ឆេះរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស «តាយ សេង៣»​ ស្រុកចន្ទ្រា,​ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង បាញ់ពន្លត់ទាំងស្រុង

08-01-2026 17:53

(ស្វាយរៀង)៖ មានករណីអគ្គីភ័យឆាបឆេះចំណុចរោងចក្រសូដូ ក្នុងតំបន់តាយសេង៣ ស្ថិតនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ត្រូវបានសមត្ថកិច្ចបាញ់ទឹកពន្លត់ទាំងស្រុង ដោយប្រើប្រាស់រថយន្ត៣គ្រឿង និងមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។

សមត្ថកិច្ចនគរបាលស្រុកចន្ទ្រា បានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះរោងចក្រតំបន់សេដ្ឋកិច្ចពិសេស «តាយសេង៣» នេះ បានកើតឡើងកាលពីវេលាម៉ោង១៤៖១៥នាទីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដោយសារមូលហេតុជាងផ្សារដែក ធ្លាក់កំទិចភ្លើងបណ្តាលឲ្យឆេះ។

សមត្ថកិច្ចបានបន្តថា កម្លាំងអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងរថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និង កម្លាំងរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកស្វាយទាប ប្រើប្រាស់កម្លាំងសរុបរួម ចំនួន ២០នាក់ ប្រើប្រាស់ឡានទឹក៣គ្រឿង អស់ទឹក១ឡាន ពន្លត់រលត់បានទាំងស្រុង៕