លោកបណ្ឌិត គិន ភា៖ កម្ពុជា-វៀតណាម រួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល ដើម្បីសម្រេចបានសមិទ្ធផលកាន់តែធំធេង ទាំងក្នុងក្របខណ្ឌជាតិនិងលើឆាកអន្តរជាតិ
08-01-2026 19:16
(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នៅចំពោះមុខបរិបទផ្ទៃក្នុងនិងសកលលោក ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកំពុងមានសន្ទុះរីកចម្រើនយ៉ាងស្វាហាប់លើគ្រប់វិស័យ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវភាពរឹងមាំនិងភាពមិនអាចបំបែកបាននៃទំនាក់ទំនងទ្វេភាគី។
ការលើកឡើងបែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាស្ដីពី «បក្សកុម្មុយនិស្តវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសវៀតណាម» នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីអបអរសាទរសមាជជាតិលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម ដែលនឹងប្រព្រឹត្តិនៅទីក្រុងហាណូយ ទៅចាប់ពីថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។
លោកបណ្ឌិត គិន ភា បានបញ្ជាក់ទៀតថា៖ «កម្ពុជានិងវៀតណាមបានឯកភាពថា ការពង្រឹង និងការលើកកម្ពស់ចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ មានសារៈសំខាន់ជាសារវន្តសម្រាប់ប្រជាជាតិទាំងពីរ។ ជារួមគោលនយោបាយការបរទេសដែលប្រទេសទាំងពីរអនុវត្តចំពោះគ្នា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវភាពរឹងមាំនិងភាពមិនអាចបំបែកបាននៃទំនាក់ទំនងទ្វេភាគីនេះ»។
ទំនាក់ទំនងកម្ពុជា-វៀតណាម បន្តធ្វើពិពិធកម្មទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដោយរក្សាបាននូវភាពរឹងមាំលើគ្រប់វិស័យដែលជាផលប្រយោជន៍យុទ្ធសាស្ត្ររួម។ ប្រទេសទាំងពីររួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល ពង្រីកកិច្ចសហការនៅគ្រប់កម្រិតនិងគ្រប់វេទិកា ព្រមទាំងពង្រឹងការយោគយល់គ្នាឱ្យកាន់តែស៊ីជម្រៅ ដែលនឹងអនុញ្ញាតឱ្យប្រទេសទាំងពីរសម្រេចបាននូវសមិទ្ធផលកាន់តែធំធេង ទាំងក្នុងក្របខណ្ឌជាតិនិងលើឆាកអន្តរជាតិ។
ក្នុងការបង្ហាញគោលជំហរចំពោះគ្នាទៅវិញទៅមក មេដឹកនាំនៃប្រទេសទាំងពីរតែងតែសម្ដែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការត្រួសត្រាយ ពង្រីក និងលើកកម្ពស់កម្រិតនៃទំនាក់ទំនងឱ្យឈានដល់កម្ពស់ថ្មីមួយទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដ និងភាពសុខដុមរមនាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងនាមប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានអះអាងថាដោយឈរលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ ការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន។ បាវចនានៃទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង» គឺជាគ្រឹះដ៏សក្ដិសិទ្ធិសម្រាប់បន្តរួមរស់ជាមួយគ្នាដោយសុខសន្តិភាព គោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី និងជំរុញកិច្ចសហការឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរតរៀងទៅ។
បក្សកុម្មុយនិស្តវៀតណាមកំពុងស្ថិតក្នុងរបត់ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយ។ ការកសាងបក្សនៅក្នុង «សករាជថ្មី» មិនមែនគ្រាន់តែជាការរក្សាឱ្យបាននូវតួនាទីជាអ្នកដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលើកកម្ពស់សមត្ថភាពអភិបាលកិច្ចឱ្យកាន់តែមានឧត្តមភាព ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននិងតម្រូវការនៃការវិវត្តដ៏ឆាប់រហ័សនៃពិភពលោក។
លោកបណ្ឌិត បានចោទសួរថាតើហេតុអ្វីបានជាសមត្ថភាពដឹកនាំ និងអភិបាលកិច្ចរបស់បក្សកុម្មុយនិស្តវៀតណាម មានសារៈសំខាន់ចំពោះកម្ពុជានិងតំបន់? ចម្លើយយ៉ាងខ្លីនិងសាមញ្ញបំផុតគឺ «ស្ថិរភាពបង្កើតស្ថិរភាព»។ បក្សកុម្មុយនិស្តវៀតណាមដែលរឹងមាំ ម៉ឺងម៉ាត់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ គឺជាកម្លាំងចលករនាំឱ្យវៀតណាមដែលមានស្ថិរភាព ហើយវៀតណាមមានស្ថិរភាព គឺជាសសរស្តម្ភមិនអាចខ្វះបានសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៅក្នុងតំបន់អាស៊ាននិងសហគមន៍អន្តរជាតិទាំងមូល។
សម្រាប់លោកបណ្ឌិត គិន ភា ទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ជា «យុថ្កានយោបាយ» ដ៏រឹងមាំបំផុតនៃទំនាក់ទំនងទ្វេភាគី។ នៅពេលវៀតណាមបង្កើនប្រសិទ្ធភាពអភិបាលកិច្ចនិងភាពខ្លាំងនៃស្ថាប័ន វៀតណាមនឹងកាន់តែមានសក្ដានុពលក្នុងនាមជាដៃគូយុទ្ធសាស្ត្រដែលគួរឱ្យទុកចិត្តបំផុតសម្រាប់កម្ពុជា ទាំងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ និងសន្តិសុខតាមព្រំដែន។
ក្រោមស្មារតី «សាមគ្គីភាព វិន័យ នវានុវត្តន៍ និងការអភិវឌ្ឍ» លោកបណ្ឌិតមានជំនឿយ៉ាងមុតមាំថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងក្លាយជាទំព័រប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ថ្មីមួយទៀត ក្នុងដំណើរនៃវឌ្ឍនភាពជាតិ៕







