រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត របស់អ្នកឧកញ៉ា គិត ម៉េង រួមគ្នាបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់ការកែច្នៃកសិផល លើផ្ទៃដីប្រមាណ៣០០ហិកតា
08-01-2026 17:13
(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត ម.ក. (Royal Group Phnom Penh SEZ Plc.) របស់អ្នកឧកញ៉ា គិត ម៉េង នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាព ក្នុងការបង្កើតសួនកសិ-ឧស្សាហកម្ម ក្នុងខេត្តកំពង់ធំ សម្រាប់ការកែច្នៃកសិផលនានា នៅលើផ្ទៃដីប្រមាណ ៣០០ហិកតា ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ។
នាឱកាសនោះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា ចុះអនុស្សរណៈនេះ គឺសម្រាប់ការកែច្នៃកសិផលនានា ដែលមិនផ្តោតលើការកែច្នៃគ្រាប់ស្វាយចន្ទីនោះទេ។ គម្រោងសួនកសិ-ឧស្សាហកម្មខេត្តកំពង់ធំ ដែលបានចាប់ផ្តើមសិក្សានាពេលនេះ ជាគម្រោងអមនឹងគម្រោងធំសួនឧស្សាហកម្មកែឆ្នៃគ្រាប់ស្វាយចន្ទី ដែលគម្រោងទាំងពីរនេះ កំពុងត្រូវបានផ្តួចផ្តើម ជំរុញ និងគាំទ្រ ប្រកបដោយការយកចិត្តខ្ពស់ ពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក នួន ផារ័ត្ន បានបន្ថែមទៀតថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងស្វាហាប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកំពង់ធំ បាននិងកំពុងខិតខំធ្វើយ៉ាងណា អភិវឌ្ឍសេដ្ឋកិច្ចខេត្ត សំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត ម.ក. (Royal Group Phnom Penh SEZ Plc.) បានថ្លែងកោតសរសើរ ដល់ការអភិវឌ្ឍរបស់ខេត្តកំពង់ធំ និងបានថ្លែងពីបំណងរបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចខេត្ត លើកកម្ពស់សេដ្ឋកិច្ចខេត្ត និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។
លោកនាយកប្រតិបត្តិក្រុមហ៊ុន បានបន្ថែមថា ដោយសង្កេតឃើញពីសក្តានុពលរបស់ខេត្តកំពង់ធំ លោកមានសុទិដ្ឋិនិយមខ្ពស់លើភាពជោគជ័យនៃគម្រោងនេះ។
ជាមួយគ្នានោះដែរ លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា ការបង្កើតជាសួនកសិឧស្សាហកម្ម គឺជាការបង្កើតជម្រើសមួយ ក្នុងការកសាងសេដ្ឋកិច្ចខេត្តកំពង់ធំ មានសេដ្ឋកិច្ចរឹងមាំ យូរអង្វែង។ លើសពីនេះទៀត ការបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់កែច្នៃកសិផលនានា នៅក្នុងខេត្តកំពង់ធំ មុននឹងនាំចេញផលិតផលទាំងនោះ ទៅកាន់ទីផ្សារ នឹងជួយបង្កើនតម្លៃកសិផល ហើយផលិតផលទាំងនោះ នឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីទីផ្សារ ថែមទាំងបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ។
លោកបណ្ឌិតបន្ថែមទៀតថា កសិផលកម្ពុជា មិនទាន់កែច្នៃជាច្រើន ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាង ហើយប្រទេសទាំងនោះ យកទៅកែច្នៃជាផលិតផល មានតម្លៃជាងកសិផលដើម៕












