អាជ្ញាធរខេត្តកោះកុង អំពាវនាវប្រជានេសាទនៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ធ្វើនេសាទនៅតំបន់ជិតៗដែនសមុទ្រកម្ពុជា
08-01-2026 17:12
(កោះកុង)៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជានេសាទក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានអំពាវនាវដល់ប្រជានេសាទ នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ធ្វើនេសាទនៅតំបន់ជិតៗដែនសមុទ្រកម្ពុជា។
នាឱកាសនោះដែរ លោកស្រី ឈី វ៉ា បានសំណូមពរឱ្យបងប្អូនមេត្តាផ្សព្វផ្សាយនូវព័ត៌មានពិតមានប្រភពច្បាស់លាស់ព័ត៌មាន ដែលមានលក្ខណៈវិជ្ជមានចំពោះបញ្ហាសន្តិសុខជាតិរបស់យើងចៀសវាងដាច់ខាត នៅការផ្សាយព័ត៌មានមិនពិត មិនច្បាស់លាស់។
លោកស្រី ឈី វ៉ា បានថ្លែងថា ក្នុងនាមគណៈអភិបាលខេត្តសូមចូលរួមរំលែកការលំបាកជាមួយបងប្អូនទាំងអស់គ្នាក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដែលមានជនភៀសសឹកទៅកាន់ទីជម្រកសុវត្ថិភាពនានា។ ពេលនេះបងប្អូនបានត្រឡប់មកលំនៅដ្ឋានគ្រប់គ្នាវិញហើយ និងបានប្រកបអាជីវកម្មជាធម្មតាឡើងវិញ។ អាជ្ញាធរក្រុងស្រុកឃុំ សង្កាត់ កំពុងបន្តសម្របសម្រួលជូនបងប្អូនដើម្បីធ្វើអាជីវកម្ម និងប្រកបមុខរបររៀងខ្លួន ហើយក៏កំពុងបន្តពិនិត្យមើលការលំបាករបស់បងប្អូដើម្បីអាចជួយឧបត្ថម្ភតាមលទ្ធភាពជាក់ស្ដែង។
លោកស្រីអភិបាលខេត្ត បានបន្តថា ក្នុងស្ថានភាពនៃទំនាស់ព្រំដែនរវាងថៃ-ខ្មែរ នៅមានលក្ខណៈស្រួចស្រាលនៅឡើយ។ ជាពិសេសក្នុងកាលៈទេសៈដែលភាគីទាំងសងខាងត្រូវគោរពឱ្យបានមឺងម៉ាត់នៅបទឈប់បាញ់ ដែលចុះហាត់លេខាដោយរដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅ អាជ្ញាធរសូមសំណូមពរដល់ប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងគោលដៅរក្សាបានល្អនៅបទឈប់បាញ់។ រាជរដ្ឋាភិបាលយើងបាននឹងកំពុងខិតខំរកដំណោះស្រាយគ្រប់ពិធីទាំងសមរភូមិប្រយុទ្ធ និងសមរភូមិកាទូតដើម្បីដោះស្រាយបញ្ហាព្រំដែន និងបញ្ហាអរិភាពនានាជាមួយប្រទេសថៃ ដោយសន្តិវិធី។
លោកស្រីបានបន្ថែមថា សូមបងប្អូនប្រជានេសាទមានភាពស្ងប់ស្ងាត់ដើម្បីឱ្យអាជ្ញាធររកវិធីដោះស្រាយក្នុងហេតុការណ៍ដែលកងទ័ពថៃចាប់ខ្លួនប្រជាភាសាទចំនួន ៤នាក់ពេលថ្មីៗនេះ។ ដូច្នេះ សូមឱ្យបងប្អូនក្រុមគ្រួសាររក្សាភាពស្ងប់ស្ងាត់ដើម្បីឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ធ្វើការដោះស្រាយជាមួយនឹងភាគីថៃដើម្បីរំដោះបងប្អូនប្រជានេសាទឱ្យបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញក្នុងរយៈពេលឆាប់ៗនេះ។
លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថាបងប្អូនបានស្ដាប់នៅគោលការណ៍ពាក់ព័ន្ធនានាជាមួយការចុះបញ្ជីទូកនេសាទការសុំច្បាប់ធ្វើនេសាទ និងធ្វើចរាចរណ៍ផ្លូវទឹកទាំងនេះគឺជាគោលការណ៍ដែលច្បាប់កំណត់ ដូច្នេះសូមបងប្អូនប្រជានេសាទាំងអស់ចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍កំណត់របស់ច្បាប់ជាពិសេសការជួបបញ្ជីទូកនេសាទឱ្យបានគ្រប់ៗគ្នា។
លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឱ្យដឹងថា ការជំរឿនទូកជាមួយរដ្ឋបាលជលផលចុះបញ្ជីទូកចំនួន ៣,៣៩៦គ្រឿង ក្នុងឆ្នាំ២០១៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង, ចុះបញ្ជីនៅមន្ទីរបានចំនួន ៦៣៣គ្រឿង, ចុះបញ្ជីនៅច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តបានចំនួន ៤៩៦គ្រឿង សរុបចំនួន ១ ១២៩គ្រឿង ហើយនៅមិនទាន់ចូលបញ្ជីចំនួន ២,២៦៧គ្រឿង ចុះបញ្ជីបានតែជាង ៣៣,២៥% នៃចំនួនទូកដែលបានជំរឿនមិនទាន់គិតការចុះបញ្ជីនៅក្រសួងស្ថាធារណការ និងដឹកជញ្ជូនទេ។
សារៈសំខាន់ដែលត្រូវជួបបញ្ជី, ងាយស្រួលក្នុងការគ្រប់គ្រងនាវា, ពេលមានករណីដែលកើតឡើង, ដោយយថាហេតុផ្ដល់កម្មសិទ្ធិស្របច្បាប់ដល់ប្រជាពលរដ្ឋ។ដែលរស់នៅតាមតំបន់ឆ្នេរ, ងាយស្រួលផ្ដល់ច្បាប់អនុញ្ញាតប្រកបអាជីវកម្មផ្សេងៗដូចជាធ្វើនេសាទដឹកនាំជាដើម, ងាយក្នុងការលក់ដូរឬផ្ទេរកម្មសិទ្ធិស្របច្បាប់, ងាយស្រួលសមត្ថកិច្ចស្រាវជ្រាវពេលមានករណីចោរលួចរឿងដឹករបស់ខុសច្បាប់ ឬមានឧប្បវេតុអ្វីដែលកើតឡើង៕


















