អភិបាលខេត្តព្រះវិហារ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជុំវិញបឹងស្រះឈូក ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ
08-01-2026 15:27
(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្ត្រីរាជការ មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវជុំវិញបឹងស្រះឈូក ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានគាំទ្រការផលិតប្លង់មេ (Master plan) និងគាំទ្រការអភិវឌ្ឍតំបន់នេះ និងសូមថ្លែងអំណរគុណចំពោះលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានផ្តល់ការគាំទ្រដោយអនុញ្ញាតឱ្យខ្ចីប្រើប្រាស់គ្រឿងចក្រ (Excavator) ដើម្បីជួយសម្រួលដល់ដំណើរការសាងសង់ឱ្យកាន់តែឆាប់រហ័ស។
លោក គីម រិទ្ធី បានថ្លែងបញ្ជាក់ទៀតថា គម្រោងស្ថាបនាផ្លូវជុំវិញបឹងស្រះឈូកនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាលខេត្ត ដែលមានការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងធនធានទឹក និងឧតុនិយម។
លោកថា គម្រោងនេះមានគោលដៅប្រែក្លាយតំបន់នេះ ឱ្យទៅជាទីកន្លែងដែលមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភ័ណភាពស្រស់បំព្រង ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ក្នុងក្រុងព្រះវិហារ។ បន្ថែមពីនេះ វានឹងក្លាយជាកន្លែងសាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋមកហាត់ប្រាណ ដើរកម្សាន្ត និងសម្រាកលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ។
លោកអភិបាលខេត្ត បានថ្លែងបញ្ជាក់បន្ថែមថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គឺជាអាទិភាពចម្បងដែលរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត តែងតែយកចិត្តទុកដាក់ខ្ពស់ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋជាមូលដ្ឋាន៕


















