មហាឧបាសក អៀង សុធារ៉ា៖ បុគ្គលដែលនិយាយសំដីត្រូវ មិនកុហក មិននិយាយឥតប្រយោជន៍ បុគ្គលនោះនឹងទទួលបានសេចក្តីសុខ និងមានប្រយោជន៍សម្រាប់សង្គមជាតិ

08-01-2026 08:25

(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បុគ្គលដែលនិយាយសំដីត្រូវ (សម្មាវាចា) នឹងបានវៀរចាកការនិយាយកុហក វៀរចាកការនិយាយញុះញង់ វៀរចាកការនិយាយពាក្យទ្រគោះបោះបោក និងវៀរចាកការនិយាយសម្តីរោយរាយឥតប្រយោជន៍ បុគ្គលនោះនឹងទទួលបាននូវសេចក្តីចម្រើន មានប្រយោជន៍ មានសេចក្តីសុខ និងមានសុភមង្គលនៅក្នុងក្រុមគ្រួសារ និងមានប្រយោជន៍សម្រាប់សង្គមជាតិ។

លើកឡើងក្នុងបាឋកថា ក្រោមប្រធានបទ «អ្វីទៅហៅថាសម្មាវាចា?» ដែលបានធ្វើឡើងនៅរមណីដ្ឋាន ធម្មជាតិ ភូមិរំដួល នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦នេះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានបញ្ជាក់ទៀតថា សម្មាវាចា គឺជាការនិយាយត្រូវ ការនិយាយពិត និងវៀរចាកការនិយាយកុហក វៀរចាកការនិយាយញុះញង់ វៀរចាកការនិយាយសម្តីអាក្រក់ និងវៀរចាកការនិយាយសម្តីរោយរាយឥតប្រយោជន៍ នៅក្នុងព្រះពុទ្ធសាសនា ហៅថា សម្មាវាចា។

មហាឧបាសក អៀង សុធារ៉ា បានបញ្ជាក់ឱ្យដឹងទៀតថា បុគ្គលដែលមានចេតនាវៀរចាកការនិយាយកុហក ជាបុគ្គលអ្នកមានវចីសច្ចៈ មានសំដីពិត សំដីទៀងទាត់ មិននិយាយបំផ្លើសឱ្យលើសពីសភាវៈ ដែលបានឃើញ ដឹង ឮយ៉ាងណា ក៏និយាយយ៉ាងនោះ។ បុគ្គលដែលមានចេតនា វៀរចាកការនិយាយញុះញង់ ជាបុគ្គលដែលបានមើលឃើញទោសនៃសំដីញុះញង់ ស៊កសៀត និងឃើញច្បាស់នៅអានិសង្ឃនៃសាមគ្គីធម៍៕