ស្ថានទូតវៀតណាមប្រចាំកម្ពុជា ចង់ឃើញប្រទេសក្នុងតំបន់មានសន្តិភាព រួមគ្នាអភិវឌ្ឍ និងដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ

08-01-2026 16:22

(ភ្នំពេញ)៖ លោក ង្វៀន មិញ វូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានឆ្លើយតបនឹងសំណួររបស់ Fresh News ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយចង់ឲ្យភាគីទាំងអស់ ដោះស្រាយ រាល់ជម្លោះ និងបញ្ហា តាមច្បាប់អន្តរជាតិ ដើម្បីឲ្យក្នុងតំបន់រួមគ្នាកសាងសន្តិភាព និងអភិវឌ្ឍន៍។

លោកឯកអគ្គរដ្ឋទូតបានថ្លែងបែបនេះ នៅក្នុងការឆ្លើយសំណួររបស់បណ្ដាញព័ត៌មាន Fresh News ក្នុងឱកាសដែលស្ថានទូតវៀតណាមប្រចាំកម្ពុជា បានរៀបចំកិច្ចពិភាក្សាជាមួយភាគីកម្ពុជា អំពី «បក្សកុម្មុយនិស្តវៀតណាមក្នុងយុគសម័យអភិវឌ្ឍថ្មីរបស់ប្រទេសវៀតណាម» ក្នុងឱកាសសមាជជាតិ លើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម។

លោក ង្វៀន មិញ វូ បានថ្លែងយ៉ាងដូច្នេះថា៖ «វៀតណាមមានគោលបំណងចង់ឲ្យប្រទេសនៅក្នុងតំបន់អាស៊ានមានសន្តិភាព រួមគ្នាអភិវឌ្ឍន៍ ហើយរាល់ជម្លោះគួរតែដោះស្រាយតាមច្បាប់អន្តរជាតិ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនឱ្យក្លាយជាខ្សែបន្ទាត់ព្រំដែនសន្តិភាព និងមិត្តភាព ដូចជាខ្សែបន្ទាត់ព្រំដែនកម្ពុជា ដែលត្រូវបានរួមគ្នាអភិវឌ្ឍ ព្រោះសេដ្ឋកិច្ចគឺសំខាន់ណាស់ ហើយយើងគួររួមគ្នាមានការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន»

ឯកអគ្គរដ្ឋទូតបានបន្តទៀតថា៖ «ជាពិសេសនៅតំបន់ព្រំដែន ប្រជាជននៅតាមបណ្ដោយព្រំដែនកម្ពុជា អាចចេញចូលពិនិត្យសុខភាព និងចំណាយ ដូចប្រជាជនវៀតណាមដែរ ដោយមិនត្រូវបង់ថ្លៃខ្ពស់ជាងប្រជាជនវៀតណាមឡើយ។ លើសពីនេះ និស្សិតកម្ពុជាដែលបានសិក្សានៅសាកលវិទ្យាល័យនៅវៀតណាម ក៏ត្រូវបានគេគាំទ្រដូចនិស្សិត និងសិស្សវៀតណាមដែរ។ នេះជាចំណុចបង្ហាញពីទំនាក់ទំនងល្អប្រសើរជាងប្រទេសដទៃ ហើយជួយរក្សាបាននូវមនោសញ្ចេតនា ដើម្បីបណ្ដុះសាមគ្គីភាព មិត្តភាព និងបញ្ចៀសជម្លោះ»

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ប្រទេសមិនអាចផ្លាស់ទីទៅកន្លែងផ្សេងបានទេ ដូច្នេះមានតែការចេះរស់នៅជាមួយគ្នា និងអភិវឌ្ឍន៍ជាមួយគ្នាប៉ុណ្ណោះ ទើបអាចធ្វើឲ្យប្រទេសជិតខាងមានភាពសុខដុមរមនា និងក្លាយជាប្រទេសជិតខាងល្អជាមួយគ្នា៕