ក្រសួងមហាផ្ទៃ៖ គិតត្រឹមថ្ងៃទី៨ ខែមករានេះ ពលរដ្ឋភៀសសឹកប្រមាណ៤សែន ៧ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈ ១៧៨ ៨៩៤នាក់បន្តស្នាក់នៅជំរំ (Video inside)
08-01-2026 20:41
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋភៀសសឹក ប្រមាណ៤សែន ៧ម៉ឺននាក់ ក្នុងចំណោមពលរដ្ឋភៀសសឹកជាង ៦០ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈ ១៧៨.៨៩៤នាក់បន្តស្នាក់នៅជំរំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ។
បើតាមក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ ពលរដ្ឋភៀសសឹកចំនួន ៧ ៨៦៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។
ក្រសួងបានឱ្យដឹងថា សម្រាប់ខេត្តព្រះវិហារ អាជ្ញាធរកំពុងចុះស្រង់ផលប៉ះពាល់ និងការខូចខាតនៅស្រុកជាំក្សាន្ត ព្រមទាំងដឹកជញ្ជូនស្បៀងអាហារ ជូនពលរដ្ឋដែលពុំទាន់អាចចូលស្នាក់នៅក្នុងផ្ទះបាន។ រីឯខេត្តឧត្តរមានជ័យ មានភូមិចំនួន៨៤ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះបាន ខណៈមន្ត្រីកំពុងរៀបចំ ផ្ទះ និងភូមិករពលរដ្ឋចំនួន១៧២ភូមិ។
ខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធកំពុងរៀបចំកន្លែងស្នាក់នៅ បណ្តោះអាសន្នជូនពលរដ្ឋដែលពុំទាន់អាចចូលរស់នៅក្នុងផ្ទះបាន ផ្សព្វផ្សាយអប់រំពីយុទ្ធភណ្ឌមិនទាន់ផ្ទះ សហការ ជាមួយក្រុមការងារស៊ីម៉ាក់ (CMAC) ជួសជុលបណ្តាញអគ្គិសនី និងបណ្តាញទូរគមនាគមន៍ឡើងវិញ។
ចំណែកនៅខេត្តពោធិ៍សាត់ អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ កំពុងតាមដានយកចិត្តទុកដាក់ និងចុះសួរ សុខទុក្ខពលរដ្ឋដែលបានវិលត្រឡប់មកលំនៅឋានវិញ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានតាមដាននិងកត់សម្គាល់ទុកថា នាយប់ថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៦ ភាគីថៃបន្តបង្ហោះដ្រូនរំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុងនោះនៅខេត្តពោធិ៍សាត់ មាន២គ្រឿង និង ខេត្តព្រះវិហារ មាន២៥គ្រឿង។
មកដល់ពេលនេះ ក្រសួងមហាផ្ទៃ បាននិងកំពុងយកចិត្តទុកដាក់ និងតាមដាន សភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្នាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់។
ជាមួយគ្នានេះ ក្រសួងក៏កំពុងយកចិត្តទុកដាក់គ្រប់គ្រងពលរដ្ឋភៀសសឹក ឱ្យបានសមស្រប ព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ ដែលកើតមានឡើងឱ្យអស់លទ្ធភាព ជំរុញបើកឱ្យដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តយកចិត្តទុកដាក់សហការឱ្យបានជិតស្និទ្ធជាមួយកងកម្លាំងជួរមុខ បន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់ សភាពការណ៍ទូទៅក្នុងខេត្តជាប់ព្រំដែន៕








