពេលវេលាលើសុខទុក្ខវីរៈកងទ័ព កំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ និងប្រជាពលរដ្ឋទាំងអស់ផងដែរ។

លោក សុខ លូ លើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ចំពោះគ្រួសារវីរៈកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែឧបត្ថម្ភទំនុកបម្រុងមិនឲ្យជួបការខ្វះខាតឡើយ។ ការយកចិត្តទុកដាក់នេះ ដើម្បីកុំឲ្យវីរៈកងទ័ពមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ សាច់ញាតិឡើយ ព្រោះវីរៈកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ដូចនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរ បន្តយកចិត្តទុកដាក់គ្រប់ពេលវេលា។

ជាមួយគ្នានេះ លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពលរដ្ឋដែលមានសាច់ញាតិ ជាកងទ័ពបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន និងក្រើនរំលឹកបងប្អូនត្រូវរួបរួមគ្នា និងជឿជាក់លើរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកដ៏ឈ្លាសវៃសម្តេចទ្វេតែងយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារវីរៈកងទ័ពជានិច្ច៕