រដ្ឋមន្ត្រី ហួត ហាក់ នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនក្រុមគ្រួសារវីរកងទ័ព និងពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ

08-01-2026 14:42

(ព្រះវិហារ)៖ នេះជាលើកទី២ដែលលោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាននៃយុវជនគណបក្សថ្នាក់កណ្តាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ជាសម្ភារគ្រឿងឧបភោគបរិភោគ ផ្តល់ជូនគ្រួសារវីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៦០០គ្រួសារ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នាទីទួលសុវត្ថិភាពវត្តពើងព្រះគោ ខេត្តព្រះវិហារ។

ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លានេះ មានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ, លោក លោកស្រីជាថ្នាក់ដឹកនាំលេខាធិការដ្ឋាននៃយុវជនគណបក្សថ្នាក់កណ្តាល, លោក លោកស្រីជាថ្នាក់ដឹកនាំខេត្តព្រះវិហារ រួមជាមួយលោកតា លោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗយ៉ាងច្រើនកុះករ។

លោក ហួត ហាក់ បានគោរពថ្លែងអំណរគុណ និងដឹងគុណដល់វីរកងទ័ពជួរមុខកម្ពុជាក្នុងការការពារបូរណភាពទឹកដីតាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងសត្រូវឈ្លានពាន។ ជាមួយគ្នានេះលោក ហួត ហាក់ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សូមឱ្យមានជំនឿចិត្តលើចំណាត់ការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅជាមួយបងប្អូន គ្រប់កាលៈទេសៈនិងគ្រប់ដំណាក់កាល។

លោក ហួត ហាក់ បានគោរពសម្ដែងនូវគុណូបការៈគុណដ៏ខ្ពង់ខ្ពស់គោរពជូន សម្តេចតេជោប្រធានគណបក្ស, រួមជាមួយសម្តេចធិបតីអនុប្រធានគណបក្ស និងឥស្សរជនកំពូលរបស់ជាតិ ដែលតែងតែរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ដោយមិនទុកពលរដ្ឋណា, គ្រួសារណា ឬ យោធិនណាឱ្យនៅឯកោឡើយ, ព្រមទាំងប្តេជ្ញាការពារអធិបតេយ្យជាតិ, បូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិ, មាតុភូមិ និងប្រជាជនកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជានៅទូទាំងប្រទេស បានកំពុងកសាងសមិទ្ធផលថ្មីបន្ថែមបម្រើជាតិមាតុភូមិ និងប្រជាជន ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា ដែលប្រសូត្រចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស យ៉ាងត្រឹមត្រូវតាមស្មារតី៧ មករា និងបេ្តជ្ញាឱ្យបានមុះមុតក្នុងការការពារឱ្យបានដាច់ខាត នូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។

សូមជម្រាបជូនថា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា និងលោកជំទាវបណ្ឌិត ផ្តល់ជូនគ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ៦០០គ្រួសារ នៅវត្តពើងព្រះគោ ខេត្តព្រះវិហារ ក្នុងនោះ ១គ្រួសារ ទទួលបាន៖ អង្ករចំនួន ១០គីឡូក្រាម, ទឹកសុទ្ធចំនួន ១កេស, ឃីតចំនួន ១ រួមមាន៖ សាច់ក្រក, សាច់មាន់ផាត់, ត្រីងៀត, ឆៃប៉ូវ, មីកញ្ចប់, សៀង និងទឹកត្រី, ត្រីខកំប៉ុង, សាប៊ូកក់សក់ សាប៊ូដុសខ្លួន ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ រួមទាឱងសម្ភារៈផ្សេងៗដូចជានំ, ភួយ, ខោអាវ, ទឹកដោះគោកូនក្មេង និងខោទឹកនោម៕