អ្នកនាំពាក្យក្រសួងការងារ៖ ការទាមទារប្តូរថ្ងៃឈប់សម្រាកប្រចាំឆ្នាំជាថវិកា មិនត្រឹមត្រូវតាមច្បាប់ (Video inside)

09-01-2026 09:47

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថាការទាមទារប្តូរការឈប់សម្រាកប្រចាំឆ្នាំជាថវិកា មិនមានចែងក្នុងច្បាប់នោះឡើយ។

លោក ស៊ុន មេសា បានបញ្ជាក់ថា យោងតាមកថាខណ្ឌទី៣ មាត្រា១៦៧ នៃច្បាប់ស្តីពីការងារ «អនុសញ្ញារួមណាដែលមានគ្រោងឱ្យប្រាក់បំណាច់ ដើម្បីទូទាត់សម្រាប់ជួសការឈប់សម្រាកព្រមទាំងការព្រមព្រៀងស្តីពីការបោះបង់ ឬមិនព្រមប្រើសិទ្ធិឈប់សម្រាកប្រចាំឆ្នាំ ត្រូវទុកជាមោឃហើយគ្មានហេតុផលអ្វីទាំងអស់» មានន័យថា ការឈប់សម្រាកប្រចាំឆ្នាំដែលមានប្រាក់ឈ្នួលមិនអាចទូទាត់ជាប្រាក់បានទេ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ការឈប់សម្រាកប្រចាំឆ្នាំចំនួន១៨ថ្ងៃ ក្នុងមួយឆ្នាំ គឺជាពេលវេលាមួយដែលតម្រូវឱ្យកម្មករនិយោជិតធ្វើការឈប់សម្រាក ដើម្បីថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត គឺមិនអាចទាមទារឱ្យមានការទូទាត់ជាប្រាក់នៅពេលដែលកម្មករនិយោជិតកំពុងធ្វើការនៅក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ បានទេ តែអាចទូទាត់ជាប្រាក់បាននៅពេលរំលាយកិច្ចសន្យាការងារ (បញ្ឈប់ពីការងារ)។

សូមជម្រាបដែរថា ការបញ្ជាក់នេះ គឺធ្វើឡើងក្រោយពេលដែលបងប្អូនកម្មករនិយោជិតនៃ រោងចក្រញូ ថាហ្គេត ដែលមានទីតាំងក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលចង់ប្តូរថ្ងៃឈប់សម្រាកប្រចាំឆ្នាំជាថវិកា៕