អភិបាលស្រុកស្ទោង អំពាវនាវពលរដ្ឋគ្រប់រូប ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីអភិវឌ្ឍ និងការពារជាតិពីការឈ្លានពាន

10-01-2026 16:26

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវពលរដ្ឋគ្រប់រូប ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីអភិវឌ្ឍ និងការពារប្រទេសពីសត្រូវឈ្លានពាន។

លោក សាយ គឹមឡម បានអំពាវនាវដូច្នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយជូនគ្រួសារជនភៀសសឹក និងគ្រួសារវីរៈកងទ័ពជួមុខ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅស្រុកស្ទោង ខេត្តកំពង់ធំ។

លោកបានសង្កត់ធ្ងន់ថា កាលណាយើងរួបរួមសហការគ្នាបានរឹងមាំ មានកម្លាំងសេដ្ឋកិច្ចធំនិងខ្លាំងក្លា ជាពិសេសមានកម្លាំងយោធារឹងមាំ និងសព្វាវុធទំនើបៗ នោះធ្វើឱ្យប្រទេសជាតិយើងមានសក្តានុពល និងមិនមានការហ៊ានយារយីរពីសត្រូវឈ្លានពាននានាឬប្រទេសជិតខាងឡើយ ។

លោកបន្ថែមថា ខ្មែរគ្រប់រូបត្រូវតែពហិការដាច់ខាតចំពោះទំនិញសៀមដើម្បីកាត់បន្ថយឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ប្រទេសនេះ ដែលតែងតែឈ្លានពានប្រទេសខ្មែរ ជារឿយៗកន្លងមកក៏ដូចជាក្នុងអំឡុងពេលថ្មីៗនេះ ជាពិសេសទៀតត្រូវគាំទ្រលើកកម្ពស់ផលិតផលក្នុងស្រុក ដែលជាផលិតផលរបស់កូនខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិយើងរឹងមាំខ្លាំង ឡើងទ្វេដងថែមទៀត។

ទន្ទឹមនឹងនេះ លោកអភិបាលសុខស្ទោង បានអំពាវនាវដល់ ក្រុមហ៊ុនអាតូមីកម្ពុជា និងសប្បុរសជនជិតឆ្ងាយ សូមបន្តជួយសហការឧបត្ថម្ភគាំទ្រដល់ជនភៀសសឹក គ្រួសារយោធាដែលបានកំពុងមកដល់មូលដ្ឋានស្រុកស្ទោងក្នុងបុព្វហេតុសមរភូមិក្រោយ និងរួបរួមសាមគ្គីលើកកម្ពស់ខ្មែរជួយខ្មែរក្នុងគ្រាមានអាសន្ន។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានរបស់សៀមនេះស្រុកស្ទោងទទួលបានជនភៀសសឹកប្រមាណជិត ១.០០០គ្រួសារ និងបានវិលត្រឡប់វិញមួយចំនួន ហើយការសួរសុខទុក្ខចែកជូនក្នុងឱកាសនេះគឺមានចំនួន ៣០០គ្រួសារ ដែលជាជំនួយរបស់ ក្រុមហ៊ុនអាតូមីកម្ពុជា ហើយក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ១បេ មី១កេស និងឃីត១កញ្ចប់ផងដែរ៕