រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អនុញ្ញាតឲ្យសមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ

08-01-2026 18:57

(ភ្នំពេញ)៖ សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក) បានទទួលនូវការអនុញ្ញាត ពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដើម្បីអនុញ្ញាតឲ្យគណៈប្រតិភូសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦។

គណៈប្រតិភូសមាគម សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក) ដឹកនាំដោយ លោកស្រី កែវ ឡាំងចេង សហស្ថាបនិក និងប្រធានសមាគម ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ គណៈកម្មការប្រតិបត្តិ ទីប្រឹក្សា និងសមាជិកសមគម ដែលជាអ្នកជំនាញផ្នែកច្បាប់ និងកម្មសិទ្ធិបញ្ញា។

ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាផ្តោតលើការជំរុញការចុះបញ្ជី និងការការពារស្នាដៃកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងការចូលរួមស្រាវជ្រាវសន្ធិសញ្ញា អនុសញ្ញាអន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ជាសមាជិកហត្ថលេខី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា នៅថ្នាក់ជាតិ និងថ្នាក់តំបន់។

ជាមួយគ្នានេះផងដែរ ភាគីទាំងពីរ បានឯកភាពគ្នា ជាគោលការណ៍លើទិសដៅសហប្រតិបត្តិការ នាពេលខាងមុខ ដែលរួមមាន៖ ការចុះអនុស្សរណៈយោគយល់ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមលើកកម្ពស់ពាណិជ្ជ កម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក) ព្រមទាំងការសហការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ខ្មែរ នៅខេត្តសៀមរាប និងការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ក្នុងវិស័យកម្មសិទ្ធិបញ្ញា។

លោកស្រីរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពដែលផ្តល់ប្រយោជន៍ដល់ជាតិ និងសាធារណជន ដោយបញ្ជាក់ថា ក្រសួងនឹងបន្តដើរតួនាទី ជាអ្នកសម្របសម្រួល និងគាំទ្រ ផ្នែកបច្ចេកទេស ស្របតាមបទប្បញ្ញត្តិ និងគោលការណ៍ច្បាប់ជាធរមាន។

សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីបណ្ឌិតសភាចារ្យ លោក លោកស្រី និងថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ការទទួលស្វាគមន៍ និងការផ្តល់យោបល់ដ៏មានតម្លៃ ហើយមានក្តីសង្ឃឹមចំពោះការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នាពេលខាងមុខ ដើម្បីរួមចំណែក លើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញា វប្បធម៌ និងវិចិត្រសិល្បៈ ឱ្យមានភាពចីរភាព សមស្រប តាមស្តង់ដារអន្តរជាតិ និងសក្តានុពលប្រកួតប្រជែងរបស់កម្ពុជា៕