រដ្ឋបាលរាជធានីភ្នំពេញ ផ្ដល់អត្ថប្រយោជន៍ និងការលើកទឹកចិត្ដពិសេស ដល់អាជីវករលក់ដូរនៅក្នុងតំបន់ជុំវិញផ្សារដើមគរចាស់ ដើម្បីផ្លាស់ប្ដូរទៅលក់-ដូរ នៅផ្សារដើមគរថ្មីវិញ

10-01-2026 13:05

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្របសម្រួលជាពិសេស ឲ្យមានគោលនយោបាយលើកទឹកចិត្ត និងអត្ថប្រយោជន៍សំខាន់ៗ ដើម្បីជួយសម្រាលបន្ទុកចំណាយ និងគាំទ្រដល់អាជីវកម្មរបស់បងប្អូនអាជីវករ ដែលស្ម័គ្រចិត្តផ្លាស់ប្តូរទៅកាន់ផ្សារដើមគរថ្មី រួមមាន៖

* ការផ្តល់ជូនតូបលក់ដោយឥតគិតថ្លៃឈ្នួល រយៈពេល ២ឆ្នាំពេញ។ បន្ទាប់ពីចប់រយៈពេល២ឆ្នាំ តម្លៃជួលតូបត្រូវបានកំណត់ត្រឹមតែ៣០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដោយពុំមានប្រាក់កក់។
* ការប្រើប្រាស់ទឹក និងភ្លើង ដោយឥតគិតថ្លៃ រយៈពេល ៦ខែ។
* មិនគិតថ្លៃសេវាកម្មសម្អាតអនាម័យ និងថ្លៃប្រមូលសម្រាម។
* ការរៀបចំប្រព័ន្ធទុកដាក់សម្រាមត្រឹមត្រូវ ធានាបាននូវអនាម័យ និងបរិស្ថានស្អាត។
* ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជា៖ ភ្លើងបំភ្លឺផ្លូវ ចំណតយានយន្តធំទូលាយ បង្គន់អនាម័ យគ្រប់គ្រាន់ ដល់អាជីវករផ្ទាល់ និងអតិថិជន ព្រមទាំងអត្ថប្រយោជន៍គាំទ្រជាច្រើនទៀតពី គម្រោងមួយនេះ។

លោក ឆេង ឃុន គណៈកម្មការគ្រប់គ្រងផ្សារដើមគរថ្មី បានថ្លែងទៅកាន់បងប្អូនអាជីវករទាំងអស់ថា «បាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចប្រឹងប្រែងរបស់ សាលារាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ទីក្រុង បង្កើនសោភ័ណភាព អនាម័យ និងសុវត្ថិភាពសាធារណៈ ស្របតាមទិស ដៅអភិវឌ្ឍន៍រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន និងអនាគត»។

បន្ថែមពីនេះ លោក ឆេង ឃុន ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារ និងបងប្អូន អាជីវករទាំងអស់ ដែលបានបង្ហាញស្មារតីសហការ ការយោគយល់ និងការចូលរួមយ៉ាងសកម្ម ដើម្បីឲ្យ ការងារនេះអាចដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។

សូមបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តដោះស្រាយបញ្ហាខាង លើយ៉ាងសកម្ម តាមរយៈការផ្សព្វផ្សាយពីផលប៉ះពាល់នានា និងបានដាក់ចេញ នូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំ និងរុះរើសំណង់រំលោភចិញ្ចើមផ្លូវ ការដាក់តាំងទំនិញ និងចំណតយានយន្តអាណាធិបតេ យ្យនៅតំបន់ជុំវិញផ្សារដើមគរចាស់ និងតំបន់ស្មុគស្មាញនានាក្នុងរាជធានីភ្នំពេញ ដើម្បីរៀបចំសណ្តាប់ ធ្នាប់ របៀបរៀបរយសាធារណៈ សម្ដៅសម្រួលភាពស្ទះចរាចរណ៍នៅកណ្តាលទីក្រុង កាត់បន្ថយហានិភ័យ នានា និងកែលម្អបរិស្ថានរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនអាជីវករ ដែលកំពុងតែលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ក្នុងតំបន់ជុំវិញផ្សារដើមគរចាស់ និងបងប្អូនអាជីវករផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញ មេត្តាចូលរួមសហការ និងអញ្ជើញមកទទួលយកទីតាំងលក់ដូរថ្មី ដែលអាជ្ញាធរបានខិតខំរៀបចំ ជូននៅផ្សារដើមគរថ្មីនេះ ហើយបញ្ឈប់ការលក់ដូរ គ្មានសណ្តាប់ធ្នាប់ ដើម្បីរួមគ្នាកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម លើកកម្ពស់អនាម័យ បរិស្ថាន និងកែលម្អ សោភ័ណភាពទីក្រុងយើង ឱ្យកាន់តែស្រស់បំព្រងឡើង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ អាជ្ញាធររាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យលក់នៅតំបន់ជុំវិញផ្សារដើមគរចាស់ទៀតនោះទេ ដូច្នេះសូមអាជីវករទាំងអស់ ធ្វើការសម្រេចចិត្ដមកទទួលយកលក្ខខណ្ឌអនុគ្រោះ នៅផ្សារដើមគរថ្មី។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា ក្រោយពេលបិទបញ្ចប់ហើយ ខាងរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការជួលជុលកែលម្អហេដ្ឋារចនាសម័ន្ធមួយចំនួន នៅលើដងផ្លូវដែលមានការខូចខាត។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំអាជីវករដែលលក់ដូរនៅតំបន់ជុំវិញផ្សារដើមគរចាស់ មកមើលតូចលក់ដូរនៅផ្សារថ្មី និងមានការពន្យល់ណែនាំមួយចំនួន ក្រោយមកក៏មានអាជីវករមួយចំនួន បានធ្វើការសម្រេចចិត្ដធ្វើចាប់ឆ្នោត រួចហើយជាបណ្ដើរៗ ហើយក្រុមការងារ ក៏នៅតែបន្ដសម្របសម្រួលផងដែរ។

ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា «ចំពោះប្រជាពលរដ្ឋ នៅជុំវិញផ្សារដើមគរចាស់ ដែលធ្លាប់យកមុខផ្ទះ ដែលជាចិញ្ចើមផ្លូវរបស់រដ្ឋ ជួលដល់អាជីវករសម្រាប់លក់ដូរនោះ សូមបញ្ឈប់ជាបន្ទាប់ ហើយបើសិនជាមិនបញ្ឈប់នោះទេ អាចប្រឈមមុខនឹងផ្លូវច្បាប់»៕