ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បាឋកថា ស្តីពី «ឧត្តមភាពមន្ត្រី» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលជាង ១០០០អង្គ/នាក់

08-01-2026 14:50

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញផ្តល់បាឋកថាស្តីពី «ឧត្តមភាពមន្ត្រី» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យមឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០អង្គ/នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

ជាកិច្ចចាប់ផ្តើមនាឱកាសនោះលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ក៏បានលើកឡើងពីប្រវត្តិសិក្សា និងបទពិសោធការងាររបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន ពិសេសក្នុងក្របខ័ណ្ឌក្រសួងមុខងារសាធារណៈ រួមមានការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លោក យក់ ប៊ុនណា ក៏បានសម្តែងនូវសេចក្តីថ្លែងអំណរគុណជូនចំពោះលោកឧបនាយករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចែករំលែកចំណេះដឹង និងបទពិសោធជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រី និងបានបញ្ជាក់ថា តាមរយៈវេទិកានេះ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញជាន់ខ្ពស់ទាំងឡាយ បានទទួលនូវការចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តលើការដឹកនាំ និងគ្រប់គ្រងលើ វិស័យសាធារណៈ ការលើកកម្ពស់គុណធម៌ជាមន្ត្រី ភាពជាគំរូក្នុងការដឹកនាំ និងការបំពេញការងារ ការងារកែទម្រង់ និងការអនុវត្តគោលនយោបាយរបស់ក្រសួង ស្ថាប័ន។

លោក យក់ ប៊ុនណា បន្ថែមថា បាឋកថាស្តីពី «ឧត្តមភាពមន្ត្រី» ដែលជាប្រធានមួយដ៏មានសារៈសំខាន់ និងជាសញ្ញាណមួយក្នុងរដ្ឋបាលសាធារណៈ ដែលត្រូវបានផ្តួចផ្តើមដោយផ្ទាល់ពីលោកឧបនាយករដ្ឋមន្ត្រី និងទទួលបានការអនុម័តក្នុងអង្គប្រជុំក្រុមប្រឹក្សា សាលាភូមិន្ទរដ្ឋបាលនាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ដើម្បីរៀបចំបញ្ចូលមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ក្នុងកម្មវិធីបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល។

ថ្លែងនាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រីរាជការទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល ដែលបានខិតខំបំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ ទាំងលើគុណភាព ប្រសិទ្ធភាពនៃការជ្រើសរើស និងការបណ្តុះបណ្តាលសិស្សមន្ត្រី កម្មសិក្សាការី ក៏ដូចជាជម្រុញការ សិក្សាស្រាវជ្រាវបានយ៉ាងល្អប្រសើរ។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាកថា «ឧត្តមភាពមន្ត្រី» ជាមុខវិជ្ជា ដាក់បន្ថែមក្នុងការបណ្តុះបណ្តាលមន្ត្រី នៅសាលាភូមិន្ទរដ្ឋបាល ដោយសិក្សាដោយផ្តោតទៅលើបុព្វហេតុនៃការក្លាយជាមន្ត្រីរាជការ កាតព្វកិច្ច សិទ្ធិ និងអត្ថប្រយោជន៍នៃមន្ត្រីរាជការ ស្តង់ដារវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការ វប្បធម៌ការងារស្ថាប័នសាធារណៈ និងការផ្សារភ្ជាប់នូវឧត្តមគតិរបស់មន្ត្រីរាជការទៅនឹងទស្សនៈសង្គមជាតិ ព្រមទាំងមានកម្មវិធីទស្សនកិច្ចសិក្សា ដើម្បីសិក្សាឈ្វេងយល់អំពីឧត្តមានុវត្តន៍ ក្នុងវិស័យសាធារណៈ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានផ្តាំផ្ញើដល់សិស្សមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីមធ្យម កម្មសិក្សាការីគ្រប់រូបនៃសាលាភូមិន្ទរដ្ឋបាល ដែលបានបញ្ចប់ការសិក្សារបស់ខ្លួនដោយជោគជ័យ នឹងត្រូវទៅបំពេញការងារជាមន្រ្តីរាជការ នៅតាមបណ្តាក្រសួង ស្ថាប័ននានា រៀងៗខ្លួន សូមយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលនាពេលនេះប្រើប្រាស់ជាមេរៀន និងប្រយោជន៍សម្រាប់ការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព នៅតាមអង្គភាពរបស់ខ្លួន នាពេលអនាគត៕