មន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ សម្រេចបើកទ្វារទឹកអាងស្តុកទឹកស្ទឹងស្រែងទី២ និងទី១ ដើម្បីស្រោចស្រពដំណាំស្រូវជាង ១មុឺនហិកតា របស់ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ

07-01-2026 20:22

(ឧត្តរមានជ័យ)៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦នេះ បានសម្រេចបើកទ្វារទឹក អាងស្តុកទឹកស្ទឹងស្រែង២ និងអាងស្តុកទឹកស្ទឹងស្រែង១ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករ ដែលកំពុងខ្វះទឹក នៅស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តឧត្តរមានជ័យ បានថ្លែងថា ដោយអនុវត្តន៍តាមការណែនាំពីលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម ក្រុមការងារមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តឧត្តរមានជ័យ បានបើកទ្វារទឹកស្ទឹងស្រែងទី២ និងស្ទឹងស្រែងទី១ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករចំនួន ២ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹក។

លោកប្រធានមន្ទីរបានថ្លែងបញ្ជាក់ទៀតថា ផ្នែកទី១ បានបញ្ជូនទឹកតាមប្រឡាយមេបេតុងខាងលិច ទៅស្រោចស្រពដំណាំស្រូវ ចំនួន ៥,០៧៧ហិកតា របស់ប្រជាកសិករចំនួន ១,៦១១គ្រួសារ ស្ថិតនៅឃុំណាំតៅ ប៉ោយចារ ភ្នំដី និងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ផ្នែកទី២ បញ្ជូនទឹកតាមរយៈដងស្ទឹងស្រែង ទៅស្រោចស្រពដំណាំស្រូវ ចំនួន ១២,០៧០ហិកតា របស់ប្រជាកសិករចំនួន ២,១៣៥គ្រួសារ ស្ថិតនៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ឃុំទឹកជោរ ភ្នំលៀប និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាមួយនឹងការអំពាវនាវដល់ប្រជាកសិករយើង សូមប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃ៕