មន្ទីរព័ត៌មានខេត្តបាត់ដំបងសហការជាមួយស.ស.យ.កខេត្ត ធ្វើយុទ្ធនាការផ្សព្វផ្សាយប្រឆាំងព័ត៌មានក្លែងក្លាយ

08-01-2026 20:16

(បាត់ដំបង)៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង(ស.ស.យ.ក) ធ្វើយុទ្ធនាការផ្សព្វផ្សាយប្រឆាំងព័ត៌មានក្លែងក្លាយក្រោមទិសស្លោក«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីបញ្ជ្រាបការយល់ដឹងដល់យុវជនចំពោះព័ត៌មានក្លែងក្លាយ កុំឱ្យយុវជនងាយលង់ជឿជាមួយព័ត៌មានប្រឌិតដែលមានប្រភពមិនច្បាស់លាស់។

យុទ្ធនាការនេះធ្វើឡើងនៅទីស្នាក់ស.ស.យ.កខេត្ត នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង និងលោក ម៉ៅ សុបុណ្ណា ប្រធានក្រុមលេខាធិការដ្ឋាន ស.ស.យ.ក.ខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង និងយុវជនស.ស.យ.កខេត្ត។

លោក សុវណ្ណ វិទិត្យា បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក, លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានស.ស.យ.កទទួលបន្ទុកខេត្តបាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ និងលោក ស រដ្ឋា ប្រធានស.ស.យ.ក ខេត្តដែលបានអនុញ្ញាតឱ្យមន្ទីរព័ត៌មានខេត្តបាត់ដំបងចុះផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយដល់យុវជន។

ជាមួយគ្នានេះ លោក សុវណ្ណ វិទិត្យា សំណូមពរដល់យុវជនស.ស.យ.កឱ្យចូលរួមផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងលើការប្រើប្រាស់បណ្ដាញសង្គមសំដៅរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសង្គម។

លោក ម៉ៅ សុបុណ្ណា ថ្លែងអំណរគុណដល់មន្ទីរព័ត៌មានខេត្តបាត់ដំបងដែលបានចែករំលែក និងផ្តល់ចំណេះដឹងបន្ថែមទៅដល់យុវជន ថាតើអ្វីទៅដែលហៅថាព័ត៌មានក្លែងក្លាយ សំដៅរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យអស់ដើម្បីផ្តល់សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។

លោក ម៉ៅ សុបុណ្ណា ណែនាំដល់យុវជនត្រូវដើរតួនាទីជាជនបង្គោលក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយតាមរយៈការចែករំលែកព័ត៌មានពិត និងចូលរួមចែករំលែកចំណេះដឹងពីវិធីសាស្រ្តក្នុងការបែងចែកព័ត៌មានពិត និងព័ត៌មានមិនពិតទៅដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋទូទៅ៕