ក្រសួងសេដ្ឋកិច្ច ប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
10-01-2026 07:54
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) នាថ្ងៃសុក្រទី៩ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Hotel Le Royal បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម»។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់បណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតំណាងរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) រួមទាំងមន្ទីរ សហវ. រាជធានី ខេត្ត សរុបប្រមាណ ២៦២ រូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយ ក្នុងគោលបំណងដើម្បីប្រមូលធាតុចូលបន្ថែម ឱ្យបានគ្រប់ជ្រុងជ្រោយពីអង្គភាព ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវភាពគ្រប់ជ្រុងជ្រោយ និងសង្គតិភាពពេញលេញ នៃរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែលជាដំណាក់កាលយ៉ាងសំខាន់ តម្រូវឱ្យអង្គភាព ស្ថាប័នសាធារណៈទាំងអស់ត្រូវមានគណនេយ្យភាពចំពោះសមិទ្ធកម្ម។
ផ្អែកតាមសេចក្តីព្រាងបឋមរបាយការណ៍ប្រចាំឆ្នាំ២០២៥, ការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលចូលរួមអនុវត្តអង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី ខេត្ត ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត បន្តមានចលនការ និងវឌ្ឍនភាពល្អតាមការគ្រោងទុក។
ទោះបីជាយ៉ាងនេះក្តី, ស្ថានភាពហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងបន្តរងឥទ្ធិពលពីភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌហិរញ្ញវត្ថុសកល ដែលតម្រូវឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការឆ្លើយតបភ្លាមៗ ដើម្បីទ្រទ្រង់កំណើន ស្ថិរភាពសង្គម និងលើកកម្ពស់បរិយាកាសវិនិយោគនិងធុរកិច្ច។
ឯកឧត្តមបណ្ឌិត យ៉េត វីណែល បានគូសបញ្ជាក់អំពីសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានពីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលឆ្លើយតបទៅនឹងវិបត្តិនានាកើតមានកន្លងមក យ៉ាងមានប្រសិទ្ធភាព និងមានភាពធន់ទៅនឹងវិបត្តិ ដែលកំពុងកើតមានបច្ចុប្បន្ន និងអាចកើតមានជាយថាហេតុនាពេលខាងមុខ។
ដោយឡែក របាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការបន្តពង្រឹង និងបន្តអនុវត្តឱ្យកាន់តែខ្លាំងឡើង ជាពិសេសការដោះស្រាយឱ្យចំបញ្ហា ក្នុងខណៈពេលដែលស្ថានភាពសេដ្ឋកិច្ចសកល កត្តាភូមិសាស្រ្តនយោបាយកំពុងតែហ៊ុំព័ទ្ធទៅដោយវិបត្តិផ្ទួនៗ និងកាន់តែស៊ីជម្រៅ។
នៅក្នុងបរិបទដែលកម្ពុជាកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដោយសារតែវិបត្តិនានា និងភាពមិនប្រាកដប្រជាខ្ពស់ នៃសេដ្ឋកិច្ចសកលលោក, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាន់តែមានភាពចាំបាច់ ដើម្បីពង្រឹងប្រសិទ្ធភាពចំណាយថវិការដ្ឋ ពោលគឺចាយឱ្យចំគោលដៅ និងទទួលបានលទ្ធផលត្រឡប់មកវិញខ្ពស់។
ក្នុងន័យនេះ អង្គភាព ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវដើរតួនាទីកាន់តែសំខាន់លើការងារកែទម្រង់របស់រាជរដ្ឋាភិបាល សំដៅរួមគ្នាឆ្ពោះទៅរកការកែខៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាឱ្យរឹតតែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍ជាអន្តរជាតិ។
ជាចុងក្រោយ លោកបណ្ឌិត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក អង្គភាព ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមការដ្ឋានរបស់ខ្លួន។
ធាតុចូលដ៏សំខាន់ដែលទទួលបាននាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នឹងធានាបាននូវភាពគ្រប់ជ្រុងជ្រោយ ដល់របាយការណ៍តាមដាននិងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែលនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅពេលខាងមុខ៕










