លោក អ៊ុច បូររិទ្ធ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋភៀសសឹក និងស្ត្រីមានផ្ទៃពោះ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
10-01-2026 16:58
(កំពង់ចាម)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ អមដំណើរដោយលោក លូ គឹមឈន់ រដ្ឋមន្ត្រីប្រតិភូ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ទីប្រឹក្សា និងសមាជិកខុទ្ទកាល័យ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ចាម បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចគតិ្តព្រឹទ្ធបណ្ដិត ប៊ុន រ៉ានីហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹកនិងគ្រួសារវីរៈយុទ្ឋជនចំនួន៣៥៣គ្រួសារ ព្រមទាំងសិស្សានុសិស្សភៀសសឹក ២៩៤នាក់ នៅក្នុងបរិវេណសួនច្បារទល់មុខសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងកិច្ចសំណេះសំណាលនាឱកាសនោះ លោកអនុប្រធានទី១ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនប្រជាពលរដ្ឋនិងក្មួយៗសិស្សានុសិស្សភៀសសឹក ព្រមទាំងគ្រួសារវីរយុទ្ឋជនទាំងអស់ដែលបានភៀសខ្លួនចេញពីលំនៅឋាន មករួមរស់នៅជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរនេះ ដើម្បីជៀសផុតពីការវាយប្រហាររំលោភបំពានយ៉ាងព្រៃផ្សៃ ថោកទាបរបស់ពួកយោធាសៀម មកលើបូរណៈភាពទឹកដីកម្ពុជា។
លោក បានបន្ថែមថា សម្ដេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសក៍ជាតិដ៏ឆ្នើម និងជាស្ថាបនិកសន្តិភាពប្រទេសជាតិ ព្រមទាំង សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល ដែលពោរពេញដោយថាមពលនិងបញ្ញាញាណឈ្លៀសវៃ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានភៀសខ្លួនចេញពីលំនៅឋាន និងវីរយុទ្ធជនដែលបាននឹងកំពុងឈរជើងយ៉ាងរឹងមាំ តស៊ូ ក្រាញននៀល ការពារទឹកដីមាតុភូមិកម្ពុជា និងបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្លៃថ្លាដល់គ្រប់សមាជិក សមាជិការព្រឹទ្ឋសភា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ឱ្យយកចិត្តទុកដាក់ជួយសម្រួល ដោះស្រាយការលំបាក ខ្វះខាត និងថែទាំសុខភាព ដល់បងប្អូនទាំងអស់នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។
លោកអនុប្រធានទី១ បានបញ្ជាក់ថា ទុក្ខលំបាក និងការឈឺចាប់របស់បងប្អូន ជាទុក្ខលំបាក និងជាការឈឺចាប់របស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស។ ការលំបាក និងការឈឺចាប់របស់បងប្អូន ត្រូវបានប្រែក្លាយជាកំលាំងចលករដ៏ខ្លាំងក្លា ជំរុញ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងសាមគ្គីភាព ឯកភាពជាតិ ជាធ្លុងមួយ ទាំងក្នុងនិងក្រៅប្រទេស ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិត និងឆ្លាតវៃរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការនានា ដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ។
លោកបានគូសបញ្ជាក់បន្ថែមទៀតថា សុឆន្ទៈរបស់កម្ពុជាក្នុងដោះស្រាយការវិវាទដោយសន្តិវិធី មិនមានន័យថា ជាការដោះដូរសិទ្ឋអធិបតេយ្យក្នុងការការពារបូរណៈភាពដែនដីរបស់ខ្លួននោះទេ។ ថ្នាក់ដឹកនាំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស មានការប្តេជ្ញាខ្ពស់ និងត្រៀមលក្ខណៈជាស្រេចក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីមាតុភូមិ មិនឱ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រ។
ជាមួយគ្នានេះ លោកអនុប្រធានទី១ ក៏បានសម្តែងនូវការដឹងគុណ និងគារវកិច្ចដ៏ជ្រាលជ្រៅ ចំពោះ វីរភាពដ៏អង់អាចក្លាហាន មោះមុតដ៏គួរឱ្យកោតស្ញប់ស្ញែងរបស់វីរយុទ្ធជន ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី សូមតាមអភិបាលប្រោះព្រំ ឃុំគ្រងថែរក្សា និងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមព្រំដែន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ សូមទទួលបានសុខភាពល្អ និងអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
បន្ទាប់ពីសំណេះសំណាលជាមួយបងប្អូនភៀសសឹករួចមក ឯកឧត្តមអនុប្រធានទី១ គណៈប្រតិភូ និងថ្នាក់ដឹកនាំខេត្ត ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេ និងផ្លូវថ្នល់ ស្ថិតនៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីត្រៀមរៀបចំជួសជុលនៅពេលខាងមុខនេះ៕




