ព្រះគ្រូចៅអធិការវត្តស្វាយរមៀត អាជ្ញាធរ និងលោកគ្រូ អ្នកគ្រូ រៀបចំបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលថវិកាសាងសង់ អគារសិក្សា១ខ្នង នៅសង្កាត់ទឹកវិក ក្រុងសៀមរាប

08-01-2026 15:38

(សៀមរាប)៖ ព្រះគ្រូចៅអធិការវត្តស្វាយរមៀត និងអាជ្ញាធរ រួមជាមួយលោកគ្រូ អ្នកគ្រូ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានរៀបចំបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលថវិកាសាងសង់អគារ សិក្សា១ខ្នង មានបណ្តោយ១២ ម៉ែត្រ គុណ៨ម៉ែត្រ នៃសាលាបឋមសិក្សាបន្ទាយឈើ ស្ថិតនៅសង្កាត់ទឹកវិក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបំពេញត្រូវការរបស់សាលា។ ព្រោះអគារសិក្សានេះ ត្រូវចំណាយថវិកាសាងសង់ចំនួន៦០០០ដុល្លារ។

ព្រះសច្ចានុបាល នឿម វុទ្ធី មានសង្ឃដីកាថា ជាការពិតណាស់រាជរដ្ឋាភិបាល តែងតែបានផ្តល់ដល់អគារសិក្សាជាបន្តបន្ទាប់ ប៉ុន្តែនៅតែមានការខ្វះ ហើយបច្ចុប្បន្ននេះ អគារសាលារៀនមួយចំនួន ក៏បានរងការខូចខាតផ្នែកខ្លះ ត្រូវបានគណៈគ្រប់គ្រងសាលា ធ្វើការជួសជុលជាបន្តបន្ទាប់ និងសាងសង់អគារបន្ថែមផងដែរ។ គណៈគ្រប់គ្រងសាលា កំពុងតែដំណើរការសាងសង់អគារថ្មីនេះដែរ ប៉ុន្តែ កំពុងខ្វះខាតថវិកា សម្រាប់ទ្រទ្រង់នៃដំណើរការសាងសង់។

ព្រះតេជគុណមានសង្ឃដីកាបន្តថា សង្គមជាតិស្ថិតរក្រោមដំបូលនៃសន្តិភាព ធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវឱកាសធ្វើបុណ្យទាន មានជីវភាពសមរម្យ ដែលភាពរីកចម្រើន និងសមទ្ធផល ដែលយើងកំពុងធ្វើពេលនេះ វាជាការចូលរួមយ៉ាងចាំបាច់ទាំងសណ្តានចិត្ត និងការបរិច្ចាគជាថវិកាពីប្រជាពុទ្ធបរិស័ទ ដែលជាកម្លាំងមហាសាមគ្គីមួយ ដែលធ្វើឱ្យយើងសម្រេចបានកិច្ចការធំៗ សម្រាប់ជាតិមាតុភូមិ។

ព្រះអង្គបានអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ ក៏ដូចជាសាធារណៈជនទាំងអស់ ដែលបានបញ្ជូនកូនៗរបស់ខ្លួនមកសិក្សា នៅសាលារៀនបឋមសិក្សាបន្ទាយឈើនេះ សូមចូលរួមថែរក្សា ការពារសមទ្ធិផលនេះឱ្យបានប្រើប្រាស់បានយូរអង្វែង។

សមទ្ធិផលនេះ គឺកើតចេញឡើងពីកម្លាំងញើសឈាមរបស់យើងគ្រប់គ្នា ដែលបានបរិចាកនូវទ្រព្យធន ការរួបចំណែកអភិវឌ្ឍន៍លើវិស័យ អប់រំសិក្សា ពីព្រោះថា ថ្នាក់បឋមនេះហើយ ដែលជាគ្រឹះដ៏រឹងមាំនៃអក្សរសាស្ត្រជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះនៃធនធានមនុស្សសម្រាប់បន្តវេនទៅថ្ងៃអនាគតផងដែរ៕