ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរសង្កាត់គោកចក ក្រុងសៀមរាប នាំយកអំណោយប្រគល់ជូនវីរកងទ័ពជួរមុខ ក្នុងស្រុកអន្លង់វែង
07-01-2026 20:55
(សៀមរាប)៖ ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងលោកស្រី ឈិន សាវី ចៅសង្កាត់គោកចក ក្រុងសៀមរាប នៅរសៀលថ្ងៃ០៧ ខែធ្នូ ឆ្នាំ២០២៦នេះ បាននិមន្តចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់មួយចំនួន រួមមាន៖ អាវរងារ, ភេសជ្ជៈ និងបច្ច័យមួយចំនួន ជូនដល់វីរកងទ័ពឈរជើងនៅជួរមុខ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ព្រះវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាថា ថ្ងៃនេះជាថ្ងៃដែលប្រទេសកម្ពុជា បានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាខួបថ្ងៃជ័យជន្នះ ៧មករា លើកទី៤៧ របស់ប្រជាជនកម្ពុជា ហើយក៏ជាថ្ងៃឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសផងដែរ។
ព្រះអង្គក៏មានព្រះទ័យស្រណោះបងប្អូនវីរកងទ័ព ដែលត្រូវប្រឈមនឹងការលំបាកសព្វបែបយ៉ាង និងឆ្ងាយពីកូន ប្រពន្ធ គ្រួសារសាច់ញាតិ និងឪពុកម្តាយ ព្រមទាំងហាលភ្លៀង ហាលខ្យល់ ដេីម្បីការពារទឹកដីខ្មែរ និងប្រជារាស្រ្តខ្មែរ។ ព្រះគ្រូចៅអធិការ ក៏បានថ្លែង អំណរ គុណដល់បងប្អូនវីរកងទ័ពជួរមុខដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនជាតិមាតុភូមិ ។
ព្រះអង្គមានថេរដីកាបន្តថា ការការពារខ្លួន និងការពារទ្រព្យសម្បត្តិ ទឹកដី ព្រមទាំងអាយុជីវិត គឺយេីងត្រូវតែការពារក្នុងករណីមានគេមកបំពាន់ ឬមកឆក់ប្លន់។ ព្រោះការការពារទឹកដីនេះ គឺជាការបំពេញកតញ្ញូដ៏ប្រសេីរណាស់ ហេីយផលនៃកតញ្ញូនេះនឹងនាំឲ្យកងកម្លាំងប្រកបតែនឹងសុខចម្រេីនជានិច្ច។
ព្រះអង្គបានបួងសួងដល់វត្ថុស័ក្តសិទ្ធិទាំងអស់នៅលើលោក សូមជួយថែរក្សាកងកម្លាំងប្រដាប់អាវុធទាំងអស់ឲ្យទទួលបានជោគជ័យលើសត្រូវ ដែលឈ្លានពានទឹកដីរបស់យើង ដើម្បីថែរក្សាការពារសុខសន្តិភាព។
តំណាងវីរកងទ័ព ក៏បានថ្លែងអំណរគុណដល់ព្រះគ្រូចៅអធិការ និងលោកស្រីចៅសង្កាត់ គោកចក ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស រួមទាំងថវិកា ក្នុងការទ្រទ្រង់ដល់កងកម្លាំងជួរមុខ ដែលបានកំពុងការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសុខសន្តិភាពស្ថិរភាព ជូនជាតិមាតុភូមិ។
លោកបញ្ជាក់ថា ទោះបីមានភាពលំបាកយ៉ាងណាក៏ដោយ ក៏យុទ្ធមិត្តយើងប្រគៀកស្មាគ្នាការពារបូរណភាពទឹកដី មិនឲ្យខ្លាំងសត្រូវឈ្លានពានបានឡើយ៕













