ទស្សនៈ៖ យើងរួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាការពារសន្តិភាព
08-01-2026 15:00
(ភ្នំពេញ)៖ ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាបុណ្យជ័យជម្នះ ៧ មករា ១៩៧៩- ៧ មករា ២០២៦ ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវរម្លឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃអស់ជាង ៣លាននាក់ ដែលគ្មានទេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិលើពិភពលោក។ ថ្ងៃនេះជាទិវាប្រវត្តិសាស្ត្រដែលបានសង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់ឡើងវិញ បើកឡើងនូវសករាជថ្មី របស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ដោយមើលឃើញការធ្វើទារុណកម្ម ការឈឺចាប់ និរាសព្រាត់ប្រាស់របស់ប្រជាពលរដ្ឋខ្មែរ និងគ្រោះថ្នាក់របស់ប្រទេសជាតិ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលកាលនោះគេហៅថាសមមិត្ត ហ៊ុន សែន នោះបានសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជានៅវេលាម៉ោង២១ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ត្រូវនឹងថ្ងៃ៥កើត ខែអាសាឋ ឆ្នាំម្សាញ់ នបស័ក ព.ស ២៥២១ ទាំងក្តីអាឡោះអាល័យ ទឹកភ្នែក ចាកចោលភរិយាជាទីស្រឡាញ់ គឺសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី កំពុងពរពោះកូនក្នុងផ្ទៃ ៥ខែ គឺសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បច្ចុប្បន្នជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការចាកចេញក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុត ស្ទើរតែមិនមានសង្ឃឹមដោយផ្តើមចេញពីការយកអាយុជីវិតធ្វើជាដើមទុនរបស់ថ្នាក់ដឹកនាំ ទើបជាតិ និងប្រជាជនកម្ពុជារស់នៅក្រោមដំបូលសន្តិភាពដូចបច្ចុប្បន្ននេះ វាមិនមែនជារឿងសាមញ្ញពេកនោះទេ ហើយក៏មិនប្រាកដដែរថាអ្នកណាៗ ឬជនណាក៏អាចធ្វើបានគ្រប់តែគ្នានោះដែរ។ ប្រជាជនកម្ពុជាមិនអាចបំភ្លេចបានឡើយនូវមហាសោកនាដកម្មដែលបង្កឡើងដោយ បនប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានចូលមកកាន់អំណាចចាប់ពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ នៅក្រោមរបបដ៏យង់ឃ្នងនេះ ប្រជាជនកម្ពុជាត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិសេរីភាពរបស់ខ្លួន ត្រូវបង្ខំឱ្យធ្វើការដូចសត្វធាតុ ត្រូវទទួលរងទារុណកម្ម និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត។
វេលាម៉ោង១២: ៣០នាទី ថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំមមី ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សម្រែកជយោខ្ទារខ្ទរពេញប្រឹថពី នៅលើទឹកដីអង្គរដ៏កម្សត់ រួមជាមួយការរំភើបញាប់ញ័រ ញញឹមទាំងទឹកភ្នែក ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងអស់ត្រូវបានរំដោះឱ្យរស់រានមានជីវិត ទទួលបាននូវកំណើតទី២គ្រប់ៗគ្នា។
បន្ទាប់ពីការដួលរលំនៃរបបអាវខ្មៅរបស់ខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា បាននាំកម្ពុជាទៅកាន់សករាជថ្មីមួយ ជារៀងរាល់ឆ្នាំគឺថ្ងៃ៧ មករា ប្រជាពលរដ្ឋកម្ពុជាបានចូលរួមអបអរសាទរនូវថ្ងៃប្រវត្តិសាស្ត្រដែលកូនខ្មែរគ្រប់ៗរូប និងអនុជនជំនាន់ក្រោយៗបានចងចាំ និងកត់ត្រាទុក ថ្ងៃដែលមានអត្ថន័យបំផុតសម្រាប់មនុស្សចាស់ដែលនៅរស់រានមានជីវិត និងអ្នកនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែទោះបីប្រទេសកម្ពុជាត្រូវបានរំដោះឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត យ៉ាងណាក៏ដោយ ក៏ក្រុមមេដឹកនាំខ្មែរក្រហម បានរត់ភៀសខ្លួនទៅជាយដែនខ្មែរថៃដោយបង្កើតជាតំបន់តស៊ូប្រដាប់អាវុធ រួមទាំងចលនាតស៊ូខ្មែរដទៃទៀតដែលធ្វើឱ្យប្រទេសកម្ពុជានាសម័យនោះស្ថិតក្នុងដំណាក់កាលសង្គ្រាមផង និងកសាងផង។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងស្មារតីស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ និងគិតពីឧត្តមប្រយោជន៍ជាតិជាធំ សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចរចាស្វែងរកសន្តិភាពនៅឆ្នាំ១៩៨៧ នៅពេលនោះតួអង្គសំខាន់ដែលបានផ្ដួចផ្ដើមការចរចារកសន្តិភាព គឺសម្ដេចតេជោ ហ៊ុន សែន និងព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
យុទ្ធសាស្ត្រឌីហ្វីដ ទទួលបានជោគជ័យដ៏ធំធេង និងនយោបាយ ឈ្នះឈ្នះ ដែលបានផ្តួចផ្តើម គំនិត និងចង្អុលបង្ហាញដោយសម្តេចតេជោ ហ៊ុន សែន នៅក្នុងការំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ដែលមានអាយុជាងកន្លះសតវត្សរ៍ នាំយកសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជូនជាតិ និងប្រជាជនកម្ពុជា នៅក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ការចូលរួមពីភាគីពាក់ព័ន្ធពិសេសបងប្អូនអតីតទាហានខ្មែរក្រហម និងចុងក្រោយមេដឹកនាំខ្មែរក្រហម ដែលបានមកដល់ផ្ទះសម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៦ ហើយជាករណីតែមួយគត់នៅលើពិភពលោកនេះ។ ដូច្នេះ ចំណុចនេះបង្ហាញយ៉ាងច្បាស់ពីការមិនចង់បន្តសង្គ្រាមនៃបងប្អូននាយទាហាន នាយទាហានរង និងពលទាហានរបស់ខ្មែរក្រហម។
រយៈពេល៤៧ ឆ្នាំ នៃការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមស៊ីវិល រ៉ាំរ៉ៃរាប់ទស្សវត្សរ៍ ការបាក់បែកជាតិ បែងចែកទឹកដីដែលមានតំបន់ត្រួតត្រាច្រើន បានក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យប្រទេសនៅលើពិភពលោកមានការកោតសរសើរ គ្រប់ៗគ្នាក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងទន់ភ្លន់ ប្រកបដោយព្រហ្មវិរធម៌ គុណធម៌ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ-ធិបតី នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រមកម្ពុជា នឹងដោយមានការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងកម្លាំងមហាសាមគ្គីរបស់ប្រជាជន ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។
ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយគោរព ដួងវិញ្ញាណក្ខន្ធរបស់ជនរួមជាតិយើងដែលគ្មានទោសពៃរ៍អ្វីទាំងអស់រាប់លាននាក់ ដែលត្រូវស្លាប់យ៉ាងអយុត្តិធម៌បំផុត នៅក្រោមរបប ប៉ុល ពត ហើយសូមឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិទាំងនោះ បានទៅប្រតិស្ឋានក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត។ ក្នុងឆ្នាំ២០២៥ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្នុងការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី។ ពេលនេះយើងបានឈានចូលឆ្នាំ២០២៦ ដែលជាឆ្នាំទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនឱ្យសម្រេចបានសមិទ្ធផលថ្មីៗទៀត ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារ ប្រជាជន និងបូរណភាពទឹកដី។
ទន្ទឹមនឹងការសម្រេចបានជោគជ័យនានាប្រទេសជាតិនៅតែត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការចុះខ្សោយ នៃសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ដែលបាននិងកំពុងជះឥទ្ធិពលមកលើដំណើរវិវឌ្ឍន៍របស់ប្រទេសជាតិ។ ជាពិសេសប្រទេសថៃបានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកំរោលមកលើបូរណភាពទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនក្រោមលេសការពារសន្តិសុខ និងអធិបតេយ្យរបស់ថៃ។ នៅក្នុងសកម្មភាពរំលោភបំពាននេះកងយោធាថៃ បានបាញ់ប្រហារវាយសម្រុកមកលើកងទ័ពកម្ពុជាដែលកំពុងស្ថិតក្នុងទីតាំងលើដែនអធិបតេយ្យ របស់កម្ពុជា និងវាយប្រហារលើគោលដៅស៊ីវិលនានាឥតរើសមុខ ដោយប្រើប្រាស់អាវុធធំតូច និងទំនើបគ្រប់ប្រភេទ ទាំងជើងគោក ជើងទឹក និងជើងអាកាស បង្កនូវមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅយ៉ាងសុខសាន្តនៅតាមតំបន់ទាំងនោះ។ សកម្មភាពបែបនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ បំពានធម្មនុញ្ញអាស៊ាន និងមិនគោរពស្មារតីនៃសហគមន៍អាស៊ានឡើយ។ ម្យ៉ាងទៀត សកម្មភាពបែបនេះក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ មនុស្សធម៌អន្តរជាតិ និងកាតព្វកិច្ចអន្តរជាតិក្នុងការការពារជនស៊ីវិល ទ្រព្យសម្បត្តិវប្បធម៌ជាតិ និងបេតិកភណ្ឌ ពិភពលោក។
រាជរដ្ឋាភិបាលបានឆ្លើយតបនឹងអំពើរំលោភបំពាននេះកងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តសិទ្ធិស្វ័យការពារខ្លួនយ៉ាងរឹងមាំ។ ក្នុងស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរអត់ធ្មត់ប្រកបដោយសុឆន្ទៈ និងភាពស្មោះ ត្រង់ ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីតាមគ្រប់យន្តការ និងស្របតាមច្បាប់អន្តរជាតិ ពិសេសបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ប៉ុន្តែភាគីថៃបានពង្រីកសកម្មភាពវាយ ប្រហារកាន់តែធំឡើង ដោយមិនអនុវត្តនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួនេះឡើយ ដែលធ្វើឱ្យសភាពការណ៍កាន់តែមានសភាពធ្ងន់ធ្ងរ និងមហន្តរាយឡើងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ស្ថិតក្នុងស្ថានការណ៍នេះ សហគមន៍អន្តរជាតិដែលតែងតែផ្តល់តម្លៃខ្ពស់ចំពោះ «សន្តិភាព» មនុស្សធម៌ នីតិ-រដ្ឋ និងវិបុលភាពនោះ បានជំរុញយ៉ាងសកម្មដល់ការខិតខំដោះស្រាយជម្លោះ និងការកំណត់ខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ រួមទាំងការជំរុញអនុវត្តសេចក្តីថ្លែងការណ៍ រួមទីក្រុងគូឡាឡាំពួ។
ក្រោយការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ កម្ពុជា និងថៃ បានឯកភាពអនុវត្តបទឈប់បាញ់ភ្លាម នៅនឹងកន្លែងដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥តទៅ។ ការឯកភាពគ្នានេះ ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជា ណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានបញ្ជាក់នូវការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនាតាមរយៈនិងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានធ្វើកន្លងមក ក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់ សំដៅបញ្ឈប់អរិភាពគ្រប់ទម្រង់ និងដើម្បីបង្កើតនូវសន្តិភាពមួយពិតប្រាកដ និងប្រកបដោយចីរភាព ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាង មុតមាំចំពោះការកសាងទំនុកចិត្ត និងការស្តារប្រក្រតីភាពឡើងវិញ និងសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។
រដ្ឋាភិបាលកម្ពុជាបានបញ្ចាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំ ដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល ទន្ទឹមនោះកម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬ សេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។ ក្នុងស្មារតីនេះ កម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីនាំយកមក វិញនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរ ក៏ដូចដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
រាជរដ្ឋាភិបាលកម្ពុជាក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះគ្រប់ប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសអាស៊ានក្រោមការសម្របសម្រួលរបស់ ប្រទេសម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានដែលបានជួយជ្រោមជ្រែង និងចូលរួមសកម្មក្នុងការស្វែងរកដំណោះស្រាយសន្តិភាពនេះ តាំងពីការរៀបចំបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន។
ក្នុងនាមជាប្រជាជនកម្ពុជាគ្រប់រូបបន្តលើកកម្ពស់ ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារ និងកសាងប្រទេសជាតិយើង។ មានតែកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត រួបរួមគ្នាជាធ្លុងមួយ យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន។ យើងចងចាំប្រវត្តិសាស្ត្រ នេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយដែលអ្នក រំលោភបំពានបានប្រព្រឹត្តមកលើជាតិ មាតុភូមិ និងប្រជាជនយើង។
សូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោម បាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំ ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង។ «សាមគ្គីរស់ សាមគ្គីឈ្នះ» ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ។ ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈ ដ្ឋាន ទាំងក្នុងប្រទេស ទាំងក្រៅប្រទេសក្នុងការផ្តល់ការគាំទ្រពេញទំហឹងទាំង ខាងសម្ភារៈ និងស្មារតីដល់វីរយុទ្ធជននៅសមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅ យ៉ាងលំបាកនៅតាមជម្រកសុវត្ថិភាពនានា។ នេះជាស្មារតីសាមគ្គី ឯកភាពជាតិ និងជាខឿនការពារជាតិរបស់ ប្រជាជនដ៏រឹងមាំ។
ប្រជាជនខ្មែរសូមធ្វើការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះវីរយុទ្ធជន យុទ្ធនារីក្លាហានគ្រប់រូបដែលបានបូជាជីវិត លះបង់សាច់ស្រស់ ឈាមស្រស់ក្នុងសមរភូមិ ដើម្បីការពារអធិបតេយ្យ បូរណភាពដែនដី និងការពារសន្តិភាពជូនជាតិមាតុភូមិទាំងក្នុងអតីតកាល និងបច្ចុប្បន្ននេះ។ រួមគ្នាថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើង៕






