មន្រ្តីបរិស្ថាននៅតាមតំបន់ការពារធម្មជាតិបន្តពង្រឹងភាពស្អាត យកច្បាប់ទៅប្រើប្រាស់ក្នុងបុព្វហេតុការពារបរិស្ថាន និងធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងងសង្គមប្រកបដោយចីរភាព

07-01-2026 19:10

(តំបន់ការពារធនធានធម្មជាតិ)៖ មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានចាត់វិធានការច្បាប់បញ្ជូនទៅសំណុំរឿង ទៅតុលាការករណីល្មើសក្រមបរិស្ថាន និងធនធានធម្មជាតិ ប្រព្រឹត្តនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។

រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានលើកយកសំណុំរឿងចំនួនពីរ(០២) ដែលមន្រ្តីឧទ្យានុរក្សដែលជានគរបាលយុត្តិធម៌ បានកសាង និងដាក់បណ្តឹងទៅតុលាការ រួមមានទី១ សំណុំរឿងព្រហ្មទណ្ឌលេខ៤៨៥ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ និងសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩៦ របស់សាលាដំបូងខេត្តស្ទឹងត្រែង លើសំណុំរឿងលេខ០៩២/២៥ និងលើសំណុំរឿង លេខ០៩០/២៥ របស់ការិយាល័យឧទ្យានជាតិ លើកករណីករណី កាប់ ផ្កួល រំលំ គ្រៀង ចងរឹត បំពុល ធ្វើឲ្យរបួស ធ្វើឲ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងទី៦ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ដោយគ្មាន ការអនុញាត (អញ្ញាតជន) និងលើករណី កាប់គាស់ ឬរុករានដីព្រៃ ឬឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ ត្រង់ចំណុចអូរស្វាយ ស្ថិតក្នុងភូមិគិរីបាសក្រោម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង។

សូមបញ្ជាក់ថា កន្លងមកមន្រ្តីបរិស្ថាននៅតាមតំបន់ការពារធម្មជាតិ បានពង្រឹងភាពស្អាត យកច្បាប់ទៅប្រើប្រាស់ ក្នុងបុព្វហេតុការពារបរិស្ថាន និងធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងងសង្គមប្រកបដោយចីរភាព។ នៅក្នុងផែនការសកម្មភាពបន្ត នៅឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញផែនការសកម្មភាពជាអាទិភាព របស់ក្រសួងបរិស្ថាន គឺ «ឆ្នាំសកម្មភាព ជាមួយលទ្ធផលជាក់ស្តែង» ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា ក្នុងនោះធ្វើការជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ឱ្យទទួលបានលទ្ធផលល្អថែមទៀត។

នៅក្នុងកិច្ចប្រជុំលើកដំបូងក្នុងឆ្នាំ២០២៦ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន លោករដ្ឋមន្រ្តី បានណែនាំថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថាន ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងបទល្មើសបរិស្ថាន ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ជាពិសេសក្រមបរិស្ថាន ដែលបានដាក់ចេញឱ្យអនុវត្តកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដែលគាំទ្រដល់ការអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព៕