ក្រសួងសេដ្ឋកិច្ច ពិគ្រោះយោបល់លើរបាយការណ៍វាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ និងវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងចំនួន៤
08-01-2026 19:30
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ ស្តីពីការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ និងការវាយតម្លៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងចំនួន៤ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសាធារណការ និងដឹកជញ្ចូន និងក្រសួងការងារ និងបណ្តុះណ្តាលវិជ្ជាជីវៈ។
សិក្ខាសាលានេះ រៀបចំឡើងក្រោមវត្តមាន លោកបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយលោក អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ.។
សិក្ខាសាលានេះ មានការចូលរួមផងដែរពីតំណាងនៃក្រសួង-ស្ថាប័ន, តំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ រួមទាំងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥ សរុបប្រមាណ១៨០រូប។
ការវាយតម្លៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្នាក់ជាតិ និងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងទាំង៤ ស្របតាមការចង្អុលបង្ហាញរបស់ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ការវាយតម្លៃនេះ គឺដើម្បីកំណត់បាននូវភាពខ្លាំងនិងភាពខ្សោយជារួមនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ធៀបនឹងក្របខ័ណ្ឌដែលជាឧត្តមានុវត្តន៍អន្តរជាតិ។ ការកំណត់បាននូវភាពខ្លាំងនិងភាពខ្សោយ នឹងផ្តល់កាលានុវត្តភាពដល់គណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតម្រង់ទិស និងដាក់ចេញនូវវិធានការកែលម្អចាំបាច់នានា ជាបន្តទៀត នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈជារួម និង ដើម្បីពង្រឹងភាពជាម្ចាស់និងសមត្ថភាពរបស់ក្រសួង-ស្ថាប័ន ដែលជាស្ថាប័នអនុវត្តថវិកាអាចពង្រឹងសមត្ថភាពជាបណ្តើរៗលើយន្តការវាយតម្លៃ និងអាចកំណត់បាននូវ៖ (១). ស្ថានភាពនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័នសាមី; និង (២). លំដាប់អាទិភាព និង ភាពប្រទាក់ក្រឡាគ្នា នៃការកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលបំណងដាក់ទិសដៅឱ្យបានជាក់លាក់នៅក្នុងផែនការសកម្មភាពកែទម្រង់ ផ្សារភ្ជាប់ជាមួយនឹងក្របខ័ណ្ឌនៃផែនការសកម្មភាពរួម ដំណាក់កាលទី ៤ (CAP-4) ក៏ដូចជា ទិសដៅជាក់សែ្តងនៃការកសាងប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម នៅតាមក្រសួង ស្ថាប័ន។
លោកបណ្ឌិត យ៉េត វីណែល បានគូសបញ្ជាក់ថា សមិទ្ធផលនៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ រយៈពេល ២ ទស្សវត្សកន្លងមកនេះ គឺបានផ្តល់នូវភាពប្រសើរឡើងយ៉ាងច្រើន នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
លោកបន្តថា គណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអនុវត្តតាមអភិក្រម «ខឿន» ដែលខឿននីមួយៗធ្វើឱ្យកែប្រែប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។ អភិក្រមនេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងការសម្របសម្រួល និងផ្តល់អាទិភាពការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ត្រូវបានបែងចែកជាខឿនចំនួន៤ ក្នុងនោះ ខឿនទី១ «ភាពជឿទុកចិត្តនៃថវិកា» ខឿនទី២ «គណនេយ្យភាពហិរញ្ញវត្ថុ» ខឿនទី៣ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» និងខឿនទី៤ «គណនេយ្យភាពសមិទ្ធកម្ម»។
លោកបណ្ឌិត យ៉េត វីណែល បានគូសបញ្ជាក់បន្ថែមថា សេចក្តីព្រាងលទ្ធផលវាយតម្លៃ PEFA ថ្នាក់ជាតិនេះង្ហាញថា សូចនាករចំនួន ៧ ក្នុង៣១ សូចនាករសមិទ្ធកម្មទទួលបានពិន្ទុ «A ឬ B» ដែលបង្ហាញអំពីការអនុវត្តដែលជាឧត្តមានុវត្តន៍អន្តរជាតិ, សូចនាករ ១៤ ទទួលបានពិន្ទុ «C ឬ C+» ដែលបង្ហាញកម្រិតមូលដ្ឋានស្របតាមស្តង់ដាអន្តរជាតិ, និងសូចនាករចំនួន ៨ ផ្សេងទៀត ទទួលបានពិន្ទុ«D ឬ D+» ដែលគូសរំលេចអំពីអាទិភាពកែទម្រង់ជាបន្ត។
ក្នុងន័យនេះ, ប្រសិនបើប្រៀបធៀបលទ្ធផលវាយតម្លៃរវាងឆ្នាំ ២០២១ ជាមួយនឹងឆ្នាំ២០២៥ មានសូចនាករសរុបចំនួន៧ បានកើនឡើងពិន្ទុ ហើយការណ៍នេះបានឆ្លុះបញ្ចាំងលើលទ្ធផលចុងក្រោយ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងបីទិដ្ឋភាព ដូចតទៅ៖
* វិន័យហិរញ្ញវត្ថុសាធារណៈ គឺនៅតែមានភាពជឿទុកចិត្តនៃថវិកា ដែលនៅក្នុងបំណុលសាធារណៈមានស្ថិរភាពនិងអាចគ្រប់គ្រងបាន បើទោះបីជាមានសម្ពាធថវិកា ហើយក៏មានភាពប្រសើរឡើងនៃការកាត់បន្ថយនីតិវិធីអនុវត្តថវិកាផងដែរ។
* យុទ្ធសាស្រ្តវិភាជន៍ធនធាន មានភាពប្រសើរឡើង តាមរយៈការដាក់ឱ្យអនុវត្តក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងក្របខ័ណ្ឌថវិការយៈពេលមធ្យម ដែលកំណត់ពិដានថវិកាតាមវិស័យ និងក្រសួង ស្ថាប័ន។
* ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ មានភាពប្រសើរឡើង ពោលគឺមានកែលម្អគួរឱ្យកត់សម្គាល់ទៅលើព័ត៌មានអំពីធនធានដែលទទួលបានដោយសាលារៀន មណ្ឌលសុខភាព និងមន្ទីរពេទ្យ និងការចូលប្រើប្រាស់ព័ត៌មានជាសាធារណៈ ដែលឆ្លុះបញ្ចាំងពីលទ្ធភាពទទួលបានព័ត៌មានហិរញ្ញវត្ថុសាធារណៈ កាន់តែប្រសើរឡើង។
គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺនៅតែប្តេជ្ញាយ៉ាងមុតមាំ ដើម្បីជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ ក្នុងការកសាងនូវភាពជឿទុកចិត្តថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ, ការភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យ-ភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម៕





















