BREAKING: អ្នកជំនួញដ៏ល្បាញល្បីរបស់ចិន អ្នកឧកញ៉ា ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន និងបញ្ជូនទៅប្រទេសចិន (Video inside)

07-01-2026 21:34

(ភ្នំពេញ)៖ អ្នកជំនួញដ៏ល្បាញល្បីរបស់ចិនមានសញ្ជាតិកម្ពុជា អ្នកឧកញ៉ា ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀតត្រូវបានសមត្ថកិច្ចរបស់កម្ពុជាចាប់ខ្លួនហើយនៅវេលាម៉ោង៣ព្រឹកថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២៦នេះ។ ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី នឹងត្រូវបញ្ជូនខ្លួនទៅកាន់ប្រទេសចិនផងដែរ។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិនចំនួន៣នាក់ រួមមាន ឈ្មោះ Chen Zhi ឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui បញ្ចូនទៅសាធារណរដ្ឋប្រជាមានិតចិន។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន បានសហការស៊ើបអង្កេតរួមគ្នាអស់រយៈពេលជាច្រើនខែ។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនថា ឈោ្មះ Chen Zhi ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកសញ្ញាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។

អ្នកឧកញ៉ា ចេនហ្ស៊ី គឺជាអ្នកជំនួញដ៏ល្បីមួយរូប ហើយកំពុងបោះទុនវិនិយោគ​លើគម្រោង​ជាច្រើននៅក្នុងប្រទេសកម្ពុជា៕