សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលអំណោយជាថវិកា និងសម្ភារៈ ពីលោកស្រីឧកញ៉ា ទី គឹមស្រ៊ាន ព្រមទាំងស្វាមី អ្នកឧកញ៉ា ឌុក ទីប៉ាណា និងលោកស្រីឧកញ៉ា ហាក់ តាំងណៃ សម្រាប់ចែកជូនដល់វីរយុទ្ធជន និងជនភៀសសឹក
08-01-2026 15:58
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ជាថវិកា និងសម្ភារៈមួយចំនួន ពីលោកស្រីឧកញ៉ា ទី គឹមស្រ៊ាន សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា ព្រមទាំងស្វាមី អ្នកឧកញ៉ា ឌុក ទីប៉ាណា និងពីលោកស្រីឧកញ៉ា ហាក់ តាំងណៃ សម្រាប់បន្តចែកជូនដល់វីរយុទ្ធជន និងជនភៀសសឹក ក្នុងស្មារតីសាមគ្គីជាតិមហាគ្រួសារខ្មែរដ៏រឹងមាំ ឈរពីក្រោយរាជរដ្ឋាភិបាល និងវីរយុទ្ធជន ក្នុងបុព្វហេតុការពារជាតិ និងការពារប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្តានចិត្តប្រកបដោយសប្បុរសធម៌របស់លោកស្រីឧកញ៉ាទាំងពីររូប ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជាកម្លាំងសប្បុរសធម៌មហាគ្រួសារខ្មែរ តាមរយៈសម្តេចក្តី និងតាមរយៈថ្នាក់ដឹកនាំស្ថាប័ននានាក្តី សុទ្ធសឹងជាកាយវិការមនុស្សធម៌ គួរគោរពជាទីបំផុត ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក្នុងស្មារតីមហាគ្រួសារខ្មែរ ជួយសង្គមជាតិ ក្នុងគ្រាដ៏លំបាកនេះ។
អំណោយសប្បុរសធម៌ដែលសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលបាននាឱកាសនេះ រួមមាន៖
ពីលោកស្រីឧកញ៉ា ទី គឹមស្រ៊ាន និងស្វាមី អ្នកឧកញ៉ា ឌុក ទីប៉ាណា មានអង្ករ ១ តោន ខោអាវ ២០ គីប និងថវិកា ២ លានរៀល។
ចំណែកអំណោយពីលោកស្រីឧកញ៉ា ហាក់ តាំងណៃ មានផ្អកត្រីចំនួន ២០០ គីឡូក្រាម និងអាល់កុល ២០ កេស។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា មហាសាមគ្គីគ្រួសារខ្មែរ បានរួមគ្នាជាធ្លុងមួយ ផុសឡើងយ៉ាងរឹងមាំ និងខ្លាំងក្លាជាទីបំផុត ក្នុងគ្រាដែលប្រទេសជាតិជួបការលំបាកនេះ ដោយបានផុសឡើងនៅគ្រប់ប្រទាប់វណ្ណៈ ចាប់ពីប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការ ថ្នាក់ដឹកនាំ រហូតដល់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង។ មហាសាមគ្គីជាតិខ្មែរ គឺជាកម្លាំងចលករដ៏សំខាន់ ឈរយ៉ាងស្វាហាប់ពីក្រោយរាជរដ្ឋាភិបាល និងវីរយុទ្ធជនរបស់យើង ជាខឿនដ៏រឹងមាំ ក្នុងការការពារប្រទេសជាតិ ក្នុងនាម «ខ្មែរជួយខ្មែរ» នៅគ្រប់កាលៈទេសៈ ជាមួយរាជរដ្ឋាភិបាល។
ក្នុងស្មារតីសមរភូមិក្រោយគាំទ្រ និងនៅជាប់ជានិច្ចជាមួយសមរភូមិមុខ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិក សមាជិការដ្ឋសភា ព្រមទាំងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលរួមយ៉ាងសស្រាក់សស្រាំ ទាំងថវិកា កម្លាំងកាយចិត្ត ចុះសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ជូនវីរយុទ្ធជន និងពលរដ្ឋភៀសសឹក គ្រប់គោលដៅ យ៉ាងមមាញឹកជាទីបំផុត។
ចំពោះអំណោយសប្បុរសធម៌ ដែលរដ្ឋសភាទទួលបានតាមរយៈសម្តេចប្រធានរដ្ឋសភា ត្រូវបានបែងចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមាន ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង សម្រាប់បន្តចែកជូនដល់វីរយុទ្ធជន និងពលរដ្ឋភៀសសឹក។ ក្រៅពីនេះ ថវិកា និងសម្ភារៈមួយចំនួនទៀត ក៏ត្រូវបានបែងចែកជូនវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជូនដល់ក្រុមគ្រួសារវីរយុទ្ធជន ដែលបានពលីជីវិតផងដែរ។
រដ្ឋសភានៅតែបន្តទទួលអំណោយសប្បុរសធម៌ និងធ្វើការបែងចែកអំណោយទាំងនោះ តាមគោលដៅតម្រូវការ ដើម្បីផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ច រវាងយុទ្ធជនជួរមុខ និងពលរដ្ឋជួរក្រោយ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានជំនឿជាក់លើថ្នាក់ដឹកនាំជាតិ រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកម្ពុជាទាំងអស់ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ប្រើប្រាស់យន្តការអន្តរជាតិ និងយន្តការទ្វេភាគី ខិតខំការពារបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រឡើយ៕






















