ពីការឈឺចាប់នៃសង្គ្រាម ក្លាយជាសាមគ្គីភាពរឹងមាំជាងថ្ម (Video inside)

08-01-2026 19:46

(បន្ទាយមានជ័យ)៖ ឆ្នាំចាស់បានផ្លាស់ប្តូរទៅហើយ ប៉ុន្តែរបួសផ្លូវចិត្តរបស់អ្នកភូមិព្រៃចាន់ ជោគជ័យ និងតំបន់បឹងត្រកួននៅតែមិនទាន់ជាសះស្បើយ។ កុមារឃ្លាតសាលា ប្រពន្ធឃ្លាតប្តី ម្តាយឃ្លាតកូន ភាពជូរចត់ជាច្រើននៅតែដិតដាមជាប់ពេញដើមទ្រូង មិនអាចលុបបំបាត់បានដោយងាយឡើយ។

ទោះជាយ៉ាងណា ពន្លឺនៃសាមគ្គីភាពជាតិ បានរះឡើងខ្ពស់លើសពីការរំពឹងទុករបស់មហាគ្រួសារខ្មែរ នៅពេលដែលកម្ពុជារងការរំលោភបំពាន ការប្រមាថមើលងាយពីសំណាក់ជាតិសាសន៍ដទៃ។ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានពូនជ្រុំពួតដៃគ្នាវេញជាធ្លុង តតាំងប្រឆាំងនឹងរាល់អរិភាពដែលកើតមានលើទឹកដីកម្ពុជា។

ក្នុងចំណោមខេត្តទាំង៧ដែលជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលមានជនភៀសសឹកច្រើនជាងគេ ប្រមាណជាង ២០ម៉ឺននាក់ ក្នុងអំឡុងជម្លោះរយៈពេល ២១ ថ្ងៃកន្លងទៅ។ បច្ចុប្បន្ន ជនភៀសសឹកមួយចំនួនធំ បានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ យ៉ាងណាក៏ដោយ ជនភៀសសឹកនៃភូមិព្រៃចាន់ ជោគជ័យ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានបាននៅឡើយ ដោយសារយោធាថៃបានព័ទ្ធបន្លាលួស និងដាក់ទូរកុងតឺន័របាំងឃាំងហ៊ុំព័ទ្ធលំនៅដ្ឋាន ដោយរារាំងពួកគាត់មិនឱ្យត្រឡប់ចូលភូមិដ្ឋានបាន។

បើទោះបីជាចំនួនជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបានថយចុះមកនៅចន្លោះជាង ១ម៉ឺននាក់ក៏ដោយ ប៉ុន្តែកិច្ចការរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងសប្បុរសជន នៅតែបន្តសម្របសម្រួលការរៀបចំទីតាំងស្នាក់នៅបណ្ដោះអាសន្ន ស្បៀងអាហារព្រមទាំងការថែរក្សាអនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សង្គម។

ចំពោះកុមារតូចៗ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំទីតាំងសិក្សាបណ្ដោះអាសន្ន ក្នុងរយៈពេលសមរម្យមួយ រហូតដល់ការរៀបចំលំនៅដ្ឋានអចិន្ត្រៃយ៍របស់ពួកគេបានបញ្ចប់។

ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាទាំងមូល បានបង្ហាញយ៉ាងច្បាស់នូវស្មារតីសាមគ្គីភាពជាតិខ្មែរតែមួយ សំឡេងតែមួយ បេះដូងតែមួយ បញ្ចេញតាមភាសាកាយវិការ និងភាសានិយាយ ដែលពោរពេញដោយកម្លាំងចិត្ត និងភាពជឿជាក់ អមដោយការឈឺចាប់ដែលមិនអាចបំភ្លេចបាន។

ទោះបីសំឡេងគ្រាប់កាំភ្លើងបានស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្តែភាពយុត្តិធម៌សម្រាប់កម្ពុជា នៅមិនទាន់ទទួលបានពេញលេញនៅឡើយ។ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ ប្រាង្គបុរាណខ្មែរត្រូវបានកម្ទេចដោយគ្រាប់បែកពីយន្តហោះ F-16 របស់យោធាថៃ។ «សំណងចំពោះការខូចខាត ត្រូវតែមាន» នេះជាគោលការណ៍ច្បាប់អន្តរជាតិ ដែលមានតាំងពីសម័យសង្គ្រាមលោកលើកទី១។

ឆ្លងកាត់បទពិសោធន៍ថ្មីនេះ ចាប់ពីពេលនេះតទៅ កម្ពុជាត្រូវតែរឹងមាំ រឹងមាំទាំងសេដ្ឋកិច្ច រឹងមាំទាំងប្រព័ន្ធអប់រំ រឹងមាំទាំងការពារជាតិ និងការទូត ដើម្បីឱ្យកម្ពុជាអាចឈរដោយឯករាជ្យ តែមិនបោះបង់មិត្តភាពអន្តរជាតិណាមួយឡើយ។ កម្ពុជាត្រូវតែមានបេះដូងតែមួយ ចិត្តតែមួយ គំនិតតែមួយ គឺធ្វើឱ្យកិត្តិនាមប្រទេសតូចមួយនេះ មានឈ្មោះបោះសំឡេងរន្ទឺលើឆាកអន្តរជាតិ។

ពីការឈឺចាប់នៃសង្គ្រាមការរំលោភបំពាន ពេលនេះ ជ្រុងម្ខាងយើងបានឃើញពីការឈឺចាប់ការបាត់បង់អាយុជីវិតប្រជាពលរដ្ឋ យុទ្ធជន ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធនានា ប៉ុន្តែជ្រុងម្ខាងទៀត យើងក៏បានមើលឃើញថា នៅក្នុងគ្រាលំបាកបំផុត ស្មារតីសាមគ្គីភាពរបស់ប្រជាជាតិយើង បានរីកចម្រើនកាន់តែរឹងមាំ។ ទុក្ខវេទនា និងការឈឺចាប់ មិនបានបំបាក់ឆន្ទៈរបស់ប្រជាជនឡើយ ផ្ទុយទៅវិញ វាបានបម្លែងជាថាមពលរួម ដែលភ្ជាប់បេះដូងរួមឱ្យកូនខ្មែរខិតខំប្រឹងប្រែងកសាងអនាគតមួយដ៏រឹងមាំ។ សង្គ្រាមអាចបំផ្លាញអ្វីៗជាច្រើន ប៉ុន្តែមិនអាចបំផ្លាញឆន្ទៈក្នុងការកសាងអនាគតខ្មែរបានទេ៕