ក្រុមសេនាតេជោសន្តិភាពចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យ ជូនដល់វីរៈកងទ័ព និងវីរៈនគរបាលការពារព្រំដែន ដែលកំពុងឈរជើងនៅភូមិសាស្ត្រអូរបីជាន់ និងបឹងត្រគួន

07-01-2026 15:28

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ដែលជាថ្ងៃជ័យជំនះប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា និងជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ក្រុមសេនាតេជោសន្តិភាព ដឹកនាំដោយលោក កែវ ផុង ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាសមាជិកក្រុមសេនាតេជោសន្តិភាព ព្រមទាំងលោក វុធ សែល អនុប្រធានក្រុមសេនាតេជោសន្តិភាព បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថ្នាំពេទ្យ ជូនដល់វីរៈកងទ័ព និងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងបំពេញបេសកកម្មការពារទឹកដីជាតិ នៅភូមិសាស្ត្រអូរបីជាន់ និងភូមិសាស្ត្របឹងត្រគួន។

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ លោក កែវ ផុង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តដ៏កក់ក្តៅពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចធិបតី ជូនដល់វីរៈកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ តស៊ូប្រាំងប្រែងនិងមានការលះបង់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

ក្នុងឱកាសជួបជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗនោះដែរ លោក កែវ ផុង បានសម្តែងនូវការថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្ពង់ខ្ពស់ ចំពោះវីរៈភាពកងទ័ពដែលបានឈរជើងយ៉ាងរឹងមាំ ប្រកបដោយស្មារតីមុះមុត និងភាពអង់អាចក្លាហាន ក្នុងការតតាំងនឹងសត្រូវឈ្លានពានទឹកដី។

ទន្ទឹមនឹងនេះ លោកក៏បានជូនពរ និងលើកទឹកចិត្តឲ្យវីរៈកងទ័ពទាំងអស់ បន្តរក្សាស្មារតីរឹងមាំ គោរពវិន័យ ស្តាប់តាមការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីបន្តសម្រេចបាននូវជ័យជំនះដ៏ត្រចះត្រចង់ ដូចជាជ័យជំនះប្រវត្តិសាស្ត្រថ្ងៃទី០៧ ខែមករា ដែលជាជ័យជំនះរួមរបស់ប្រជាជនកម្ពុជាទាំងមូល។

ក្នុងឱកាសនោះ ក្រុមសេនាតេជោសន្តិភាព បាននាំយកសម្ភារៈជំនួយ រួមមាន គ្រឿងឧបភោគបរិភោគ អង្ករ ៤តោន ទឹកសុទ្ធដបធំ២០០កេះ ថ្នាំពេទ្យ៤កេះ សៀង១៦០០ដប និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជូនដល់អង្គភាព និងកម្លាំងឈរជើងនៅតាមភូមិសាស្ត្រផ្សេងៗ មានដូចជា មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ កម្លាំងឈរជើងនៅទិសបឹងត្រគួន, វរសេនាតូចលេខ៩១១ ឈរជើងនៅតំបន់ជោគជ័យ ព្រៃចាន់, កងពលអន្តរាគមន៍លេខ១៤ ប្រចាំទិសភូមិអូរបីជាន់ និងភូមិចំការគរ នាយរងសេនាធិការតំបន់អភិវឌ្ឍយោធភូមិភាគទី៥ ប្រចាំទិសតំបន់ភ្នំឆ័ត្រ–ភ្នំប្រាក់ ទទួលបន្ទុកជាដើម។

សកម្មភាពមនុស្សធម៌ និងការលើកទឹកចិត្តនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងក្រុមសេនាតេជោសន្តិភាព ចំពោះវីរៈកងទ័ពជួរមុខ ដែលកំពុងលះបង់កម្លាំងកាយចិត្ត ដើម្បីការពារសន្តិភាព សុវត្ថិភាព និងឯករាជ្យភាពរបស់ប្រទេសជាតិ៕