ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជួបសំណេះសំណាលគ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងគ្រួសារភៀសសឹក១១១គ្រួសារ ដែលមកស្នាក់រស់នៅ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ

10-01-2026 14:54

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខគ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងគ្រួសារភៀសសឹកចំនួន ១១១គ្រួសារ ដែលបានមកស្នាក់រស់នៅបណ្តោះអាសន្នក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នាឱកាសនោះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់នាំគ្រប់ជាន់ថ្នាក់ចំពោះក្រុមគ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងគ្រួសារភៀសសឹក ដែលតែងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខបងប្អូន គ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងប្រជាពលរដ្ឋភៀសសឹកបានមកស្នាក់នៅបណ្តោះអាសន្ននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានសង្កាត់បឹងទំពន់ទី១ និងក្រុមការងារចុះជួយក្នុងសង្កាត់បឹងទំពន់ទី១ បន្តយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់គ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងគ្រួសារភៀសសឹកទាំងអស់ឱ្យបានល្អ និងសូមធ្វើការគោរពកោតសរសើរបំផុតនូវវីរភាពដ៏អង់អាចក្លាហាននៃការលះបង់សព្វបែបយ៉ាងរបស់វីរកងទ័ព និងវីរនគរបាលជាតិដែលបានបំពេញភារកិច្ចយ៉ាងមោះមុត តាមបទបញ្ជាថ្នាក់ដឹកនាំការពារបូរណភាពទឹកដីកម្ពុជាយើង។

ក្នុងនាមសមរភូមិក្រោយ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា នៅតែបន្តគាំទ្រយកចិត្តទុកដាក់គិតគូរចំពោះវីរកងទ័ព វីរនគរបាលជាតិ តាមរយៈការជួយគាំទ្រទាំងស្មារតី សម្ភារ និងថវិកាជាដើម។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏សូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់បន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាគឺនាំគ្នាបន្តសាមគ្គីឱ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឧបត្ថមថវិកា សម្ភារ និងស្បៀងអាហារមួយចំនួនជូនដល់គ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងគ្រួសារភៀសសឹកដើម្បីជួយដោះស្រាយសម្រួលបញ្ហាទុក្ខលំបាក របស់បងប្អូនផងដែរ៕