វិភាគអន្តរជាតិ៖ បាញ់មីស៊ីលក្រោយអាមេរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ តើសារអ្វីដែលលោក គីម ជុងអ៊ុនចង់បញ្ជូន?

07-01-2026 21:19

(ហុងកុង)៖ ការធ្វើតេស្ដបាញ់មីស៊ីលមួយរបស់កូរ៉េខាងជើង នៅបន្ទាប់ពីសហរដ្ឋអាមេរិកបើកការវាយប្រហារលើវ៉េណេស៊ុយអេឡា និងចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីទីក្រុងការ៉ាកាស បញ្ជូនទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី៣ ខែមករា បានបញ្ជូនសារមួយដែលក្រុមអ្នកវិភាគនិយាយថាជាការដាក់តឿនរំឮកទីក្រុងព្យុងយ៉ាងថាតើត្រូវធ្វើខ្លួនជាចចក ឬធ្វើជាចៀមឱ្យគេចាប់ស៊ី? នៅអំឡុងចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ ការធ្វើតេស្ដបាញ់មីស៊ីលកាលពីថ្ងៃអាទិត្យ ទី៤ ខែមករា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានធ្វើការសន្មត់ថាការវាយប្រហាររបស់អាមេរិកលើវ៉េណេស៊ុយអេឡា និងការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ព្រមទាំងការវាយប្រហារលើ អ៉ីរ៉ង់កាលពីខែមិថុនា ឆ្នាំ២០២៥ គឺជាហេតុផលដ៏ត្រឹមត្រូវឱ្យកូរ៉េខាងជើងពង្រីក និងពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែរ។

ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យ បានថ្កោទោសការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកនៅវ៉េណេស៊ុយអេឡា ហើយថាការចាប់ខ្លួនការចាប់លោក ម៉ាឌូរ៉ូ និងភរិយាជាទង្វើឈ្លានពានធ្ងន់ធ្ងរលើអធិបតេយ្យនៃរដ្ឋមួយ។ មួយថ្ងៃក្រោយមកទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានរាយការណ៍ថាលោក គីម បានចុះត្រួតពិនិត្យការធ្វើតេស្តបាញ់មីស៊ីលដោយជោគជ័យចេញពីទីក្រុងព្យុងយ៉ាង ឆ្ពោះទៅ សមុទ្រខាងកើត ឬសមុទ្រជប៉ុន។ «សកម្មភាពរបស់យើងមានគោលដៅយ៉ាងច្បាស់លាស់ដើម្បីអភិវឌ្ឍសមត្ថភាពកំញើញទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែរ ហើយថាតើហេតុអ្វីបានជាវាជារឿងចាំបាច់ នោះគឺដោយសារតែវិបត្តិ ភូមិសាស្ត្រនយោបាយ និងស្ថានការណ៍ស្មុគស្មាញរបស់ពិភពលោកនាពេលបច្ចុប្បន្ន»។ នេះជាការគូសបញ្ជាក់របស់លោក គីម ជុងអ៊ុន ដែលត្រូវបានស្រង់សម្ដីដោយ KCNA។

តាម KCNA លោក គីម ជុងអ៊ុន ដែលបានអំពាវនាវឱ្យយ៉ាងជាប់លាប់ឱ្យយោធារបស់លោកពង្រឹងសមត្ថភាព និងបង្កើនការផលិតអាវុធ ជាពិសេសគឺប្រព័ន្ធអាវុធវាយលុក ក៏បានសង្កត់ធ្ងន់ដែរថាសមិទ្ធផលសំខាន់ៗត្រូវបាន សម្រេចឡើងនៅក្នុងការដាក់ឱ្យកងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើងត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់សង្រ្គាមជាក់ស្ដែង។ លោក គីម មិនបានបញ្ជាក់អ្វីលម្អិតទេ ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថាការកត់សម្គាល់របស់លោក ទំនងជាសំដៅលើសកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងវ៉េណេស៊ុយអេឡា និងអ៉ីរ៉ង់។ ក្រុមអ្នកវិភាគយល់ថាការអត្ថាធិប្បាយរបស់លោក គីម ប្រហែលជាចង់ផ្ដោតជាសំខាន់លើការត្រៀមលក្ខណៈយោធា តែការធ្វើតេស្ដ មីស៊ីលក៏បានឱ្យសញ្ញាដែរថាលោកនឹងមិនយល់ព្រមបោះបង់ចោល ឬរំសាយអាវុធនុយក្លេអ៊ែរជាដាច់ខាត។

លោក Hong Min ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិ (KINU) បានលើកឡើងថា «សារដែលលោក គីម ជុងអ៊ុនចង់បញ្ជូនតាមរយៈការធ្វើតេស្ដមីស៊ីល នោះគឺខុសពីវ៉េណេស៊ុយអេឡា គេមិនត្រូវភ្លេចទេថាកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ»។ លោកបន្ថែមថាសាររបស់លោក គីម ស៊ីគ្នាទៅនឹងការសម្ញែងកាលពីពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាងនូវអាវុធថ្មីមួយដែលមានសមត្ថភាពវាយប្រហារចំគោលដៅជាក់លាក់ និងមានមុខងារច្រើន។ ជាក់ស្ដែង កាសែតកូរ៉េខាងជើង Rodong Sinmun បានចុះផ្សាយថាអំឡុងធ្វើអធិការកិច្ចទៅកាន់រោងចក្រផលិតមីស៊ីលមួយកាលពីថ្ងៃសៅរ៍ លោក គីម បានអំពាវនាវបង្កើនការផលិតអាវុធមានសមត្ថភាព វាយប្រហារចំគោលដៅជាក់លាក់លើសទ្វេដង។ តាមលោក Hong នៅពេលនិយាយដល់ប្រព័ន្ធអាវុធបាញ់ចំគោលដៅជាក់លាក់ ជំនួសឱ្យប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ និងមីស៊ីលល្បឿនលឿនជាងសំឡេង កូរ៉េខាងជើងទំនងជាចង់ សំដៅលើការអភិវឌ្ឍសមត្ថភាពវាយសង្រ្គប់លើគោលដៅនៅទូទាំងតំបន់ឧបទ្វីបកូរ៉េ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសកូរ៉េខាងជើងមិនបានលើកឡើងចំឈ្មោះលោក ដូណាល់ ត្រាំ នោះទេ នៅក្នុងការថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកលើវ៉េណេស៊ុយអេឡា។ លោក Yang Moo-jin ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ University of North Korean Studies បាននិយាយថាទីក្រុងព្យុងយ៉ាងបានគិតគូរយ៉ាងល្អិតល្អន់នៅក្នុងការបញ្ចេញប្រតិបត្តិកម្មតបតរបស់ខ្លួន ពីព្រោះកូរ៉េខាងជើង អាចសម្លឹងឃើញពីការទាញយកផលប្រយោជន៍ចេញពីការវាយប្រហាររបស់អាមេរិក។ «ការវាយប្រហារលើវ៉េណេស៊ុយអេឡាអាចជួយបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាងថាការប្រឈមមុខដាក់គ្នាឥតឈប់ឈរគ្មានទីបញ្ចប់នឹងមិនផ្ដល់ ផលចំណេញអ្វីទេ ហើយកិច្ចសន្ទនា និងការទូត នៅតែជាផលប្រយោជន៍សម្រាប់បន្តការរស់រានមានជីវិត»។ នេះជាការយល់ឃើញរបស់លោក Yang Moo-jin។

ក៏ប៉ុន្តែសម្រាប់លោក Lim Eul-chul ជាសាស្ត្រាចារ្យម្នាក់មកពីវិទ្យាស្ថានសម្រាប់ការសិក្សាពីតំបន់ចុងបូព៌ានៃសាកលវិទ្យាល័យ Kyungnam University យល់ថាការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដោយកងកម្លាំងអាមេរិកនឹងកាន់តែ ពង្រឹងការជឿជាក់របស់លោក គីម ជុងអ៊ុន ថា «ការបោះបង់ចោលអាវុធនុយក្លេអ៊ែរ ច្បាស់ណាស់វាជាការធ្វើអត្តឃាតខ្លួនឯង»។ ម្យ៉ាងទៀតដោយជឿជាក់យ៉ាងមុតមាំថាអាវុធនុយក្លេអ៊ែរជាមធ្យោបាយតែមួយគត់ដើម្បីកំញើញអាមេរិក កូរ៉េខាងជើងអាចនឹងកាន់តែពង្រឹងសមត្ថភាពការពារខ្លួនប្រឆាំង និងទប់ស្កាត់ប្រតិបត្តិការយោធាណាមួយដែលមានគោលដៅលើលោក គីម ជុងអ៊ុន ព្រមទាំងពន្លឿនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក និងអភិវឌ្ឍឱ្យបាននូវ សមត្ថភាពវាយបកលើសត្រូវ។

កាលពីខែកញ្ញា ឆ្នាំមុន ដោយបញ្ជាក់ឡើងវិញថាការរំសាយអាវុធនុយក្លេអ៊ែរដោយទីក្រុងព្យុងយ៉ាងជារឿងមួយមិនអាចទៅរួចឡើយ លោក គីម បាននិយាយថា «ពិភពលោកបានដឹងយ៉ាងច្បាស់រួចហើយថា តើសហរដ្ឋអាមេរិកបាន ធ្វើអ្វីខ្លះ បន្ទាប់ពីបានរំសាយអាវុធប្រទេសដទៃ»។ កូរ៉េខាងជើងបានអះអាងជាយូរមកហើយថាអតីតមេដឹកនាំលីប៊ី លោក Muammar Gaddafi ត្រូវបានសម្លាប់ ហើយរបបដឹកនាំរបស់លោកដួលរលំកាលពីឆ្នាំ២០១១ គឺដោយសារតែលីប៊ីបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕