ក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ក្រាំងធ្នង់ ដឹកនាំក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃ ជូនពលរដ្ឋប្រមាណ៥០០នាក់
10-01-2026 14:39
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសង្កាត់ក្រាំងធ្នង់ និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ត្រាចារ្យ រង លូ លីឃាង បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យសុខភាពភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋប្រមាណ៥០០នាក់ រស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានការចូលរូមពីលោក ប៉ាង ពៅ នាយកអភិវឌ្ឍន៍កម្មវិធីចិរភាពកម្ពុជា និងលោក បាក់ តូក្យូ នាយកប្រចាំប្រទេស នៃមូលនិធិហ្រេ្វដហូឡូ។
លោកសាស្ត្រាចារ្យ រង លូ លីឃាង បានលើកឡើងថា «ការចុះពិនិត្យសុខភាពភ្នែកនាពេលនេះ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពភ្នែករបស់ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋយើង ឱ្យបានល្អប្រសើរ ព្រោះថាសុខភាពភ្នែកមានសារសំខាន់ណាស់ ក្នុងការរស់នៅប្រចាំថ្ងៃ។ ដូចនេះការព្យាបាលភ្នែកឱ្យបានត្រឹមត្រូវ និងសុក្រឹតដោយក្រុមគ្រូពេទ្យជំនាញនឹងជួយធ្វើឱ្យភ្នែករបស់បងប្អូនមានសុខភាពល្អ»។
លោកសាស្ត្រាចារ្យបានថ្លែងបន្តថា សម្រាប់ការចុះពិនិត្យភ្នែកនាពេលនេះ មន្ទីរពេទ្យព្រះអង្គឌួង បានសហការជាមួយ មូលនិធិ ហ្វ្រេដហូឡូ និង មូលនិធិ វ័នសាញ ក្នុងនោះមូលនិធិ វ័នសាញ ចែកវ៉ែនតាជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅពេលគ្រូពេទ្យជំនាញពិនិត្យឃើញថាមានបញ្ហាគំហើញដែលតម្រូវឱ្យពាក់វ៉ែនតា ដើម្បីធ្វើឱ្យភ្នែកបានល្អប្រសើរ។
លោកសាស្ដ្រាចារ្យ លូ លីឃាង បានបញ្ជាក់ទៀតថា «ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកឡើងបាយ ឬតម្រូវឱ្យការវះកាត់ភ្នែក សូមអញ្ជើញទៅមន្ទីរពេទ្យព្រះអង្គឌួង ឱ្យបានលឿនបំផុតហើយការវះកាត់ គឺមិនគិតថ្លៃទេ ដោយមូលនិធិហ្វ្រេដហូឡូជាអ្នកជួយឧបត្ថម្ភ»។
ក្នុងឱកាសនោះលោកសាស្ត្រាចារ្យបានថ្លែងអំណរគុណដល់ម្ចាស់មូលនិធិទាំងពីរ ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីចុះពិនិត្យព្យាបាលភ្នែកនាពេលនេះ ហើយតាមរយៈកិច្ចសហការនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់សុខភាពភ្នែករបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ក៏បានសម្ដែងនូវការថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួងនៃក្រសួងសុខាភិបាល រួមទាំងអង្គការដៃគូ ដែលបានឆ្លៀតពេលដ៏មមាញឹក ចុះមកដោយផ្ទាល់ដើម្បីសំណេះសំណាល ផ្ដល់ការពិនិត្យភ្នែក និងផ្ដល់វ៉ែនតាដោយឥតគិតថ្លៃ ដែលនេះជាការលើកកម្ពស់សុខភាពភ្នែក និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។
តាមការលើកឡើងរបស់លោក ប៉ាងពៅ នាយកអភិវឌ្ឍន៍កម្មវិធីចិរភាពកម្ពុជា បានឱ្យដឹងថា ការចែកជូនវ៉ែនតាដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនេះ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាកម្មថែទាំភ្នែកបានត្រឹមត្រូវ និងសុក្រឹត និងកែតម្រូវគំហើញតាមរយៈការទទួលបានវ៉ែនតាដែលមានគុណភាព។
ចំពោះលោក បាក់តូក្យូ នាយកប្រចាំប្រទេស នៃមូលនិធិហ្រេ្វដហូឡូ ក៏បានសម្ដែងនូវទឹកចិត្ដសប្បាយរីករាយ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួងនាថ្ងៃនេះ។
ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវឱ្យដល់ប្រជាពលរដ្ឋ បើមានបញ្ហាភ្នែក សូមទៅជួបជាមួយគ្រូពេទ្យឯកទេសភ្នែក ពិសេសពេលនេះបានជួបគ្រូពេទ្យ ហើយបើគ្រូពេទ្យរកឃើញថាមានបញ្ហាកន្ទុយថ្លែង បញ្ហាបាយភ្នែក ឬបញ្ហាផ្សេងទៀត ដែលទាមទារឱ្យបកបាយភ្នែក ឬវះកាត់តូចណាមួយនៅមន្ទីរពេទ្យ សូមបងប្អូនអនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យ ព្រោះថាវានឹងជួយធ្វើឱ្យសុខភាពភ្នែកបងប្អូនបានល្អប្រសើរ តែបើមិនធ្វើតាមទេអាចនឹងមានបញ្ហាប្រឈមទៅថ្ងៃក្រោយដូចជាធ្វើឱ្យពិការភ្នែកជាដើម៕
































