នគរបាលក្រុងតាខ្មៅ ចុះបង្ក្រាបល្បែងស៊ីសងបញ្ជល់មាន់អនឡាញ តែអ្នកលេង និងម្ចាស់ទីតាំងរត់អស់
10-01-2026 15:17
(កណ្ដាល)៖ ក្រោយទទួលបានសារពីប្រជាពលរដ្ឋស្នើសុំអាជ្ញាធរជួយពិនិត្យមើលល្បែងស៊ីសងអនឡាញខុសច្បាប់ នៅសង្កាត់កំពង់សំណាញ់ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឲ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ចុះទៅពិនិត្យ ស្រាវជ្រាវ និងបង្រ្កាបភ្លាមនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦។
ជាលទ្ធផល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ បានបង្រ្កាបទីតាំងលេងល្បែងជល់មានអនឡាញខុសច្បាប់មួយនេះ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
ប្រតិបត្តិការនេះ កម្លាំងនគរបាលដកហូតវត្ថុតាងរួមមាន៖ តុធំ២, តុតូច១, កុំព្យូទ័រ១ និងកៅអីជ័រចំនួន៦។ ដោយឡែកអ្នកលេង និងម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់អស់។
អធិការក្រុង បានឲ្យដឹងថា កម្លាំងនគរបាលក្រុង នឹងនៅតែបន្តបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទឲ្យដូចភ្លៀងរលឹម និងស្នើពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានពិតមកកាន់នគរបាល ដោយក្រុមការងារមិនទុកចោលឡើយ នឹងចុះបង្ក្រាបភ្លាមៗតែម្ដង៕










