Fresh Exclusive: ក្រោយសង្គ្រាម ២១ថ្ងៃ៖ វីដេអូតាមបណ្តាញសង្គម លាតត្រដាងទង្វើទាហានថៃរីករាយនឹង ការបំពានលើទ្រព្យសម្បត្តិអ្នកស្រុកខ្មែរ (Video inside)

08-01-2026 18:21

(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃមកនេះ ការផ្សព្វផ្សាយរូបថត និងវីដេអូ បង្ហាញអំពីទង្វើរបស់ទាហានថៃ ក្នុងឯកសណ្ឋាន ដែលប្រព្រឹត្តនូវការលូច ប្លន់ និង បំផ្លាញទ្រព្យសម្បត្តិអ្នកស្រុក តាមភូមិមួយចំនួនដែលពួកគេបានចូលគ្រប់គ្រង បានធ្វើឱ្យសហគមន៍អន្តរជាតិ មានការភ្ញាក់់ផ្អើល និងព្រួយបារម្ភជាខ្លាំង។
Fresh Exclusive មានអត្ថបទអត្ថាធិប្បាយស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

នៅពេលដែលគ្រាប់កាំភ្លើងលែងឮស្នូរផ្ទុះ ក្រោយសង្គ្រាម ២១ថ្ងៃ បន្ទាប់ពីការជួយសម្រួលការទូត ដោយភាគីចិន និងសហគមន៍អន្តរជាតិ ភាពស្ងៀមស្ងាត់នៅតាមបណ្តាភូមិខ្មែរនាជាយព្រំដែនកម្ពុជា មិនបានស្ងប់ស្ងាត់ដូចការឈប់បាញ់គ្នាឡើយ។ ផ្ទុយទៅវិញ រូបភាព និងវីដេអូជាច្រើន ត្រូវបានទាហានថៃខ្លះបង្ហោះលើបណ្តាញសង្គម ដើម្បីបង្ហាញថា «មានអ្វីកើតឡើង» បន្ទាប់ពីពួកគេបានចូលមកក្នុងទឹកដីខ្មែរ។ ប៉ុន្តែអ្វីដែលពិភពលោកបានមើលឃើញ គឺរូបភាពនិងវីដេអូទាំងនោះ មិនមែនជាភស្តុតាងនៃទាហាន ដែលមានវិជ្ជាជីវៈថ្លៃថ្នូរនោះទេ វាជារូបភាពដែលធ្វើឱ្យពលរដ្ឋខ្មែរ កាន់តែឈឺចាប់ និងបង្កើតឱ្យមានសំណួរធ្ងន់ធ្ងរមួយលេចឡើង អំពីវិន័យ សីលធម៌ និងអត្តសញ្ញាណទាហានថៃក្នុងសង្គ្រាមសម័យទំនើបនេះ។

អត្ថបទនេះ បានឆ្លុះបញ្ចាំងនូវឥរិយាបថរបស់ទាហានថៃ តាមរយៈសកម្មភាពរបស់ពួកគេ ដែលបានប្រព្រឹត្ត ក្រោមរូបភាពវីដេអូបង្ហោះលើបណ្តាញសង្គម បន្ទាប់ពីការវាយលុក និងការកាន់កាប់តំបន់មួយចំនួនលើទឹកដីកម្ពុជា ក្នុងសង្គ្រាមដែលផ្ទុះឡើងជាលើកទី២។

យោងតាមក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងផ្ទុះសង្គ្រាម២១ថ្ងៃជាលើកទីពីរនោះ កងទ័ពថៃបានវាយលុក និងកាន់កាប់តំបន់មួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ ទង្វើដែលបំពានលើបទឈប់បាញ់ ដែលមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង ប្រធានអាស៊ានប្តូរវេន លោកអាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី និងក៏ផ្ទុយពីមាត្រា ២(៣) និងមាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងមាត្រា ៥៣ នៃអនុសញ្ញាទី៤ ក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងមាត្រា ៥២ នៃពិធីសារបន្ថែមទី១ ឆ្នាំ១៩៧៧។

នៅក្នុងក្របខណ្ឌច្បាប់ និងស្តង់ដារអន្តរជាតិទាំងនេះ ឥរិយាបថលួច ប្លន់ ប្រើហិង្សា និងការថតរូបបង្ហោះបង្ហាញការបំពានលើទ្រព្យសម្បត្តិប្រជាពលរដ្ឋស្លូតត្រង់ មិនអាចត្រូវបានចាត់ទុកថា ជាឥរិយាបថទាហានមានវិជ្ជាជីវៈបានឡើយ ប៉ុន្តែផ្ទុយទៅវិញ វាជាសញ្ញាព្រមានធ្ងន់ធ្ងរមួយអំពីទាហានដែលគ្មានសីលធម៌ និងវិជ្ជាជីវៈ និងថែមទាំងមិនគោរពច្បាប់មនុស្សធម៌អន្តរជាតិថែមទៀត។

* វីដេអូបណ្តាញសង្គម ចងក្រងភស្ថុតាងទង្វើរបស់ទាហានថៃ

រូបភាព និងវីដេអូ ដែលបានចែករំលែក លើបណ្តាញសង្គម បានបង្ហាញនូវសកម្មភាពនៃទាហានថៃក្នុងឯកសណ្ឋាន ដែលចូលទៅដល់ក្នុងលំហរស៊ីវិល បង្ហាញភាពរីករាយក្នុងការ ប្រមូលយកឥវ៉ាន់និងទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរ ដែលទង្វើនេះមិនខុសពីទង្វើនៃក្រុមចោរប្លន់ឡើយ។

យោងតាមច្បាប់អន្តរជាតិ វិន័យយោធាវិជ្ជាជីវៈ និងច្បាប់យោធាតាមប្រទេសជាច្រើនលើ សកលលោក បានហាមឃាត់ និងដាក់ពិន័យធ្ងន់ធ្ងរចំពោះការលួច ប្លន់ ឬយកទ្រព្យសម្បត្តិសាធារណៈ ស៊ីវិល ដែលទង្វើទាំងនោះ គឺជាបទល្មើសធ្ងន់ មិនថាកើតឡើងក្នុងសង្គ្រាម ឬក្រោយបទឈប់បាញ់ក៏ដោយ។ ការប៉ះពាល់ ឬយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយមិនមានការបង្ហាញអំពីហេតុផលយោធា ឬការយល់ព្រមពីម្ចាស់ផ្ទះ គឺជាអំពើបំពានសីលធម៌និងវិជ្ជាជីវៈយោធាដែលមានវិន័យ។ ប៉ុន្តែលំនាំនៃទង្វើរបស់ទាហានថៃ បើផ្អែកតាមរួបភាពបង្ហោះលើបណ្តាញសង្គមនេះជាសញ្ញាថា ទាហាន ដែលស្ថិតក្នុងឯកសណ្ឋានយោធាថៃ គឺជាទាហានដែលបាត់បង់វិន័យរបស់ខ្លួនអស់ទៅហើយ។

យោងតាមរូបភាពដែលបានបង្ហោះ ទាហានថៃម្នាក់ បានប្រើហិង្សាលោតធាក់ «រូបព្រះភូមិ» ដោយមិនដឹងថាហេតុអ្វីបានជាទីសក្ការៈព្រះភូមិនៃជំនឿរបស់ប្រជាពលរដ្ឋនោះ ក៏ត្រូវថៃចាត់ ទុកជាសត្រូវរបស់ខ្លួនដែរ? រូបវីដេអូ បានបង្ហាញទាហានថៃ ដុតលុយ និងហែកលុយខ្មែរ ដែលជាវត្ថុគ្មានបង្កគ្រោះថ្នាក់ដល់ជីវិត, ទាហានថៃដទៃទៀត កាន់អាវុធមុតស្រួច វាយបំបែក គ្រឿងសង្ហារឹម ដែលដេកនៅស្ងៀម, ខ្លះសប្បាយនឹងការលួចបានលុយដុល្លារ, ខ្លះសប្បាយ ចិត្តនឹងការលួចម៉ូតូ លួចឡាន និងខ្លះសប្បាយចិត្ត នៅពេលប្រមូលបានយកសត្វចិញ្ចឹម ក្នុងស្រុក, យកចានឆ្នាំង, លួចកាប់ចេកទាំងស្ទង និង ខ្លះថែមទាំងបានប្រ មាថជាន់ឈ្លី ដល់ព្រះឆាយាលក្ខណ៍ព្រះបរមរតនកោដ្ឋនៃព្រះរាជាណាចក្រ កម្ពុជា និង មានរួបជា ច្រើនទៀត ដែលបង្ហាញពីទង្វើឥតសីលធម៌នៃទាហានដែលគ្មានវិន័យ និងវិជ្ជាជីវៈ។ គេស្ទើរ តែមិនជឿថា ទាហានថៃ បែរជាក្លាយទៅជាទាហានដែលប្រព្រឹត្តអំពើលួច ប្លន់ ដូចចោរ ហារយ លួចវត្ថុកំប៉ិកកំប៉ុក នោះឡើយ។

* លួច ប្លន់ ហើយ ថែមទាំងបង្ហោះបញ្ឈឺចិត្តទៀត

អ្វីដែលធ្វើឱ្យសង្គមខ្មែរ ឈឺចាប់ជាងគេ គឺមិនត្រឹមតែអំពើលួចប្លន់ទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែការថតជារូបភាព ថតវីដេអូ ដោយពួកទាហានថៃ ហើយថែមទាំងបង្ហោះបង្ហាញជាសាធារណៈថែមទៀត ដែលទង្វើនេះ មិនដឹងជារកលេខអ្វីដាក់ឱ្យសមនឹងទង្វើទាហាននៃប្រទេសមួយ ដែលតែងតែអួតអំពីវិជ្ជាជីវៈយោធានោះឡើយ។ ទង្វើបែបនេះ មិនត្រឹមបំពានលើទ្រព្យសម្បត្តិទេ ប៉ុន្តែបំពានលើសេចក្តីថ្លៃថ្នូរ និងមនុស្សធម៌របស់ប្រជាពលរដ្ឋស្លូតត្រង់ថែមទៀត។

តាមស្តង់ដារយោធាវិជ្ជាជីវៈ ទាហានត្រូវការពារប្រជាពលរដ្ឋ មិនមែនជាក្រុមទៅបំផ្លាញទ្រព្យ សម្បត្តិពលរដ្ឋនៃប្រទេសម្ខាងទៀត ដោយបង្ហាញនូវក្តីសប្បាយឈឺចាប់លើគំនរទុក្ខរបស់ ពលរដ្ឋដែលគេរំលោភយកដី, យកផ្ទះ ហើយថតរូបបញ្ឈឺចិត្តទៀតឡើយ។ ការលួច ប្លន់ និងប្រើអំណាចបណ្តាញពលរដ្ឋអ្នកស្លូតត្រង់គ្មានអាវុធចេញពីផ្ទះ ហើយចូលទៅលួចប្លន់ទ្រព្យ សម្បត្តិរបស់គេទៀតនោះ មិនមែនជាសកម្មភាពយោធា ប៉ុន្តែជាអាកប្បកិរិយាចោរប្លន់ ដែលឯកសណ្ឋានយោធា មិនអាចបិទបាំងបានឡើយ។

* នៅពេលពិភពលោកឃើញទង្វើនេះ តើប្រទេសមួយដែលប្រព្រឹត្តនោះ អាចគេចផុតពីភាពអៀនខ្មាស់បានដែរឬទេ?

នៅក្នុងសម័យ ដែលសង្គ្រាមមិនត្រឹមត្រូវបានគេរាយការណ៍តាមសារព័ត៌មាន ឬតាមសេចក្តីថ្លែងការណ៍ផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានឃើញដោយភ្នែកពិភពលោក តាមរយៈកាមេរ៉ា និងបណ្តាញសង្គម, ឥរិយាបថអសីលធម៌របស់ទាហាននៃប្រទេសណាមួយនោះ មិនអាចលាក់បាំងក្រោយពាក្យ «សន្តិសុខ» ឬ «ប្រតិបត្តិការយោធា» បានឡើយ។ ពេលទាហានក្នុងឯកសណ្ឋាន បង្ហាញអំពើលួច ប្លន់ ប្រមាថ និងបំពានលើទ្រព្យសម្បត្តិស៊ីវិល នោះអ្វីដែលត្រូវបំផ្លាញ មិនមែនត្រឹមតែផ្ទះសម្បែងប្រជាពលរដ្ឋនោះទេ ប៉ុន្តែជាឈ្មោះប្រទេស កិត្តិយសជាតិ និងភាពជឿជាក់របស់សង្គមអន្តរជាតិផងដែរ។

តាមច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសអនុសញ្ញាទី៤ ក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងពិធីសារបន្ថែមទី១ ឆ្នាំ១៩៧៧ ការលួច ឬបំផ្លាញទ្រព្យសម្បត្តិស៊ីវិល ដោយគ្មានហេតុផលយោធាចាំបាច់ គឺជាអំពើហាមឃាត់យ៉ាងតឹងរ៉ឹង ហើយអាចនាំឱ្យមានការទទួលខុសត្រូវទាំងផ្លូវច្បាប់ និងផ្លូវនយោបាយ។ ក្នុងសង្គ្រាមសម័យទំនើប ដែលមានបទឈប់បាញ់ និងមានសាក្សីអន្តរជាតិ ការបំពានបែបនេះមិនអាចត្រូវបានចាត់ទុកថាជា «កំហុសបុគ្គល» ឬ «អំពើចៃដន្យ» បានឡើយ។

សំណួរដែលពិភពលោកកំពុងសួរ មិនមែនសួរដោយអារម្មណ៍ជាតិនិយមនោះទេ ប៉ុន្តែសួរដោយស្តង់ដារអារ្យធម៌៖ តើមានទាហានអាជីពនៅប្រទេសណាមួយ ដែលអាចអួតអាងអំពីវិជ្ជាជីវៈយោធា ខណៈទង្វើដែលបានឃើញជាក់ស្តែង ត្រឡប់ទៅជាអំពើចោរប្លន់នៅក្នុងភូមិស៊ីវិលដែរឬទេ?

តើមេដឹកនាំនយោបាយ និងយោធារបស់ថៃ អាចពន្យល់ដល់សហគមន៍អន្តរជាតិយ៉ាងដូចម្តេច ចំពោះឥរិយាបថទាហានរបស់ខ្លួន ដែលប្រព្រឹត្តអំពើបំពានយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៃប្រទេសមួយ ដែលខ្លួនបានរំលោភបំពានលើទឹកដីរបស់គេ?

នៅពេលដែលវីដេអូទាំងនេះ ត្រូវបានចែករំលែក និងកត់ត្រាទុកជាភស្តុតាងសាធារណៈ សំណួរអំពី «ភាពអៀនខ្មាស់» មិនមែនជាបញ្ហាអារម្មណ៍ទៀតឡើយ ប៉ុន្តែជាបញ្ហាប្រវត្តិសាស្ត្រ និងការទទួលខុសត្រូវ។ ព្រោះអំពើដែលត្រូវបានថត និងបង្ហាញជាសាធារណៈ នឹងមិនបាត់បង់ទៅជាមួយពេលវេលាទេ វានឹងនៅជាស្នាមអាម៉ាស ដែលប្រវត្តិសាស្ត្រមនុស្សជាតិ កត់ត្រាទុកជាភស្តុតាងអំពីអ្វីដែលកើតឡើង នៅពេលវិន័យយោធា និងអារ្យធម៌ត្រូវបានបោះបង់។

សង្គ្រាមអាចបញ្ចប់ដោយបទឈប់បាញ់ ប៉ុន្តែសេចក្តីទុកចិត្ត និងសេចក្តីថ្លៃថ្នូរ មិនអាចស្តារឡើងវិញបាន ប្រសិនបើវិន័យយោធា ត្រូវបានបោះបង់។ រូបភាព និងវីដេអូពីភូមិខ្មែរ ក្រោយសង្គ្រាម ២១ថ្ងៃ កំពុងប្រាប់ពិភពលោកយ៉ាងច្បាស់ថា ឯកសណ្ឋានយោធា មិនមែនជាអាជ្ញាប័ណ្ណសម្រាប់លួច ប្លន់ ឬបំពានលើប្រជាពលរដ្ឋឡើយ។ ប្រសិនបើទាហានណាមួយ មិនអាចគោរពច្បាប់មនុស្សធម៌ និងស្តង់ដារវិជ្ជាជីវៈបាន នោះបញ្ហា មិនមែនស្ថិតនៅលើសមរភូមិទេ ប៉ុន្តែស្ថិតនៅលើសីលធម៌ និងវិន័យ ដែលកងទ័ពនោះបានបាត់បង់ទៅហើយ៕